Connect with us

កីឡា

គោរមៈ ចាន់រាជ្យ ចេញទៅ Knock Out លើកដំបូង ជួប ម្ចាស់ខ្សែក្រវាត់ K-1 ធ្លាប់ប្រកួតជាមួយ Takeru

បានផុស

នៅ

អ្នកលេងគុនខ្មែរវ័យក្មេង គោរមៈ ច័ន្ទរាជ្យ នឹងត្រូវជួបជាមួយកីឡាករ Leona Pettas ដែលជាកីឡាករឃីកបុកស៊ីងជើងចាស់សម្បូរបទពិសោធម្នាក់របស់ ជប៉ុន សម្រាប់ការចេញទៅប្រកួតនៅសង្វៀន Knock Out លើកដំបូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញទៅសង្វៀន Knock Out នាថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២៦ ខាងមុខ គឺមិនមែនមានតែ គោរមៈ ច័ន្ទរាជ្យ ម្នាក់នោះទេ ប៉ុន្តែនៅមានកីឡាករបងប្អូនត្រកូល អេ ២ នាក់ទៀត រួមមាន អេ អាំម៉ារីនភូថង និងម៉ឺន មេឃា។ គូប្រកួតក៏បានប្រកាសរួចរាល់ហើយដែរ ក្នុងនោះ អាំម៉ារីន ត្រូវជួបកីឡាករ Terushima Hikaru និងម៉ឺន មេឃា ត្រូវជួប Rikito។

គូប្រកួតនីមួយៗសុទ្ធតែចាប់អារម្មណ៍ ប៉ុន្តែគូ ដែលចាប់អារម្មណ៍ជាងគេ គឺជាការប្រកួតរវាងពន្លកគុនខ្មែរ គោរមៈ ទល់នឹងកីឡាករជើងចាស់ Leona Pettas។ ការប្រកួតរវាងកីឡាករទាំង ២ នឹងធ្វើឡើងក្នុងទម្ងន់ ៦១ គីឡូក្រាម ដោយប្រកួតលក្ខណៈឃីកបុកស៊ីង រយៈពេល ៣ ទឹក ។

Leona Pettas ជាកីឡាករចាស់វស្សា ដែលធ្លាប់ឆ្លងកាត់ការប្រកួតឃីកបុកស៊ីងជាច្រើនលើក ពោលគឺចំនួន ៤៤ លើក ឈ្នះ ៣៤ (ផ្តួលដៃគូឱ្យសន្លប់ ១៦ លើក) និងចាញ់ ៩ លើក។ អ្វីដែលពិសេស គឺកីឡាករវ័យ ៣៤ ឆ្នាំរូបនេះ ធ្លាប់ដណ្តើមបានខ្សែក្រវាត់ K-1 ដល់ទៅ ២ ខ្សែ រួមមាន K-1 World Grand Prix ឆ្នាំ ២០២២ និងខ្សែក្រវាត់ K-1 Super Featherweight Championship ឆ្នាំ ២០២២។

រឿងដ៏ចាប់អារម្មណ៍មួយទៀត គឺកាលពីឆ្នាំ ២០២១ Leona Pettas ធ្លាប់បានជួបជាមួយកំពូលអ្នកប្រដាក់ឃីកបុកស៊ីង Takeru Segawa មួយលើក ជាលក្ខណៈដណ្តើមខ្សែក្រវាត់ K-1 World GP 2021 ប៉ុន្តែបានបរាជ័យដោយសន្លប់ទឹកទី ២។

បញ្ជាក់ ថា Leona Pettas បច្ចុប្បន្នមិនមានខ្សែក្រវាត់ K1 កាន់ទៀតនោះទេ ដោយសារកីឡាករបានលះបង់ខ្សែក្រវាត់ទាំង ២ ខ្សែរបស់ខ្លួនទៅឱ្យស្ថាប័ន K-1 វិញហើយកាលពីឆ្នាំ ២០២៥។ មូលហេតុនៃការលះបង់របស់គេ ដោយសាររូបគេចង់ផ្លាស់ប្តូរសង្វៀន និងទម្ងន់ប្រកួត។

ក្រឡេកមកមើល គោរមៈ វិញ អាចនឹងជួបការលំបាកសម្រាប់ការជួបកីឡាករម្ចាស់ផ្ទះ ជប៉ុន រូបនេះ ប៉ុន្តែវាក៏ជាឱកាសល្អផងដែរ ដើម្បីឱ្យរូបគេបានដកស្រង់អំពីបច្ចេកទេសប្រកួតឃីកបុកស៊ីងរបស់ខ្លួន។ គោរមៈ ជាកីឡាករគុខ្មែរដ៏មានសក្តានុពលម្នាក់ ដែលអាចប្រកួតបានច្រើនទម្រង់។

កីឡាករវ័យ ១៨ ឆ្នាំរូបនេះ ធ្លាប់ដណ្តើមបានខ្សែក្រវាត់ជាច្រើននៅក្រៅប្រទេស ជាពិសេស គឺដណ្តើមបានខ្សែក្រវាត់គុនចម្រុះ Gods of Martial Art ពីប្រទេស វៀតណាម ដល់ទៅ ២ ខ្សែ។ ដោយឡែក ការចេញទៅសង្វៀន Knock Out លើកនេះ គឺជាបទពិសោធលើកដំបូងរបស់រូបគេ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម