ព័ត៌មានជាតិ
អភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
អភិបាលរងខេត្តបន្ទាយមានជ័យ លោក ឃ្លោក នួយ បញ្ជាក់ថា ជម្រកបណ្ដោះអាសន្នសម្រាប់ពលរដ្ឋភៀសសឹកស្នាក់នៅ ក្នុងភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមខែដំណាច់ខែកក្កដានេះ។ ការបញ្ជាក់នេះធ្វើឡើង ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ដែលបានចុះពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹកនៅ «ភូមិរង់ចាំ» ក្រោមការសម្របសម្រួលរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។

រាជរដ្ឋាភិបាលកម្ពុជា បានសាងសង់ជម្រកបណ្ដោះអាសន្នសរុប៣៣១៣ខ្នង នៅលើដីទំហំប្រមាណ៤០០ហិកតា សម្រាប់ទទួលប្រជាពលរដ្ឋភៀសសឹកចំនួន៣៣១៣គ្រួសារ មកពីតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ព្រមទាំងប្រជាពលរដ្ឋមកពីភូមិព្រៃចាន់ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងមួយផ្នែកនៃភូមិបឹងសុក្រម រងគ្រោះព្រោះការឈ្លានពាន វាយកម្ទេចផ្ទះសម្បែង រាយបន្លាលួស ដាក់ទូរកុងតឺន័រដោយយោធាថៃ។

បើតាមការបញ្ជាក់របស់លោក ឃ្លោក នួយ ការប្រគល់ជម្រកបណ្ដោះអាសន្នជូនពលរដ្ឋខ្មែររងគ្រោះព្រោះយោធាថៃឈ្លានពាន គឺធ្វើឡើងចំនួន២ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ មានប្រជាពលរដ្ឋភៀសសឹកចំនួន ២.៨០០គ្រួសារ មកពីស្រុកអូរជ្រៅ និងស្រុកថ្មពួក បានចូលទៅរស់ក្នុងផ្ទះបណ្ដោះអាសន្នតាំងពីខែមីនា ឆ្នាំ២០២៦ និងបានចាប់ផ្តើមប្រកបមុខរបរជាបណ្តើរៗ ចំណែកដំណាក់កាលទី២ គឺរៀបចំសាងសង់ផ្ទះចំនួន៥១៣ខ្នង ដើម្បីប្រគល់ជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៥១៣គ្រួសារបន្ថែមទៀត មកពីស្រុកអូរជ្រៅ និងស្រុកថ្មពួក។ បច្ចុប្បន្ននេះ ពលរដ្ឋ បាននិងកំពុងចាប់ផ្តើមចូលទៅរស់នៅក្នុងជម្រកបណ្តោះអាសន្នបណ្ដើរៗ ក្រោយអាជ្ញាធរបានរៀបចំការចាប់ឆ្នោតជ្រើសរើសផ្ទះ ដើម្បីធានាតម្លាភាព និងសមធម៌ក្នុងការបែងចែកលំនៅដ្ឋាន។
អភិបាលរងខេត្តបន្ទាយមានជ័យ សង្កត់ធ្ងន់ថា ៖ «ដំណាក់កាលទី១ មានការចាប់ឆ្នោតផ្ទះជូនប្រជាពលរដ្ឋចំនួន ២.៨០០គ្រួសារ ខណៈដំណាក់កាលទី២នេះ មានចំនួន ៥១៣គ្រួសារ ដែលបានចាប់ផ្តើមចូលរស់នៅជាបណ្តើរៗ ស្របពេលសំណង់លំនៅដ្ឋានកំពុងបន្តសាងសង់»។
លោកអភិបាលរង ឆ្លើយពន្យល់តបសំណួរអ្នកសារព័ត៌មានថា ស្របពេលផ្ទះមួយចំនួនមិនទាន់សង់រួចទាំងស្រុង សម្រាប់គ្រួសារដែលមិនទាន់ទទួលបានផ្ទះ ពួកគាត់កំពុងស្នាក់នៅជាមួយសាច់ញាតិ ឬមិត្តភក្តិជាបណ្តោះអាសន្នសិន នៅពេលផ្ទះសង់រួច ទើបចូលទៅរស់នៅ។
គួរឱ្យដឹងថឆា ប្រជាពលរដ្ឋភៀសសឹកម្នាក់ៗទទួលបានផ្ទះមួយខ្នង មានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ ស្ថិតលើក្បាលដីទំហំ ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ នៅក្នុង «ភូមិរង់ចាំ» ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ភូមិនេះមានសរុប ៦ភូមិ ចាប់ពីភូមិរង់ចាំទី១ ដល់ភូមិរង់ចាំទី៦។

លោក ឃ្លោក នួយ បានឱ្យដឹងបន្ថែមថា អាជ្ញាធរបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈនៅក្នុង «ភូមិរង់ចាំ» រួមមាន សាលារៀនចាប់ពីមត្តេយ្យសិក្សាដល់វិទ្យាល័យ មណ្ឌលសុខភាព ទីស្នាក់ការសន្តិសុខ និងផ្សារ ដើម្បីបំពេញតម្រូវការរស់នៅ និងប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ ដែលជាការប្រែក្លាយទៅជាសហគមន៍ថ្មីមួយ។
រាជរដ្ឋាភិបាលកម្ពុជា បន្តសាងសង់ជម្រកស្នាក់នៅបណ្តោះអាសន្ន ដើម្បីជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានដើមវិញបាន ស្របពេលកំពុងបន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ រាជរដ្ឋាភិបាល បានប្រកាសម្ដងហើយម្ដងទៀតថា កម្ពុជាមិនទទួលស្គាល់ដាច់ខាតចំពោះការកែប្រែខ្សែបន្ទាត់ព្រំដែនដោយប្រើប្រាស់កងកម្លាំងពីសំណាក់ភាគីថៃ៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


