ព័ត៌មានជាតិ
កូរ៉េ នឹងបន្តឈរនៅជាមួយកម្ពុជាក្នុងនាមជាមិត្តពិតប្រាកដ ដើម្បីគាំទ្រកុមារកម្ពុជាទទួលបានសុខភាពល្អ និងមានអនាគតដ៏ភ្លឺស្វាង
លោក គីម អ៊ូហ៊្សុក ប្រធានគណៈប្រតិភូ និងជាលេខាទី២ផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៃក្រសួងការបរទេស សាធារណរដ្ឋកូរ៉េ បានអះអាងថា សាធារណរដ្ឋកូរ៉េ នឹងបន្តឈរនៅជាមួយកម្ពុជាក្នុងនាមជាមិត្តពិតប្រាកដ ដោយគាំទ្រកុមារកម្ពុជាដើម្បីឱ្យពួកគេអាចធំធាត់ឡើងប្រកបដោយសុខភាពល្អ និងកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

ការលើកឡើងរបស់លោកបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសដឹកនាំគណៈប្រតិភូចុះពិនិត្យមើលគម្រោងនានាជាជំនួយរបស់សាធាររណរដ្ឋកូរ៉េនៅមន្ទីរពេទ្យកុមារជាតិ។
លោក គីម អ៊ូហ៊្សុក បានបន្តថា សាធារណរដ្ឋកូរ៉េ និងកម្ពុជា បានកសាងភាពជាដៃគូយ៉ាងរឹងមាំ និងគួរឱ្យទុកចិត្តនៅក្នុងវិស័យសុខាភិបាលក្នុងរយៈពេលជាង២០ ឆ្នាំកន្លងមកនេះ។ មន្ទីរពេទ្យកុមារជាតិ គឺជាស្ថាប័នសាធារណៈឈានមុខគេរបស់កម្ពុជាក្នុងការថែទាំសុខភាពកុមារ។ ចាប់តាំងពីការគាំទ្រដល់ការសាងសង់អគារមន្ទីរពេទ្យដំបូងក្នុងឆ្នាំ២០០៥ មក ប្រទេសកូរ៉េបានបន្តភាពជាដៃគូរបស់ខ្លួនតាមរយៈគម្រោងអភិវឌ្ឍន៍ដំណាក់កាលទីបីនេះ ដោយមានគោលដៅជួយឱ្យមន្ទីរពេទ្យនេះក្លាយជាមន្ទីរពេទ្យកុមារឈានមុខគេមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកបានបន្តទៀតថា អគារផ្នែកជំងឺកុមារថ្មីនេះជាអគារទំនើបកម្ពស់ ៥ជាន់ ដែលមានគ្រែអ្នកជំងឺចំនួន ១៨៨ គ្រែ មានឯកទេសសម្រាប់កុមារដែលត្រូវការការព្យាបាលកម្រិតខ្ពស់ ដូចជាផ្នែកជំងឺប្រព័ន្ធរំលាយអាហារ ផ្នែកជំងឺផ្លូវដង្ហើម និងផ្នែកជំងឺឈាម និងមហារីកកុមារជាដើម។ នៅពេលបញ្ចប់ការសាងសង់ក្នុងឆមាសទីមួយនៃឆ្នាំ២០២៨ នឹងអាចព្យាបាលជំងឺធ្ងន់ធ្ងរជាច្រើនដែលកន្លងមកមានការលំបាកក្នុងការគ្រប់គ្រង បានដោយសុវត្ថិភាព។ លោកសង្ឃឹមថា ក្រុមគ្រួសារទាំងអស់នឹងនឹកឃើញដល់មន្ទីរពេទ្យកុមារជាតិមុនគេ រាល់ពេលដែលកូនៗរបស់ពួកគេត្រូវការការថែទាំព្យាបាល។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យមុមារជាតិបានមានប្រសាសន៍ថា កិច្ចសហការរវាងសាធារណរដ្ឋកូរ៉េ និងមន្ទីរពេទ្យកុមារជាតិ បានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបានបង្កើតអត្ថប្រយោជន៍យូរអង្វែងសម្រាប់កុមារ និងគ្រួសារកម្ពុជា។ ចាប់តាំងពីការចាប់ផ្តើមនៃការគាំទ្ររបស់ KOICA ក្នុងឆ្នាំ២០០៥ ភាពជាដៃគូរបស់យើងបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យ ការកែលម្អឧបករណ៍វេជ្ជសាស្ត្រ ការបង្កើនសេវាព្យាបាល និងការអភិវឌ្ឍសមត្ថភាពអ្នកជំនាញថែទាំសុខភាព។

លោកវេជ្ជបណ្ឌិតបានបន្តថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ យើងបានបន្តសម្រេចបាននូវសមិទ្ធផលសំខាន់ៗក្រោមគម្រោងបច្ចុប្បន្នក្នុងនោះរួមមានការអនុវត្តសកម្មភាពផែនការមេរបស់មន្ទីរពេទ្យ កម្មវិធីបណ្តុះបណ្តាលឯកទេសសម្រាប់កម្លាំងពលកម្មថែទាំសុខភាពរបស់យើង គំនិតផ្តួចផ្តើមកែលម្អគុណភាព ការពង្រឹងការបង្ការ និងគ្រប់គ្រងការឆ្លងមេរោគ និងការរៀបចំសម្រាប់ការសាងសង់មន្ទីរពេទ្យថ្មី។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមថា «សមិទ្ធផលទាំងនេះនឹងមិនអាចធ្វើទៅរួចទេបើគ្មានការគាំទ្រ និងការប្តេជ្ញាចិត្តដ៏មានតម្លៃពីក្រសួងការបរទេស កយកា និងដៃគូកូរ៉េទាំងអស់របស់យើង។ យើងក៏មានការរំភើបផងដែរចំពោះដំណាក់កាលបន្ទាប់នៃកិច្ចសហការរបស់យើង ជាពិសេសការអភិវឌ្ឍមន្ទីរពេទ្យទំនើបថ្មីប្រាំជាន់ និងសកម្មភាពកសាងសមត្ថភាពដែលបានគ្រោងទុក ដែលនឹងពង្រឹងបន្ថែមទៀតនូវសេវាកុមារឯកទេស។ ការវិនិយោគនេះតំណាងឱ្យច្រើនជាងអគារមួយវាតំណាងឱ្យក្តីសង្ឃឹម នវានុវត្តន៍ និងអនាគតកាន់តែប្រសើរសម្រាប់កុមារកម្ពុជា»។

លោកវេជ្ជបណ្ឌិតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក្រសួងការបរទេស KOICA និងដៃគូទាំងអស់ចំពោះមិត្តភាព និងការគាំទ្រដ៏រឹងមាំ។ ការប្តេជ្ញាចិត្តរបស់អ្នកបានធ្វើឱ្យមានភាពខុសគ្នាយ៉ាងមានអត្ថន័យនៅក្នុងជីវិតរបស់កុមារកម្ពុជារាប់មិនអស់ និងគ្រួសាររបស់ពួកគេ៕
អត្ថបទ៖ សំអឿន


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


