Connect with us

ព័ត៌មានអន្ដរជាតិ

អង់​គ្លេស​ បារាំង​ និង​អាល្លឺម៉ង់ ​ចេញ​សារ​ថ្កោល​ទោស​​ដ៏​កម្រ​​លើ​ប្រទេស​អ៊ីរ៉ង់​

បានផុស

នៅ

មក​ទល់​ម៉ោង​នេះ​​ស្ថាន​ការណ៍​នៅ​មជ្ឈិម​បូព៌ា​​មិន​ទាន់​ធូរ​ស្បើយ​នៅ​​ឡើយទេ​​ ព្រោះ​ភាគី​អ៊ីរ៉ង់​នៅ​តែ​បន្ត​វាយ​ប្រហារ​កប៉ាល់ដែល​ខ្លួន​ចោទ​ថា ឆ្លង​កាត់​ច្រក​ហ័រ​មូស ដោយ​ខុសច្បាប់​​ ចំណែក​អាមេរិក​បាន​សងសឹកលើ​មូល​ដ្ឋាន​យោ​ធា​អ៊ីរ៉ង់​វិញ​ រុញ​​ជម្លោះ​ឱ្យ​កាន់​តែ​តាន​តឹង​។

នៅ​ថ្ងៃ​ចន្ទ​នេះ មហាអំណាច​​អឺរ៉ុប​​ រួម​មាន​​ ចក្រ​ភព​អង់គ្លេស បារាំង និង​អាល្លឺម៉ង់ បាន​ចេញ​សារ​ថ្កោលទោស​​ជាលើក​ដំបូង​ ចំពោះ​ការ​​វាយ​ប្រហារ​របស់អ៊ីរ៉ង់​លើ​នាវា​ដឹកជញ្ជូន​ពាណិជ្ជកម្ម​ក្នុង​ច្រក​សមុទ្រ​ហ័រ​មូស និងប្រទេស​ជិតខាង ដោយបញ្ជាក់​ជាថ្មីនូវការ​គាំទ្រ​លើ​សេរីភាពនៃការធ្វើ​នាវាចរណ៍ និងអំពាវនាវ​ឱ្យមានការ​វិល​ត្រឡប់​​ទៅរកបទឈប់បាញ់ និងការចរចា​ឡើង​វិញ​។ នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ Anadolu ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ។

នាវា​ដឹក​ជញ្ជូន​តាម​ច្រក​ហ័រ​មូស​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីថ្លែង​ការណ៍រួម​មួយដែលតំណាង​ ប្រទេស​ទាំងបី ដែល​ត្រូវបានគេស្គាល់ថា​ជា E3 បាន​ថ្កោលទោស ចំពោះការវាយប្រហារ​ដោយមិន​ប្រុងប្រយ័ត្ន​របស់អ៊ីរ៉ង់ ដែល​កំណត់គោលដៅលើនាវាពាណិជ្ជកម្ម និង​ប្រទេសនានាក្នុងតំបន់។

សេចក្តីថ្លែង​ការណ៍​រៀប​រាប់​ថា៖ « យើង​ថ្កោលទោស​ ចំពោះ​ការ​វាយ​ប្រហារ​ដោយមិនប្រុងប្រយ័ត្នរបស់​អ៊ីរ៉ង់លើ​​នាវា​ដឹកជញ្ជូនពាណិជ្ជកម្មក្នុងច្រកសមុទ្រហ័រមូស និងប្រទេសនានាក្នុងតំបន់ រួមទាំង​កាតា កូ​វ៉ែត បា​រ៉ែន អូម៉ង់ និងហ្ស៊កដានី»។

កិច្ច​ប្រជុំនៃ​ប្រទេស​ E3 បាន​សង្កត់ធ្ងន់ថា ការគោរពអធិបតេយ្យ​ភាព​លើដែនសមុទ្រ និងសេរីភាពនៃ​ការធ្វើនាវាចរណ៍ គឺជាគោលការណ៍​ជា​មូលដ្ឋាន​នៃច្បាប់អន្តរជាតិ។

ប្រទេសទាំងបី​ក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្រ​ ​​ចំពោះការបន្តយ៉ាងឆាប់​រហ័ស និងពេញលេញ​នៃការដឹកជញ្ជូនអន្តរជាតិ​​ឆ្លង​កាត់​​ច្រក​សមុទ្រ​ហ័រ​មូស​ឡើងវិញ​​ និង​​សម្តែងសាមគ្គី​ភាពពេញ​លេញ​ជាមួយ​ដៃគូ​ឈូងសមុទ្រ និង​ក្នុង​តំបន់​។

សេចក្តីថ្លែងការណ៍នេះ​បាន​អំពាវនាវបន្ថែមទៀត​ឱ្យមាន​ការបន្តនូវ​បទ​ឈប់បាញ់រវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ និងការចរចា​ដែលមានគោល​បំណង​បន្ធូរបន្ថយភាពតាន​តឹងក្នុងតំបន់​ឡើងវិញ៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម