Connect with us

ព័ត៌មានអន្ដរជាតិ

លោក ណេតាន់យ៉ាហ៊ូ ព្រមាន វាយប្រហារ​អ៊ីរ៉ង់​យ៉ាង «ចាស់ដៃបំផុត» បើអ៊ីរ៉ង់​​ហ៊ាន​ប៉ះ​​អ៊ីស្រាអែល​​​ទៀត​​

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃទី១៤ ខែកក្កដា បាន​បង្ហាញ​ជំហរ​យ៉ាងម៉ឺងម៉ាត់ ថា នឹងវាយប្រហារតបតវិញយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់ ហ៊ានបើកការវាយប្រហារថ្មីណាមួយមកលើប្រទេសរបស់លោក។

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបភាព៖REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារ AFP, នៅក្នុងសន្និសីទមួយដែលធ្វើឡើងនៅក្នុងទីក្រុង Dimona ​នៅ​ភាគខាងត្បូង​អ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ បានថ្លែងថា៖ «ខ្ញុំសូមប្រាប់ទៅកាន់ក្រុមមេដឹកនាំអ៊ីរ៉ង់ថា កុំសង្ឃឹមថាស្ថានការណ៍នឹងមានភាពស្ងប់ស្ងាត់ឲ្យសោះ ប្រសិនបើអ្នកវាយប្រហារមកលើពួកយើង»។

លោក ណេតាន់យ៉ាហ៊ូ បានបន្ថែមថា៖ «ពេលវេលាដែលនរណាម្នាក់វាយប្រហារយើង ហើយយើងមិនវាយ​បក​វិញ​យ៉ាងចាស់ដៃនោះ គឺត្រូវបានបញ្ចប់ហើយ»។ លោក បានបញ្ជាក់ទៀតថា «ការវាយប្រហារតបតនាពេលខាងមុខ នឹងមានកម្លាំងខ្លាំងក្លាជាងការវាយប្រហាររួមគ្នាដែលធ្វើឡើងជាមួយសម្ព័ន្ធមិត្តសំខាន់គឺសហរដ្ឋអាមេរិក កាលពីដើមឆ្នាំនេះទៅទៀត»។

យោងតាមវីដេអូដែលចេញផ្សាយដោយការិយាល័យរបស់លោក នាយករដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ដោយរំលឹកទៅដល់ការវាយប្រហារលើអ៊ីរ៉ង់កាលពីលើកមុនថា «កុំរំពឹងថានឹងមានរឿងដដែលៗកើតឡើងឲ្យសោះ។ ព្រោះវានឹងមិនមែនជាការវាយប្រហារដូចមុនឡើយ ដែលកាលនោះវាមានកម្លាំងខ្លាំងក្លាខ្លាំងណាស់ទៅហើយ។ ប៉ុន្តែលើកនេះ វានឹងក្លាយជាព្រឹត្តិការណ៍ខុសប្លែកពីមុន និងមានកម្លាំងបំផ្លិចបំផ្លាញខ្លាំងជាងមុនឆ្ងាយណាស់»។

ការគំរាមកំហែងរបស់មេដឹកនាំអ៊ីស្រាអែល ធ្វើឡើងចំពេលដែលអាមេរិកបានបើកការវាយប្រហារថ្មីៗជាបន្តបន្ទាប់លើអ៊ីរ៉ង់ ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាថា នឹងដាក់ទណ្ឌកម្មបិទផ្លូវសមុទ្រ លើកំពង់ផែនានារបស់អ៊ីរ៉ង់ឡើងវិញ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃអង្គារ ការវាយប្រហាររបស់អាមេរិកក៏បានវាយប្រហារចំទីក្រុងកំពង់ផែ Bushehr របស់អ៊ីរ៉ង់ ដែលជាទីតាំងរោងចក្រនុយក្លេអ៊ែរស៊ីវិលតែមួយគត់របស់ទីក្រុងតេហេរ៉ង់ផងដែរ។ ដើម្បីជាការសងសឹកទៅនឹងការវាយប្រហាររបស់អាមេរិកដែលបានចាប់ផ្តើមកាលពីបីថ្ងៃមុន អ៊ីរ៉ង់បានបាញ់បង្ហោះគ្រាប់មីស៊ីលតម្រង់ទៅកាន់ប្រទេសជាច្រើននៅក្នុងតំបន់៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម