Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តបាត់ដំបង ចុះជួសជុលស្ពានបេឡេត៍មួយកន្លែងក្រោយរងការខូចខាតដោយជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃមកនេះ

បានផុស

នៅ

ផ្លូវ និងស្ពានមួយកន្លែងនៅស្រុកសំឡូត ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីជំនន់ទឹកភ្លៀង ត្រូវបានប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ដឹកនាំកម្លាំងចុះធ្វើការជួសជុលជាបន្ទាន់ដើម្បីតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោក ព្រួញ រិទ្ធថា ទីប្រឹក្សាលោកឧបនាយករដ្ឋមន្ត្រី ស សុខា និងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានដឹកនាំក្រុមការងារបច្ចេកទេស និងគ្រឿងចក្រ ចុះត្រួតពិនិត្យ និងជួសជុល ក្បាលស្ពានបេឡេតិ៍ ត្រង់ចំណុចស្ពានអូរថ្ម ស្ថិតក្នុងភូមិអូរតាទៀក ឃុំតាតោក ស្រុកសំឡូត ដើម្បីភ្ជាប់ចរាចរណ៍ឡើងវិញ បន្ទាប់ពីមានការជន់លិចដោយជំនន់ទឹកភ្លៀង ហូរច្រោះ និងបានកាយផ្លូវវាងចេញ ដើម្បីរំដោះជំនន់ទឹកភ្លៀងដែលបានធ្លាក់ជាប់ៗគ្នា ធ្វើឱ្យខ្សែផ្លូវ ស្ពានរងការជន់លិចរយៈពេលខ្លី រំខានខ្លះដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

គួរបញ្ជាក់ដែរថា រយៈពេលប្រមាណជាងមួយសប្តាហ៍កន្លងមកនេះ នៅក្បាលស្ទឹងឯស្រុកសំឡូតមានការធ្លាក់ភ្លៀងជាប់ៗគ្នារយៈពេលវែងដែលធ្វើឲ្យទឹកជំនន់បានកើនឡើងយ៉ាងខ្លាំង តាមបណ្ដាអូរ និងស្ទឹង ដែលជាហេតុធ្វើឲ្យមានការលិចលង់ ដល់ចំការលំនៅដ្ឋាន ស្ពាន និងផ្លូវថ្នល់មួយចំនួនបង្កឲ្យមានការខូចខាតដែលមិនអាចឲ្យមានការធ្វើចរាចរណ៍បានឡើយ។ ហើយជំនន់ទឹកភ្លៀងនេះបានរាលដាលទៅលើឃុំជាច្រើនក្នុងស្រុកសំឡូតដូចជា ឃុំកំពង់ល្ពៅ ឃុំតាតោក ឃុំតាសាញ និងឃុំសំឡូត ជាដើម ពិសេសគឺលំនៅឋានប្រជាពលរដ្ឋដែលនៅជាប់ដងស្ទឹង ក៏ប្រឈមទៅនឹងការលិចលង់ផងដែរ។

យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរស្រុកសំឡូតបានបញ្ជាក់ថា មកទល់នឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ទឹកនៅតាមបណ្ដាអូរ ព្រែក បានស្រកចុះជាបណ្ដើរៗហើយ ដោយឡែកទឹកនៅក្នុងស្ទឹងនៅកំពុងជន់ជោរនៅឡើយ ដោយសារតែកម្លាំងទឹកហូរខ្លាំង ទើបតម្រូវឲ្យមន្ត្រីជំនាញនៃមន្ទីរធនធានទឹកនិងឧតុនិយមបានធ្វើការបើកទ្វារទឹកនៅទំនប់ពហុបំណង (សេកសក) ដែលស្ថិតក្នុងស្រុករតនៈមណ្ឌលដើម្បីទម្លាក់ការច្រាលទឹកនៅលើទំនប់នេះទៅតាមស្ទឹងសង្កែ។ 

នៅក្នុងសកម្មភាពជួសជុលស្ពានដែលខូចខាតយ៉ាងធ្ងន់ធ្ងរនេះ គឺបានរួចរាល់នៅក្នុងថ្ងៃដដែល ដោយលោកប្រធានមន្ទីរ បានបញ្ជាឲ្យកាយផ្លូវវាងចេញវិញ ពេលនេះទឹកបានស្រកខ្លះ ខណៈដែលភ្លៀងនៅបន្តរលឹមឥតដាច់គ្រាប់ ព្រមទាំងបាននិងកំពុងបន្តតាមដានស្ថានភាពទឹក និងត្រៀមខ្លួនជានិច្ចជាមួយអាជ្ញាធរ និងកម្លាំងអន្តរាគមន៍ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម