Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិ​ស្ទុះងើបឡើងវិញ​ ក្រោយអាមេរិក​បើក​ការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់​

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិបានបន្តហក់ឡើង​ជិត ២% សម្រាប់ការជួញដូរនៅថ្ងៃពុធនេះ បន្ទាប់ពីសហរដ្ឋ​អាមេរិក​បើកការវាយប្រហារតាមអាកាសថ្មីប្រឆាំងអ៊ីរ៉ង់ ​ហើយ​​ដាក់ទណ្ឌកម្ម​ប្រេង​លើ​ប្រទេសនេះឡើងវិញ ដែលធ្វើឱ្យទីផ្សារព្រួយបារម្ភថា បទឈប់បាញ់រវាងភាគីទាំង២ អាចនឹងដួលរលំ ហើយការផ្គត់ផ្គង់ប្រេងពីមជ្ឈិមបូព៌ាអាចរងការរំខានជាថ្មី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តម្លៃប្រេងឆៅ ម៉ាក ​Brent បានកើនឡើង ១,៩% ដល់ ៧៥,៥៤ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៩ កន្លះព្រឹកនៅទីក្រុងហុងកុង ខណៈប្រេងអាមេរិក West Texas Intermediate (WTI) ​បាន​កើនឡើង ១,៩% ដល់ ៧១,៨១ ដុល្លារ/បារ៉ែល។

តម្លៃប្រេងទាំង២ បាន​ហក់ឡើងជាង ៣% ពេលបិទការជួញដូរនៅថ្ងៃអង្គារ បន្ទាប់ពីអាមេរិកដកការលើកលែងទណ្ឌកម្មប្រេងអ៊ីរ៉ង់ ​ក្រោយហេតុការណ៍វាយប្រហារលើនាវាពាណិជ្ជកម្ម ដែលគេចោទប្រកាន់អ៊ីរ៉ង់ថាជាអ្នកធ្វើ។

បន្ថែមពីនោះ អាមេរិកបានវាយប្រហារតាមអាកាសថ្មីលើអ៊ីរ៉ង់ ហើយ​បើតាមបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) ការវាយប្រហារនេះធ្វើឡើងជាការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាពាណិជ្ជកម្មចំនួន ៣ គ្រឿង ដែលកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស​ ដែលជាច្រកដឹកប្រេងដ៏សំខាន់បំផុតមួយរបស់ពិភព​លោក​។ ​

​អ្នកវិភាគទីផ្សារបានប្រាប់រ៉យទ័រថា ភាពតានតឹងថ្មី​បង្ហាញថា ការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស នៅតែមានភាពផុយស្រួយ។ ​ប្រសិនបើបញ្ហានេះបន្ត ​​ហើយ​​ចរាចរណ៍នាវាកាត់​តាមច្រកសមុទ្រដដែល​នៅតែមានតិចជាង ៥០% នៃកម្រិតមុនសង្គ្រាម នោះ​ការខ្វះខាតការផ្គត់ផ្គង់ប្រេងអាចជំរុញឱ្យតម្លៃប្រេងបន្តកើនឡើង។

គួរគូសបញ្ជាក់ថា ក្រោយអាមេរិក និងអ៊ីរ៉ង់ បានចុះកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែមុន តម្លៃប្រេងបានធ្លាក់ចុះវិញមកកម្រិតមុនសង្គ្រាម ដោយសារទីផ្សាររំពឹងថា ការផ្គត់ផ្គង់ប្រេងពីមជ្ឈិមបូព៌ានឹងកើនឡើង ហើយវិនិយោគិនជាច្រើនបាន​សង្ឃឹម​ថាតម្លៃប្រេងនឹងបន្តធ្លាក់ចុះ។

​ពាក់ព័ន្ធនឹងការវិវត្តចុងក្រោយ អ៊ីរ៉ង់​បានប្រកែកថាខ្លួនមិនមែនជាអ្នកទទួលខុសត្រូវលើ​ការវាយប្រហារលើនាវាពាណិជ្ជកម្មទាំង ៣ គ្រឿង​នោះទេ​ ប៉ុន្តែប្រទេសកាតាបានចោទប្រកាន់អ៊ីរ៉ង់ថាជាអ្នកនៅពីក្រោយ​ការវាយប្រហារនោះ ​​ដែលរួមបញ្ចូលទាំង​ការវាយប្រហារដោយ​ដ្រូន​លើនាវាដឹកឧស្ម័ន LNG របស់កាតា។

បច្ចុប្បន្ន អ៊ីរ៉ង់បានបញ្ជាឱ្យនាវាដឹកទំនិញ ប្រើប្រាស់ផ្លូវដែលនៅជិតឆ្នេរសមុទ្ររបស់ខ្លួន ជំនួសផ្លូវក្បែរប្រទេសអូម៉ង់ ខណៈ​អាមេរិក​ទទូចថា ច្រកសមុទ្រហ័រមូហ្ស គួរតែបើកចំហសម្រាប់ការធ្វើនាវាចរណ៍ដោយសេរី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម