Connect with us

ព័ត៌មានអន្ដរជាតិ

តួលេខមនុស្សស្លាប់ ក្នុងសោកនាដកម្មភ្លើងឆេះក្លឹបនៅថៃ បន្តកើន ច្រើនទៅៗ

បានផុស

នៅ

តួលេខមនុស្សស្លាប់ ដោយសារភ្លើងឆេះក្លឹបនៅប្រទេសថៃ ចេះតែកើនច្រើនទៅៗហើយ ខណៈមនុស្សម្នាក់ទៀត ត្រូវបានប្រកាសថា ស្លាប់ រុញតួលេខមនុស្សបាត់បង់ជីវិត ក្នុងហេតុការណ៍ដ៏សាហាវ កាលពីអធ្រាត្រថ្ងៃអាទិត្យ ឈានចូលថ្ងៃចន្ទ ឡើងដល់ ៣៣នាក់។

(រូប៖ Reuters)

តាមការផ្សាយរបស់ Amarin TV នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ , មនុស្សម្នាក់ចុងក្រោយ មានឈ្មោះ Din ជាតារាចម្រៀង ត្រូវបញ្ជាក់ថា ស្លាប់នៅមន្ទីរពេទ្យ ដោយសារតែរបួសរលាកភ្លើង ធ្ងន់ធ្ងរហួសកម្រិត។

ក្រៅពីមនុស្សស្លាប់ទាំង ៣៣នាក់នេះហើយ មន្ត្រីថៃ ព្រមានថា តួលេខអាចហក់ឡើងជាបន្តទៀត ព្រោះនៅមានអ្នករបួស ១៦នាក់ កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ទាំងដែលមានសង្ឃឹមរស់តិច។

(រូប៖ Reuters)

ជុំវិញរឿងនេះដែរ បើតាមការឲ្យដឹងពីប៉ូលិសថៃ, សពមនុស្ស ៣១នាក់ ត្រូវបានបញ្ជាក់អត្តសញ្ញាណរួចហើយ និងបានបញ្ជូនទៅកាន់ក្រុមគ្រួសាររបស់ពួកគេ រួចស្រេច។

សូមជម្រាបជាថ្មី គ្រោះអគ្គិភ័យ បានឆាបឆេះក្លឹបកម្សាន្ត Rong Beer Na Ladphraoក្បែរផ្លូវ Soi Lat Phrao លេង 1 ក្នុងខ័ណ្ឌចតុចក្រ ទីក្រុងបាងកក នាវេលាម៉ោង ១២:០២ រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ សម្លាប់មនុស្ស ២៧នាក់ភ្លាមៗនៅនឹងកន្លែង។

(រូប៖ Reuters)

ក្រុមពន្លត់អគ្គិភ័យ បានឲ្យដឹងថា មានមនុស្សប្រហែល ៣០០នាក់ នៅក្នុងក្លឹប ពេលភ្លើងចាប់ផ្តើមឆាបឆេះ ខណៈមនុស្សស្លាប់ភាគច្រើន គឺបណ្តាលមកពីថប់ដង្ហើមព្រោះផ្សែង។

តាមការសន្និដ្ឋានជាបឋម, អគ្គិភ័យនេះ អាចបណ្តាលមកពីការទុស្សេ ព្រោះគេឃើញមានភ្លើងឆេះចេញពីប្រអប់ឌីសង់ទ័រ កន្លែងឆាកតន្ត្រី រួចក៏ដាច់ចរន្តអគ្គិភ័យ ហើយលាន់ស្នូរផ្ទុះទៀត៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម