ព័ត៌មានជាតិ
បណ្តាញក្រុមហ៊ុនបារាំងទាំងតូចទាំងធំប្រមាណ ២០០ កំពុងមានវត្តមានធ្វើអាជីវកម្មនៅកម្ពុជា
បណ្តាញក្រុមហ៊ុនបារាំងប្រមាណ ២០០ ក្រុមហ៊ុនកំពុងធ្វើអាជីវកម្មនៅកម្ពុជា រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់បារាំងធំៗចំនួន ៣៥ ទៀត ក៏កំពុងមានវត្តមានពង្រីកការវិនិយោគក្នុងប្រទេសកម្ពុជា។
ក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងកាលពីរសៀលម្សិលមិញនេះ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្ម និងទាក់ទាញវិនិយោគបានលើកឡើងពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចរវាងប្រទេសបារាំង និងកម្ពុជា។

លោក នីកូឡា ហ្វ័ររីស្យេ បានគូសបញ្ជាក់ថា ក្រុមហ៊ុនបារាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យជាច្រើនដូចជា ដឹកជញ្ជូន ថាមពល ហិរញ្ញវត្ថុ សុខាភិបាល ទេសចរណ៍ សណ្ឋាគារ និងសំណង់។
ពាក់ព័ន្ធទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគីរវាងប្រទេសបារាំងនិងកម្ពុជា លោក នីកូឡា ហ្វ័ររីស្យេ បានឲ្យដឹងថា បច្ចុប្បន្ននេះមានបណ្តាញក្រុមហ៊ុនបារាំងជាង ២០០ កំពុងពង្រីកអាជីវកម្មវិនិយោគនៅកម្ពុជា ក្នុងនោះក៏មានក្រុមហ៊ុនបុត្រសម្ព័ន្ធបារាំង ៣៥ ក្រុមហ៊ុន និងសហគ្រិនបារាំងផ្សេងទៀត។
លោកក៏បានរំលេចវត្តមានរបស់ក្រុមហ៊ុនបារាំង Vinci ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៃព្រលានយន្តហោះអន្តរជាតិតេជោថ្មីដ៏ប្រណីតផងដែរ។
ទំហំពាណិជ្ជកម្មរវាងប្រទេសបារាំង និងកម្ពុជាបានហក់ឡើងដល់ទៅ ១,៧៥ ពាន់លានអឺរ៉ូនៅឆ្នាំ ២០២៥ កើនឡើង ១៧,៥% ធៀបនឹងឆ្នាំ ២០២៤។
ការវិនិយោគផ្ទាល់ (FDI) ពីប្រទេសបារាំងបានឈាមដល់ ៦៩២ លានអឺរ៉ូ នៅចុងឆ្នាំ ២០២៤ កើនឡើង ២៥% ធៀបនឹងឆ្នាំ ២០២៣។
បារាំងនាំចូលផលិតផលជាច្រើនពីកម្ពុជារួមមាន ស្រូវ និងកង់។ រីឯបារាំងនាំចេញទៅកម្ពុជាវិញនូវ យន្តហោះ ផលិតផលកសិឧស្សាហកម្ម និងផលិតផលឱសថ។
ខណៈកម្ពុជាត្រៀមទទួលរៀបចំកិច្ចប្រជុំកំពូលអង្គការហ្រ្វង់កូហ្វូនី ដែលនឹងមានដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រនៃប្រធានាធិបតីបារាំងមកកម្ពុជា លោក នីកូឡា ហ្វ័ររីស្យេ គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីមានជំនួបជាច្រើនលើករវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ជាពិសេសរវាងប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាជាបន្តបន្ទាប់នៅទីក្រុងប៉ារីស និងនៅក្នុងក្របខណ្ឌក្រៅផ្លូវការនៃការប្រជុំអង្គការសហប្រជាជាតិស្ដីពីមហាសមុទ្រ រួមទាំងជំនួបជាមួយព្រះមហាក្សត្រព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ចំនួនពីរលើកកាលពីឆ្នាំ ២០២៣ និងឆ្នាំ ២០២៤។
បើតាមលោករដ្ឋមន្រ្តី ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងនៅខែវិច្ឆិកាខាងមុខនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សេនាប្រមុខ ហ្សាល ដឺហ្គោលកាលពី ៦០ ឆ្នាំមុន ដែលនឹងចូលរួមចំណែកពង្រឹងកិច្ចសហការជាដៃគូរវាងប្រទេសទាំងពីរ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


