Connect with us

ព័ត៌មានជាតិ

ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២២៥ គ្រួសារ នៅខេត្តកោះកុង ទទួលស្បៀងអាហារអំឡុងរដូវវស្សា

បានផុស

នៅ

អំឡុងពេលរដូវវស្សា ប្រជាពលរដ្ឋចំនួន ២២៥ គ្រួសារ មកពីក្រុងខេមរភូមិន្ទ និង ស្រុកមណ្ឌលសីមា ទទួលបានស្បៀងអាហារពីអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និង អភិវឌ្ឍន៍ សហការជាមួយនឹង សមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជាខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋចំនួន ១៤៩ គ្រួសារ មកពីក្រុងខេមរភូមិន្ទ និង ៧៦ គ្រួសារ មកពីស្រុកមណ្ឌលសីមា បានទទួលសម្ភារៈស្បៀងអាហារប្រើប្រាស់សម្រួលទុក្ខលំបាកប្រចាំថ្ងៃ ខណៈមានជីវភាពក្រីក្រខ្វះខាត។

លោកបណ្ឌិត រ៉ូស ម៉ាណសះរី ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានអង្គការមូលនិធិអាស៊ានដើម្បីការ និង អប់រំ និង អភិវឌ្ឍន៍ ថ្លែងក្នុងពិធីចែកកញ្ចប់អាហារ នៅភូមិ ៤ សង្កាត់ដងទង់ នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៦ ថា អង្គការ និង សមាគម តែងគិតគូរយកចិត្តទុកដាក់អំពីទុក្ខលំបាករបស់ពលរដ្ឋដែលជួបប្រទះកង្វះស្បៀងអាហារទើបនាំយកកញ្ចប់អាហារទាំងនេះមកផ្តល់ជូន។

លោក ម៉ាណសះរី បន្តថា ដើម្បីភាពសុខដុមរមនាក្នុងសង្គមកម្ពុជាតែមួយ គណៈអ៉ឹមំា និង អង្គការសមាគមខ្មែរឥស្លាមពាក់ព័ន្ធ បាននិងបំផុសស្មារតីចូលរូមអនុវត្តកម្មវិធីនយោបាយជាមួយរាជរដ្ឋាភិបាល ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និង ផ្សព្វផ្សាយអប់រំយល់ដឹងអំពីទំនៀមទម្លាប់សាសនាឥស្លាមបែបខ្មែរទាំងផ្នែកសីលធម៌ សុជីវធម៌ និង តម្លៃសាសនា ដល់ពលរដ្ឋក្នុងមូលដ្ឋាន។ ជាពិសេសដឹកនាំសាសនាឱ្យមានការរីកចម្រើន ព្រមទាំងពង្រឹងកិច្ចសហការទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្ត។

ដោយឡែក លោក ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានកោតសរសើរ និង ថ្លែងអំណរគុណ ដោយកន្លងទៅមក លោកសង្កេតឃើញថា អង្គការមូលនិធិអាស៊ានដើម្បីការអប់រំអភិវឌ្ឍន៍ បានជួយទៅដល់ប្រជាពលរដ្ឋដែលជួបទុក្ខលំបាកជាច្រើន បានផ្ដល់នូវថវិកាជូនចាស់ជរា សាងសង់វិហារ សាលារៀន និង ផ្ទះជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជាដើម។

បន្ថែមលើនេះ លោកក៏ជំរុញដល់ពលរដ្ឋខ្មែរឥស្លាម បន្តរួបរួមសាមគ្គីភាព ទំនាក់ទំនង និង ការអភិវឌ្ឍក្នុងសហគមន៍កាន់តែរីកចម្រើន ចៀសវាងមានការខ្វែងគំនិត និង បង្កសកម្មភាពមិនល្អក្នុងមូលដ្ឋានដែលនាំបែកបាក់ការឯកភាពគ្នា។ ខណៈអាកាសធាតុប្រែប្រួលអំឡុងរដូវវស្សា លោកប្រធានក្រុមប្រឹក្សាខេត្តកោះកុង ស្នើឱ្យមានការថែរក្សាសុខភាពឱ្យបានល្អប្រសើរ ប្រសិនបើមានជំងឺផ្សេងប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ និង កុំចេញទូកទៅនេសាទនៅសមុទ្រទាំងប្រថុយប្រថាន ព្រោះងាយនឹងជួបគ្រោះធម្មជាតិជាយថាហេតុ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម