Connect with us

ព័ត៌មានអន្ដរជាតិ

លោក Vance ថា អ៊ីស្រាអែលព្យាយាម​រារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់

បានផុស

នៅ

អនុប្រធានាធិបតីអាមេរិក លោក JD Vance បានលើកឡើងថា សមាជិកមួយចំនួននៃរដ្ឋាភិបាលអ៊ីស្រាអែល បានព្យាយាម​ចង់​ឲ្យ​មាន​ឥទ្ធិពលលើមតិសាធារណៈរបស់អាមេរិក ដើម្បី​ប្រឆាំងនឹងកិច្ចព្រមព្រៀង ក្នុងការបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងកម្មវិធី Podcast ជាមួយពិធីករ Joe Rogan ដែលបានបង្ហោះកាលពីថ្ងៃ១៦ ខែកក្កដា។

អនុប្រធានាធិបតីអាមេរិក លោក JD Vance (រូបភព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Vance និយាយថា «ខ្ញុំដឹងយ៉ាងច្បាស់ច្បាស់ថា មានមនុស្សនៅក្នុងរដ្ឋាភិបាលអ៊ីស្រាអែល ដែលកំពុងព្យាយាមបង្វែរយើងចេញពីគោលនយោបាយនោះ ពីព្រោះពួកគេចង់បន្តយុទ្ធនាការយោធា»។ នេះ​បើ​យោង​តាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters

អនុប្រធានាធិបតីរូបនេះបានបន្តថា ទោះបីជាលោកមានទំនាក់ទំនងល្អ ជាមួយសមាជិកមួយចំនួននៃរដ្ឋាភិបាលអ៊ីស្រាអែលក៏ដោយ ក៏មានមនុស្សមួយចំនួននៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់ពួកគេ ដែលយើងដឹងច្បាស់ឥតមានមន្ទិលទាល់តែសោះថា កំពុងរៀបចំឧបាយកល និងព្យាយាមផ្លាស់ប្តូរមតិសាធារណៈរបស់អាមេរិក ដើម្បីរក្សាសង្រ្គាមឲ្យបន្តទៅមុខដោយគ្មានទីបញ្ចប់។

លោក Vance បានព្រមានចំៗថា លោកមិនខ្វល់រឿងប្រទេសដទៃ (ទោះជាអ៊ីស្រាអែល ឬរុស្ស៊ី) ព្យាយាមជះឥទ្ធិពលលើអាមេរិកនោះទេ ព្រោះវាជាធម្មជាតិនយោបាយក្នុងឆ្នាំ២០២៦។ ប៉ុន្តែ អ្វីដែលលោកទទួលយកមិនបាន គឺការដែលសកម្មភាពរបស់អ៊ីស្រាអែល មកប៉ះពាល់ និងកែប្រែការសម្រេចចិត្តខាងនយោបាយរបស់អាមេរិក។ លោកថែមទាំងរំលឹកទៀតថា លោក ត្រាំ គឺជាសម្ព័ន្ធមិត្តតែមួយគត់របស់អ៊ីស្រាអែលហើយ ដូច្នេះកុំមកលេងល្បិចនៅពីក្រោយខ្នងបែបនេះ។

គួរបញ្ជាក់ដែរថា កាលពីខែមុន អនុប្រធានាធិបតីអាមេរិក បានចេញមុខការពារកិច្ចព្រមព្រៀងដែលសម្រេចបាន ដើម្បីបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់ ខណៈដែលអ្នករិះគន់នៅក្នុងអាមេរិក និងអ៊ីស្រាអែល បានរិះគន់យ៉ាងខ្លាំងថា កិច្ចព្រមព្រៀងនេះមិនបានទប់ស្កាត់កម្មវិធីកាំជ្រួចមីស៊ីលរបស់អ៊ីរ៉ង់ និងគ្មានផ្លូវច្បាស់លាស់ក្នុងការកម្ទេចរោងចក្រនុយក្លេអ៊ែររបស់ខ្លួន ព្រមទាំងបានរឹតត្បិតអ៊ីស្រាអែល នៅក្នុងសង្រ្គាមជាមួយក្រុមខ្មាន់កាំភ្លើងហេសបូឡា នៅលីបង់ទៀតផង។

យ៉ាងណាមិញ ការទម្លាយអាថ៌កំបាំងរបស់លោក Vance បានបង្ហាញឲ្យពិភពលោកឃើញថា ទោះបីជាអាមេរិក និងអ៊ីស្រាអែល ជាសម្ព័ន្ធមិត្តស្លាប់រស់នឹងគ្នាក៏ដោយ ប៉ុន្តែផ្ទៃក្នុងមានការសង្ស័យ និងប្រេះស្រាំយ៉ាងខ្លាំង លើរបៀបវារៈសង្គ្រាមនៅមជ្ឈិមបូព៌ា៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

លោក JD Vance អាចប្រឈមមុខនឹងការរិះគន់ ក្រោយអនុស្សរណៈជាមួយ អ៊ីរ៉ង់ ត្រូវបរាជ័យ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម