Connect with us

ព័ត៌មានជាតិ

កោះរ៉ុង​ល្បី​ដើមឈើឆ្នេរ​ឡុង​ប៊ិច ខណៈ​នៅ​សៀមរាប​​ផ្ទុះ​ចាប់អារម្មណ៍​ទេព​មច្ឆា​បាយ័ន​មុជទឹក​​ប្រលែង​ត្រី​

បានផុស

នៅ

ខណៈ​នៅ​កោះរ៉ុង​​មួយ​រយៈ​មុន​ផ្ទុះ​​ដើមឈើនៅ​ឆ្នេរឡងប៊ិច បាន​ក្លាយ​ជាទីទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅខេត្តព្រះសីហនុ​ ដោយ​ឡែក​នៅ​ខេត្ត​សៀមរាប​​កំពុង​ផ្ទុះ​ការ​ចាប់អារម្មណ៍​ក្រុម​សម្តែង​ទេព​មច្ឆា​​ ចុះ​ហែលទឹក​ប្រលែង​លេង​ជាមួយ​មច្ឆា​តូច​ធំ​ក្នុង​អាងទឹក​ដ៏ធំ​ ដែល​ផ្តល់​ចំណី​អារម្មណ៍​ថ្មី​សម្រាប់​ទេសចរទៅ​កម្សាន្ត។

នាង​ទេពមច្ឆា​នេះ​គឺជា​ក្រុម​សម្តែង​​​ប្រចាំ​នៅ​មជ្ឈមណ្ឌលអភិរក្សសត្វសមុទ្រ-ទឹកសាប អង្គរ វ៉ាយឡាយ & អឹឃ្វារីយ៉ូម (Angkor Wildlife & Aquarium) ក្នុង​ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ប្រភព​ពី​បុគ្គលិក​នៅមជ្ឍមណ្ឌលអភិរក្សសត្វព្រៃ អង្គរ វ៉ាយឡាយ & អឹឃ្វារីយ៉ូម (Angkor Wildlife & Aquarium) ខេត្ត​សៀមរាប​បាន​បញ្ជាក់​ថា កម្មវិធី​នាង​ទេព​មច្ឆា​​សម្តែងជាមួយ​សត្វត្រី​ក្នង​អាងហែលទឹក​ ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ទស្សនិកជន។

ប្រភពបានបន្ត​ថា ដំបូងឡើយកាលពីឆ្នាំ ២០២៥ ខាងសួនកម្សាន្តបានអញ្ជើញក្រុមសម្ដែងទេពមច្ឆាមកពីប្រទេសជិតខាងឱ្យមកសម្ដែងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។

ក្រោយ​មក​ដោយសារតែការ​ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ខណៈ​បុគ្គលិកខ្មែរដែលបម្រើការងារផ្ទាល់ក្នុងមជ្ឍមណ្ឌល​យល់ថា ខ្លួនមានសមត្ថភាពអាចសម្ដែងបានដូចគ្នា ក៏បានចាប់​ផ្ដើមហ្វឹកហាត់ដោយខ្លួនឯង។ ការសម្ដែងជាផ្លូវការបានចាប់ផ្តើម​នៅក្នុងខែ តុលា ឆ្នាំ២០២៥ ចំពេល​​ពិធីបុណ្យភ្ជុំបិណ្ឌ ដែល​នេះជាការបង្កើតក្រុមសម្ដែងនាងទេពមច្ឆាដែលជាកូនខ្មែរដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។

ក្នុ​ងដំណើរ​ចុះ​សិក្សា​​ពី​តំបន់បេតិកភណ្ឌ​ក្នុង​ទៅ​ខេត្ត​សៀមរាបកាលពីពេលថ្មីៗ​នេះ​ ក្រុម​អ្នក​សារព័ត៌មាន​​​បាន​ទៅដល់​ទីតាំង​សម្តែង​នាង​ទេពមច្ឆា ខណៈ​ដែល​​មាន​ទេសចរ​ជាច្រើន​កំពុង​ទស្សនា។ ក្រុម​សម្តែង​សុទ្ធ​តែ​កូន​ខ្មែរ​បានប្រាប់​ថា ការ​សម្តែង​នេះជួប​ការ​លំបាក​ខ្លះ​ដែរ ដោយសារ​​ត្រូវ​ការ​ទប់​ដង្ហើម​នៅ​ក្នុង​ទឹក​ឲ្យ​បានយូរ សម្រាប់ការ​សម្ដែង​ជូន​ទស្សនិកជន​ទស្សនា។

ក្រុមសម្តែងទេពមច្ឆាខ្មែរនៅ​អង្គរ វ៉ាយឡាយ & អឹឃ្វារីយ៉ូម

ការ​សម្តែង​ក៏​ត្រូវ​ការសម្របខ្លួន​ជាមួយ​សម្ពាធទឹក និង​សត្វត្រី និងត្រូវរៀនបច្ចេកទេសហែលទឹក ដើម្បី​កុំ​ឱ្យ​ត្រី​ផ្អើល។ លើស​ពីនេះក៏​ត្រូវរៀន​សម្របខ្លួនក្នុងការហែលជាមួយត្រីធំៗ ដូចជាត្រីរាជ និងត្​រីកូរាំងជាដើម។

យ៉ាងណាមិញ ក្រុម​អ្នក​សម្តែង​បាន​ប្រាប់​ថា សត្វត្រីនៅក្នុងអាងគឺ​ជាត្រីទឹកសាប​មក​ពីបឹងទន្លេសាប និង​ទន្លេ​មេគង្គ មិន​បង្កគ្រោះថ្នាក់ខ្លាំងដូចត្រីទឹកប្រៃ ដូចជាត្រីឆ្លាមដែលអាចខាំនោះទេ។ ប៉ុន្តែ​ហានិភ័យ​ធំ​បំផុត​គឺ​អាច​​ត្រី​ហែល​បុក ឬ​ប៉ះទង្គិចប៉ុណ្ណោះ ហើយ​ក៏ត្រូវ​ចេះ​របៀប​ដោះស្រាយ​ក្នុង​ស្ថានភាព ដូចជាពេលត្រីបុក ឬ​របូត​របាំង​មុខកំឡុងពេលសម្ដែង។

បើ​តាម​ក្រុម​អ្នក​សម្តែង​ ការ​សម្ដែង​កម្មវិធី​នីមួយៗ​ មានរយៈពេលប្រហែល ១៥ ទៅ ២០ នាទី ខណៈ​ការ​សម្ដែងត្រូវ​ធ្វើ​ឡើងនៅក្នុងអាង​ទឹកដែលមានជម្រៅប្រហែល ៣ ម៉ែត្រ ទៅ ៣.២៣ ម៉ែត្រ។

បច្ចុប្បន្ន ការសម្ដែង​នាង​ទេព​មច្ឆា​បាយ័ន​ធ្វើ​ឡើង​ជារៀងរាល់ចុងសប្តាហ៍ គឺ​ថ្ងៃសៅរ៍ និង​ថ្ងៃ​អាទិត្យ និង​​ថ្ងៃ​បុណ្យ​ជាតិ។ ក្នុងមួយថ្ងៃ​មាន ២ លើក គឺ​ពេលព្រឹក​ម៉ោង ១០:៣០ នាទី និង​ពេល​រសៀល​ម៉ោង ២:៣០ នាទី។

ប្រភព​ពី​អ្នក​គ្រប់គ្រង​នៅ​អង្គរ វ៉ាយឡាយ & អឹឃ្វារីយ៉ូម (Angkor Wildlife & Aquarium) បាន​បញ្ជាក់ថា ដំបូង​ឡើយ​ការ​រៀបចំ​ការ​សម្តែង​នា​ទេព​មច្ឆា​បាយ័ននេះ​ សម្ដែង​តែថ្ងៃបុណ្យ​ជាតិ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​សារ​មាន​ការ​សាកសួរ​រក​ពីភ្ញៀវទេសចរ​ច្រើន ទើប​សម្រេចចិត្ត​ដាក់​សម្ដែង​រៀង​រាល់​ចុង​សប្ដាហ៍។

បើ​តាម​ប្រភព​អ្នក​គ្រប់គ្រង ការ​សម្ដែង​នេះ​​ក៏​ជាចំណី​ចក្ខុ​ប្លែក​ថ្មីមួយ​ក្នុង​ប្រទេសកម្ពុជា និង​ជួយ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​មក​ក​ម្សាន្តនៅ​ខេត្ត​សៀមរាប ក្រៅ​ពី​ការ​ទៅទស្សនា​ប្រាសាទ​បុរាណ គឺ​ទេសចរ​អាច​មក​មើល​សត្វ​ត្រី​ដែល​កំពុង​អភិរក្ស និង​ទស្សនា​ការសម្ដែង​ដ៏​ជក់ចិត្ត​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម