Connect with us

ព័ត៌មានអន្ដរជាតិ

អានុទីន ថា មក​ពីរដ្ឋមន្ត្រី​អត់ចេះអួតស្នាដៃលើហ្វេសប៊ុក ដូចលោក ទើបរដ្ឋាភិបាល​ធ្លាក់​ប្រជាប្រិយភាព

បានផុស

នៅ

ក្រោយ​ពី​វិទ្យាស្ថានជាតិ NIDA បានទម្លាយការស្ទង់មតិថា ប្រជាប្រិយភាពរបស់រដ្ឋាភិបាល​ថៃបច្ចុប្បន្ន កំពុងតែដាំក្បាលចុះខ្លាំង លោកនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល បានចេញ​មុខ​ដោះសាប្រាប់អ្នកកាសែតថា ការស្ទង់មតិគ្រាន់តែជាកញ្ចក់ឆ្លុះមើលខ្លួនឯង ដើម្បីរកចំណុចខ្វះខាតប៉ុណ្ណោះ មិនមាន​អត្ថន័យ​អ្វី​សំខាន់​នោះ​ឡើយ។

លោក អានុទីន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​សារព័ត៌មាន Khaosod ចុះផ្សាយ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២៦ លោក អានុទីន នៅតែអួតការពារ​ខ្លួន​លោក​ថា សំឡេងគាំទ្រ​​បច្ចុប្បន្ន គឺ​នៅតែខ្ពស់ជាងកាលពីពេល​ដែល​លោកទើបចូលនយោបាយដំបូងៗ ដោយ​កាល​ណោះ​​មានត្រឹមតែ​ ២% នោះទេ។

វិទ្យាស្ថាន NIDA បាន​ឱ្យដឹងថា ការគាំទ្រ​របស់​លោក អានុទីន ធ្លាក់ចុះ​ប្រមាណ ៥% ពោល​គឺ​ពី​ ២៦% មកនៅត្រឹម ២១,៦៨% តិចជាង​បក្ស​ប្រជាជន ដែល​ជា​បក្ស​ប្រឆាំង មាន​សំឡេង​គាំទ្រ ២៦,០៨%។

ជំនួសឱ្យការទទួលខុសត្រូវរឿង​ធ្លាក់​ចុះ​ប្រជាប្រិយភាព លោក អានុទីន បែរជា​បន្ទោស​មន្ត្រី​ក្រោមឱវាទ​​ទៅវិញ។ លោក​បាន​​ដេញឱ្យរដ្ឋមន្ត្រីទាំងអស់ ទៅពង្រឹងការ​ផ្សព្វផ្សាយការងារតាមហ្វេសប៊ុក ដោយលោកយល់ថា កន្លងមកប្រជាជនមិនដឹង ព្រោះរដ្ឋមន្ត្រី​មួយៗ​មិនចេះអួត មិនមែនមកពីរដ្ឋាភិបាលធ្វើការមិនកើតនោះទេ។

អ្វីដែលធ្វើឱ្យគេហួសចិត្តថែមទៀតនោះ គឺនៅពេលអ្នកកាសែតសួរថា តើលោកហត់ទេដែលចេញមុខឆ្លើយគ្រប់រឿងតែ​​ម្នាក់ឯង លោក អានុទីន បានប្រាប់​ថា នេះក៏​ព្រោះតែ​អ្នកកាសែត​មួយ​ចំនួន ចូលចិត្ត​មករកតែ​​​លោក មិនទៅ​រក​រដ្ឋមន្ត្រី​ផ្សេងៗទៀត។ លោក អានុទីន បាន​អួត​ទៀត​​​ថា នេះ​​អាចមកពី​លោក​ស្រឡាញ់អ្នកកាសែតដូចបងប្អូន ហើយ​មានតែលោកម្នាក់គត់ដែលចេះចុះទៅអង្គុយញ៉ាំអី ជជែក​លេងជាមួយអ្នកកាសែតយ៉ាងស្និទ្ធស្នាល ទើបអ្នកកាសែតចោមរោមសួរតែលោក ហើយលោកនឹងដេញឱ្យរដ្ឋមន្ត្រីផ្សេងទៀតចេញមកធ្វើខ្លួនឱ្យស្និទ្ធស្នាលជាមួយអ្នកកាសែត ដូចរូបលោកដែរ។ លើស​ពី​នេះ​​ទៅ​ទៀត លោក អានុទីន ក៏​រៀបរាប់​ថា ពេលខ្លះ​លោកប្រញាប់ឡើងឡានមិនបានឆ្លើយសំនួរ​អ្នកកាសែត លុះចូលដល់​ក្នុង​​​ឡាន ​ក៏លួចជូតទឹកភ្នែកម្នាក់ឯង ព្រោះស្តាយក្រោយដែលនិយាយសម្តីមិនសូវផ្អែមល្ហែមដាក់​អ្នកកាសែត។

សូម​ជម្រាប​ថា ការធ្លាក់កូដរបស់រដ្ឋាភិបាល អានុទីន ត្រូវគេ​ដឹង​ថា កើតចេញពីភាពអសមត្ថភាព ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច ការកើនឡើងនៃតម្លៃទំនិញ និងអតិផរណាខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ មួយវិញទៀត រដ្ឋាភិបាលលោក អានុទីន ក៏បានរងការរិះគន់មិនតិច​នោះដែរ ជុំវិញរឿងអាស្រូវពុករលួយ ក្នុងការបន្លំពិន្ទុប្រឡងមន្ត្រីរាជការ និងការឆ្លើយតបមានភាពយឺតយ៉ាវ ចំពោះគ្រោះទឹកជំនន់ដ៏​កាចសាហាវ​នៅភាគខាងត្បូងផងដែរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម