Connect with us

ព័ត៌មានជាតិ

គ្រូកំណែវិញ្ញាសា ណែនាំសិស្សពីវិធីសាស្ត្រ និងចំណុចគួរជៀសវាងក្នុងការសរសេរតែងសេចក្តី ពេលប្រឡងបាក់ឌុប

បានផុស

នៅ

ស្របពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាន់តែខិតជិតមកដល់ លោក យូ សុភា សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាសមាជិកក្រុមកំណែមុខវិជ្ជាភាសាខ្មែរ បានចែករំលែកគន្លឹះសំខាន់ៗសម្រាប់ការសរសេរតែងសេចក្តី ដោយណែនាំឱ្យសិស្សយកចិត្តទុកដាក់លើ សេចក្តីផ្តើម តួសេចក្តី និងសេចក្តីបញ្ចប់ ព្រមទាំងការគ្រប់គ្រងពេលវេលាសរសេរឱ្យមានប្រសិទ្ធភាព ក្នុងពេលប្រឡង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. កំហុសអ្វីដែលសិស្សជួបញឹកញាប់ពេលតែងសេចក្តី? គួរជៀសវាងបែបណា?
ផ្អែកលើបទពិសោធជាគ្រូកំណែវិញ្ញាសាភាសាខ្មែរ សម្រាប់ការប្រឡងបាក់ឌុប លោក យូ សុភា សង្កេតឃើញថា កំហុសដែលសិស្សជួបប្រទះញឹកញាប់បំផុត គឺការសរសេរសេចក្តីផ្តើមមិនមានភាពស៊ីសង្វាក់គ្នា ខុសអក្ខរាវិរុទ្ធ និងការលើកយកឧទាហរណ៍មកគាំទ្រគំនិតក្នុងប្រធានបទ។ ដើម្បីជៀសវាងបញ្ហាទាំងនេះ លោកបានណែនាំដូចខាងក្រោម៖

សេចក្តីផ្តើម ៖ ត្រូវធានាថា ខ្លឹមសារនៃផ្នែកទាំងបី រួមមាន លំនាំបញ្ហា ចំណូលបញ្ហា និងចំណោទបញ្ហា ផ្សារភ្ជាប់គ្នា មានលំដាប់លំដោយ និងស៊ីសង្វាក់គ្នា ជៀសវាងការសរសេរលំនាំ ចំណូល និងចំណោទដែលមិនទាក់ទងគ្នា។

តួសេចក្តី ៖ ច្រើនតែមានកំហុសក្នុងការលើកឧទាហរណ៍យកមកបង្ហាញ ដោយសិស្សខ្លះលើកតែមួយរឿងប៉ុណ្ណោះ មកបកស្រាយ។ លោកថា ទោះជាបកស្រាយលម្អិតយ៉ាងណាក៏ដោយ ល្អបំផុតគឺលើកយកឧទាហរណ៍ប្រមាណ ៤ ទៅ ៥ រឿង ដើម្បីគាំទ្រគំនិតក្នុងប្រធានបទ និងមិនគួរសរសេរសង្ខេបរឿងទាំងមូលឡើយ។

– តួសេចក្តី៖ លោកក៏បានកត់សម្គាល់ថា សិស្សជាច្រើននៅតែមានកំហុសក្នុងការលើកយកឧទាហរណ៍ដើម្បីអះអាង ដោយអ្នកខ្លះលើកតែរឿងមួយ ហើយបកស្រាយយ៉ាងលម្អិត។ លោកបញ្ជាក់ថា ទោះបីបកស្រាយបានល្អយ៉ាងណាក៏ដោយ សិស្សគួរលើកយកឧទាហរណ៍ប្រមាណ ៤ ទៅ ៥ រឿង ដើម្បីគាំទ្រគំនិតក្នុងប្រធានបទ ហើយមិនគួរសរសេរសង្ខេបសាច់រឿងទាំងមូលឡើយ។

ខុសឈ្មោះតួអង្គ និងច្រឡំសាច់រឿង ៖ នេះក៏ជាកំហុសមួយដែលធ្វើឱ្យបាត់បង់ពិន្ទុផងដែរ។ ឧទាហរណ៍ ក្នុងរឿង «កុលាបប៉ៃលិន» បែរជាសរសេរឈ្មោះតួអង្គថា ប៊ុនធឿន ឬរឿង «ព្រះអាទិត្យថ្មីរះលើដែនដីចាស់» ដាក់ឈ្មោះ ចៅចិត្រ ទៅវិញ។ ត្រង់ចំណុចនេះ លោកណែនាំឱ្យសិស្សអានអក្សរសិល្ប៍ឱ្យចេះចាំ ស្គាល់ឈ្មោះតួអង្គឱ្យបានច្បាស់ មិនថាបញ្ហារឿង និងដំណើររឿងពីដើមដល់ចប់។

សាស្ត្រាចារ្យរូបនេះ បន្ថែមដែរថា សរសរកាន់តែវែងកាន់តែល្អ អាចក្នុងរង្វង់ ៧ទំព័រ ប៉ុន្តែត្រូវធានាថាមិនចាកប្រធានបទ ហើយគោរពតាមទម្រង់តែងសេចក្តីបានត្រឹមត្រូវ និងលើកយកឧទាហរណ៍ពាក់ព័ន្ធមកគាំទ្រគំនិតឱ្យបានគ្រប់គ្រាន់។ ផ្ទុយទៅវិញ បើខ្វះចំណុចសំខាន់ណាមួយ ឬសរសេរសេចក្តីបញ្ចប់មិនពេញលេញ ពិន្ទុក៏នឹងថយទៅតាមនោះដែរ។

២. ធ្វើយ៉ាងណា ដើម្បីគ្រប់គ្រងពេលវេលាតែងសេចក្តីឱ្យបានល្អ?
លោក យូ សុភា ណែនាំថា ការបែងចែកពេលវេលាឱ្យបានច្បាស់លាស់ គឺជាគន្លឹះសំខាន់ដើម្បីជៀសវាងការសរសេរមិនទាន់ពេល ធ្វើឱ្យបាត់បង់ពិន្ទុ។ ហេតុនេះ លោកបានផ្តល់យុទ្ធសាស្ត្រដូចខាងក្រោម៖

នៅសល់ ២០ នាទីចុងក្រោយ ៖ មិនចាំបាច់រកនឹកឃើញឧទាហរណ៍ថែមទៀតទេ។ ប្រសិនបើលើកឧទាហរណ៍បាន ៣ រឿងរួចហើយ ហើយទើបនឹកឃើញរឿងទី៤ គួរសរសេរខ្លីៗល្មម ដើម្បីទុកពេលហោចណាស់ ១៥នាទីដើម្បីបញ្ចប់។

– ទុកពេល ១៥ នាទីចុងក្រោយ ៖ ត្រូវឈប់លើកឧទាហរណ៍បន្ថែមទៀត ហើយងាកមកសរសេរសរុបសេចក្តី ដោយប្រើពេលត្រឹម ៥ នាទី និងទុកពេល ១០នាទីសម្រាប់សរសេរសេចក្តីបញ្ចប់។

បើតាមការគូសបញ្ជាក់ សិស្សជាច្រើនខិតខំសរសេរតួសេចក្តីឱ្យវែង ប៉ុន្តែបែរជាអស់ពេល មិនបានសរសេរសេចក្តីបញ្ចប់ ឬសរសេរមិនពេញលេញ ដែលជាមូលហេតុធ្វើឱ្យបាត់បង់ពិន្ទុច្រើន។ ដូច្នេះ ការបោះបង់ការបន្ថែមឧទាហរណ៍មួយចុងក្រោយ ដើម្បីយកពេលមកបំពេញ សរុបសេចក្តី និង សេចក្តីបញ្ចប់ ឱ្យបានពេញលេញ គឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃ ដែលអាចជួយឱ្យសិស្សទទួលបានពិន្ទុសរុបខ្ពស់ជាង៕

ផ្តល់បទសម្ភាសដោយ ៖ អ៊ុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម