Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះ​រឿង​អាស្រូវ​ធំ! មន្ត្រីថៃជិត ៦ពាន់នាក់ លួច​បុកលុយចូល​ធ្វើការ​រដ្ឋ

បានផុស

នៅ

រឿងអាស្រូវពុករលួយដ៏កក្រើកមួយ នៅក្នុងប្រទេសថៃ កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក បន្ទាប់ពីអាជ្ញាធរបានរកឃើញភស្តុតាងនៃការសូកប៉ាន់ ដើម្បីចូលបម្រើការងាររដ្ឋ និងការតម្លើងឋានៈ ដែលអាចឈានទៅដល់ការផ្អាកការងាររបស់មន្ត្រីរាជការរាប់ពាន់នាក់។

(រូបថត៖ បាងកកប៉ុស្ដិ៍)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Channel News Asia (CNA) ចុះផ្សាយ​កាលពី​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៦ មន្ត្រីថៃចំនួន ៥ ៨១៤នាក់ ត្រូវបានរកឃើញថាមានភាពមិនប្រក្រតី នៅក្នុងលទ្ធផលប្រឡងរបស់ពួកគេ។

រឿងរ៉ាវនេះ បានផ្ទុះឡើងកាលពីខែមិថុនា បន្ទាប់ពីការស៊ើបអង្កេតរយៈពេល ១៧ថ្ងៃ បានរកឃើញថា មានការឃុបឃិតគ្នា ដើម្បីកែប្រែប្រព័ន្ធទិន្នន័យអេឡិចត្រូនិក និងបន្លំលទ្ធផលប្រឡង។ យោងតាមប្រភពពី CNA និងសារព័ត៌មានវៀតណាម Báo Nghệ An ក្រុមមេខ្លោង បានទទួលសំណូកក្នុងទំហំទឹកប្រាក់រហូតដល់ ៨០០ ០០០បាត (ប្រហែល ២៣ ៨០០ដុល្លារអាមេរិក) ពីបេក្ខជននីមួយៗ ដើម្បីធានាថា ពួកគេនឹងប្រឡងជាប់។

បច្ចុប្បន្ន សមត្ថកិច្ចថៃ បានចាប់ខ្លួនជនសង្ស័យជាមេខ្លោងចំនួន ៣នាក់ រួមមានបុរស ២នាក់ និងស្ត្រី ១នាក់ ពីបទបំផ្លាញ និងលាក់បាំងឯកសារផ្លូវការ។ គួរឱ្យកត់សម្គាល់ថា ម្នាក់ក្នុងចំណោមមេខ្លោងទាំងនោះ បានព្យាយាមរត់គេចខ្លួនទៅកាន់ប្រទេសឡាវ ប៉ុន្តែត្រូវបាននគរបាលឃាត់ខ្លួនបានវិញ។ ប្រសិនបើតុលាការរកឃើញកំហុស ពួកគេអាចនឹងត្រូវប្រឈមមុខនឹងការផាកពិន័យ និងទោសជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ។

ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងមហាផ្ទៃថៃកំពុងត្រៀមត្រួតពិនិត្យសន្លឹកកិច្ចការប្រឡងឡើងវិញប្រមាណ ៨០០ ០០០សន្លឹក ដើម្បីរកឱ្យឃើញនូវទំហំនៃការកេងបន្លំនេះ។ មន្ត្រីដែលជាប់ពាក់ព័ន្ធទាំងអស់ អាចនឹងត្រូវប្រឈមមុខនឹងការបញ្ឈរជើងជាបណ្តោះអាសន្ន ដើម្បីរង់ចាំការសម្រេចពីគណៈកម្មការវិន័យ។ នេះគឺជាករណីដ៏កម្រមួយ ដែលមន្ត្រីរាជការថៃ​ ក្នុង​ចំនួនច្រើនបែបនេះ មាន​ការពាក់ព័ន្ធ​នឹង​សំណុំ​រឿងអាស្រូវពុករលួយក្នុង​ករណី​តែមួយយ៉ាង​ដូច្នេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម