ព័ត៌មានជាតិ
ស្វែងយល់ពី RPL៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរពីប្រទេសថៃ
យោងតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យលើកទឹកចិត្តដល់អតីតពលករខ្មែរមកពីប្រទេសថៃ ដើម្បីទទួលបានការទទួលស្គាល់ជំនាញជាផ្លូវការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំការវាយតម្លៃទទួលស្គាល់ជំនាញពីមុន(RPL) ដោយឥតគិតថ្លៃលើ ៨មុខជំនាញក្នុងវិស័យសំណង់ចាប់ពីខែមេសា ឆ្នាំ២០២៦តទៅ។

RPL គឺមកពីពាក្យពេញជាភាសាខ្មែរថា «កម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន ហៅកាត់ថា RPL ហើយជាភាសាអង់គ្លេសហៅថា «Recognition of Prior Learning (RPL)» គឺសំដៅដល់ការទទួលស្គាល់ និងផ្តល់សុពលភាពលើសមត្ថភាពសម្រាប់គោលបំណងនៃការធ្វើវិញ្ញាបនប័ត្រ ដែលបានពីក្រៅប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលផ្លូវការ។

បើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា ចំពោះអត្ថប្រយោជន៍របស់ RPL គឺទទួលស្គាល់ចំណេះជំនាញ និងបទពិសោធន៍របស់អតីតពលករខ្មែរដែលធ្លាប់ធ្វើការងារក្នុងវិស័យសំណង់លើ ៨មុខជំនាញ ដើម្បីជួយពួកគាត់មានភាពងាយស្រួលក្នុងការស្វែងរកការងារសមរម្យ និងទទួលបានប្រាក់ចំណូលល្អប្រសើរ។
លោកបន្តថា កម្មវិធីនេះផ្ដល់វិញ្ញាបនប័ត្របញ្ជាក់ជំនាញដល់អតីតពលករ ក៏ជាផ្នែកមួយជួយដល់វិស័យឯកជនក្នុងការលើកកម្ពស់គុណភាពកម្លាំងពលកម្មក្នុងវិស័យសំណង់ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ លើសពីនេះ វិស័យឯកជន ក៏ទទួលបានបុគ្គលិកដែលមានជំនាញច្បាស់លាស់ ត្រឹមត្រូវតាមស្តង់ដា និងមានការទទួលស្គាល់ជាផ្លូវការពីស្ថាប័នរដ្ឋ។

មុខជំនាញទាំង៨ ដែលត្រូវបានទទួលស្គាល់រួមមាន ការងារកំបោរ (រៀបឥដ្ឋនិងបូក), ការងារការ៉ូ, ការដំឡើងពុម្ព, ការដំឡើងបណ្តាញបំពង់ទឹក, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការងាររន្ទា, ការដំឡើងសរសៃដែក និងការផ្សារអគ្គិសនី ដែលជាជំនាញមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារនៅកម្ពុជា។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា។
អ្នកនាំពាក្យរូបនេះបន្ថែមថា៖«ខ្ញុំនៅតែអំពាវនាវដល់បងប្អូនអតីតពលករដែលត្រឡប់មកវិញ រួសរាន់មកចុះឈ្មោះវាយតម្លៃជំនាញដោយឥតគិតថ្លៃ ដើម្បីទទួលបានវិញ្ញាបនបត្រផ្លូវការ ក្នុងការប្រលូកចូលក្នុងទីផ្សារការងារក្នុងស្រុកប្រកបដោយភាពជឿជាក់ ប្រើប្រាស់លទ្ធផលនៃការវាយតម្លៃនេះ»។

ចំពោះការធ្វើតេស្ដនេះ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពទាំង៩ រួមមាន៖ ១-វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC), ២-វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI), ៣-វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI), ៤-វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម(ITI), ៥-វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ(NPIA) នៅខេត្តសៀមរាប, ៦-វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង(RPITSSR) នៅខេត្តស្វាយរៀង, ៧-វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង(BIT) នៅខេត្តបាត់ដំបង, ៨-វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ (PIBMC) ខេត្តបន្ទាយមានជ័យ, និង ៩-វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ(RPITST) ខេត្តតាកែវ៕


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


