Connect with us

ព័ត៌មានជាតិ

កញ្ញា ព្រាប ច័ន្ទថារីទ្ធ ជាស្ត្រីខ្មែរដំបូងគេ បញ្ចប់ការសិក្សាជំនាញ សេដ្ឋកិច្ចនយោបាយ ពីសាកលវិទ្យាល័យការទូតដ៏ល្បីរបស់រុស្ស៊ី

បានផុស

នៅ

ស្របពេលដែលការទូតកំពុងក្លាយជាយុទ្ធសាស្ត្រអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងកិត្យានុភាពជាតិ ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិនាពេលបច្ចុប្បន្ននេះ កញ្ញា ព្រាប ច័ន្ទថារីទ្ធ ជាស្ត្រីខ្មែរដំបូងគេ ដែលបានបញ្ចប់ការសិក្សាជំនាញ សេដ្ឋកិច្ចនយោបាយ (Political Economy) ពីសាកលវិទ្យាល័យ MGIMO ដែលជាសាកលវិទ្យាល័យការឈានមុខគេ របស់សហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលើពិភពលោក ក្នុងវិស័យការទូត ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច និងនយោបាយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានចូលរួមអបអរសាទរចំពោះកញ្ញា ព្រាប ច័ន្ទថារីទ្ធ ដែលបានបញ្ចប់កម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេលពីរឆ្នាំ ផ្នែកសេដ្ឋកិច្ចនយោបាយ (Political Economy) នៃកម្មវិធីភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន–រុស្ស៊ី ពីសាកលវិទ្យាល័យ MGIMO (Moscow State Institute of International Relations) នាទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី។

សមិទ្ធផលនេះ ត្រូវបានចាត់ទុកថាជាមោទនភាពមួយសម្រាប់កម្ពុជា និងជាសក្ខីភាពបង្ហាញថា យុវជនកម្ពុជា ជាពិសេសយុវនារី មានសមត្ថភាពប្រកួតប្រជែង និងទទួលបានជោគជ័យនៅក្នុងបរិយាកាសសិក្សាអន្តរជាតិដ៏មានស្តង់ដារខ្ពស់។ ជាក់ស្តែង កញ្ញា ព្រាប ច័ន្ទថារីទ្ធ គឺជាស្ត្រីខ្មែរដំបូងគេក្នុងទសវត្សរ៍ថ្មីនេះ ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យដ៏មានកិត្យានុភាពរបស់សហព័ន្ធរុស្ស៊ីមួយនេះ ខណៈសមិទ្ធផលនេះ ថែមទាំងបង្ហាញពីការរីកចម្រើន និងការកើនឡើងនៃវត្តមានស្ត្រីកម្ពុជានៅក្នុងវិស័យអន្តរជាតិ ការទូត និងសេដ្ឋកិច្ចសកលផងដែរ។

បង្កើតឡើងក្នុងឆ្នាំ១៩៤៤ MGIMO គឺជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេរបស់សហព័ន្ធរុស្ស៊ី លើវិស័យការទូត ទំនាក់ទំនងអន្តរជាតិ ច្បាប់ សេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ និងភាសាបរទេស។ ក្នុងរយៈពេលប្រមាណជាជាង ៨ ទសវត្សរ៍កន្លងមកនេះ MGIMO បានក្លាយជាកន្លែងបណ្តុះបណ្តាលអ្នកការទូត មេដឹកនាំនយោបាយ និងអ្នកជំនាញកិច្ចការអន្តរជាតិដ៏លេចធ្លោមួយរបស់ពិភពលោក។

ក្នុងចំណោមអតីតនិស្សិតរបស់ MGIMO មានថ្នាក់ដឹកនាំ និងឥស្សរជនអន្តរជាតិជាច្រើន រួមមាន លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់, លោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន និងលោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងអ្នកការទូតជាច្រើនរូបមកពីបណ្តាប្រទេសផ្សេងៗ។

សម្រាប់កម្ពុជា MGIMO ក៏បានរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សជំនាញជាន់ខ្ពស់ផងដែរ។ ក្នុងចំណោមអតីតនិស្សិតកម្ពុជារបស់សាកលវិទ្យាល័យនេះ មាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានបញ្ចប់ការសិក្សាពី MGIMO និងបានក្លាយជាថ្នាក់ដឹកនាំដ៏សំខាន់មួយក្នុងការអភិវឌ្ឍធនធានមនុស្ស និងការធ្វើកំណែទម្រង់វិស័យអប់រំរបស់កម្ពុជា។

សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី គូសបញ្ជាក់ដែរថា ក្នុងអំឡុងពេលសិក្សា កញ្ញា ព្រាប ច័ន្ទថារីទ្ធ បានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីអន្តរជាតិ វេទិកាយុវជន និងសកម្មភាពផ្លាស់ប្តូរបទពិសោធជាច្រើន ទាំងនៅសហព័ន្ធរុស្ស៊ី បណ្ដាប្រទេសអឺរ៉ុប និងកម្ពុជា។ ជាពិសេស កញ្ញាបានចូលរួមក្នុងវេទិកា និងកម្មវិធីអន្តរជាតិសំខាន់ៗជាច្រើន ដែលផ្តោតលើកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហព័ន្ធរុស្ស៊ី រួមទាំងសកម្មភាពក្រោមក្របខណ្ឌ កិច្ចប្រជុំកំពូលអាស៊ាន–រុស្ស៊ី ឆ្នាំ២០២៦។

កម្មវិធីទាំងនេះបានផ្តល់ឱកាសឱ្យកញ្ញាផ្លាស់ប្តូរបទពិសោធជាមួយយុវជន អ្នកស្រាវជ្រាវ និងអ្នកជំនាញមកពីបណ្តាប្រទេសជាច្រើន ព្រមទាំងពង្រឹងការយល់ដឹងអំពីកិច្ចសហប្រតិបត្តិការតំបន់ និងទំនាក់ទំនងយុទ្ធសាស្ត្ររវាងអាស៊ាន និងសហព័ន្ធរុស្ស៊ី។

សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី បានបង្ហាញការជឿជាក់ថា កញ្ញា ព្រាប ច័ន្ទថារីទ្ធ នឹងយកចំណេះដឹង និងបទពិសោធដែលទទួលបាន មករួមចំណែកអភិវឌ្ឍធនធានមនុស្ស ពង្រឹងវិស័យសេដ្ឋកិច្ច និងការទូត ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ីឱ្យកាន់តែរឹងមាំ និងរីកចម្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម