Connect with us

សន្តិសុខសង្គម

គណៈបញ្ជាការឯកភាពខេត្តស្វាយរៀង ចុះរដ្ឋបាលចំហទីតាំងសង្ស័យឆបោកអនឡាញ៤កន្លែង រកឃើញជនបរទេស២០នាក់

បានផុស

នៅ

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដឹកនាំដោយលោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត បានបើកប្រតិបត្តិការទ្រង់ទ្រាយធំចុះត្រួតពិនិត្យរដ្ឋបាលចំហ និងបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងសង្កាត់បាវិត ក្រុងបាវិត កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប្រតិបត្តិការនេះមានការសម្របសម្រួលនីតិវិធីដោយផ្ទាល់ពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។រួមមានលោកអភិបាលរងក្រុងបាវិត ព្រមទាំងលោកនាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងលោកអធិការរងក្រុងបាវិត។ ក្រៅពីនោះក៏មានការចូលរួមពីលោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង និងលោកនាយករងរដ្ឋបាលក្រុង រួមជាមួយមេភូមិបាវិតលើ និងមេភូមិបាវិតកណ្តាល ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត និងកម្លាំងបង្ការបង្ក្រាបបទល្មើសផ្សេងៗរបស់ខេត្តប្រចាំនៅក្នុងក្រុងបាវិតផងដែរ។

ជាលទ្ធផលនៅក្នុងការចុះត្រួតពិនិត្យរដ្ឋបាលចំហនៅទីតាំងចំនួន ០៣កន្លែង អាជ្ញាធរចម្រុះបានរកឃើញជនបរទេសសរុបចំនួន ០៨នាក់ ដែលមានជនជាតិចិនចំនួន ០៧នាក់ និងជនជាតិហ្វីលីពីនចំនួន ០១នាក់ ហើយជនបរទេសទាំងអស់នោះគឺសុទ្ធតែមានលិខិតឆ្លងដែន ព្រមទាំងទិដ្ឋាការត្រឹមត្រូវតាមច្បាប់។

ជាមួយគ្នានេះដែរ ក្រុមការងារចម្រុះបានបន្តឈានទៅធ្វើការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួន ០៤ទីតាំងបន្ថែមទៀត ដោយរកឃើញជនជាតិវៀតណាមសរុបចំនួន ២០នាក់ ក្នុងនោះមានស្រីចំនួន ០៣នាក់ ព្រមទាំងបានរកឃើញសម្ភារៈជាច្រើន។ នៅក្នុងទីតាំងទី១ ដែលជាផ្ទះជួលរបស់ឈ្មោះ ជា កញ្ញារិទ្ធ ភេទប្រុស ជាតិខ្មែរ សមត្ថកិច្ចរកឃើញជនជាតិវៀតណាមស្នាក់នៅចំនួន ០៦នាក់ ព្រមទាំងវត្ថុតាងរួមមាន ទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន ១០គ្រឿង ទូរស័ព្ទដៃចម្រុះចំនួន ៣៤គ្រឿង កុំព្យូទ័រយួរដៃចំនួន ០៣គ្រឿង កុំព្យូទ័រ All in One ចំនួន ០៩គ្រឿង លិខិតឆ្លងដែនចំនួន ០៤ក្បាល អត្តសញ្ញាណប័ណ្ណវៀតណាមចំនួន ៣០សន្លឹក និងម៉ូនីទ័រចំនួន ០២គ្រឿង។

ទីតាំងទី២ ដែលមានម្ចាស់ផ្ទះឈ្មោះ នៀប គឹមឡេង ភេទស្រី គឺមានជនជាតិវៀតណាមស្នាក់នៅចំនួន ០៣នាក់ជាបុរស ព្រមទាំងវត្ថុតាងរួមមាន កុំព្យូទ័រយួរដៃចំនួន ០៧គ្រឿង ទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន ០៣គ្រឿង និងទូរស័ព្ទដៃចម្រុះចំនួន ០១គ្រឿង។ចំពោះទីតាំងទី៣ ដែលមានម្ចាស់ផ្ទះឈ្មោះ កើត អូន ភេទស្រី អាជ្ញាធរបានរកឃើញជនជាតិវៀតណាមស្នាក់នៅសរុបចំនួន ១១នាក់ ក្នុងនោះមានស្រីចំនួន ០៣នាក់ ព្រមទាំងរកឃើញវត្ថុតាងរួមមាន កុំព្យូទ័រយួរដៃចំនួន ០១គ្រឿង ទូរស័ព្ទផ្ទាល់ខ្លួនចំនួន ១៣គ្រឿង ទូរស័ព្ទដៃចម្រុះចំនួន ១៣គ្រឿង កុំព្យូទ័រ All in One ចំនួន ១០គ្រឿង និងលិខិតឆ្លងដែនចំនួន ០៩ក្បាល។ ដោយឡែកនៅទីតាំងទី៤ ក្រោយពីទទួលបានការជូនដំណឹងពីការចុះធ្វើរដ្ឋបាលចំហ ម្ចាស់ផ្ទះបានយល់ព្រមឲ្យក្រុមការងារកាត់សោចូលទៅត្រួតពិនិត្យនៅក្នុងផ្ទះ។ នៅក្នុងទីតាំងនេះ សមត្ថកិច្ចបានរកឃើញសម្ភារៈមួយចំនួននៅជាន់ផ្ទាល់ដី រួមមានកុំព្យូទ័រលើតុ All in One ចំនួន ១៦គ្រឿង និងម៉ូនីទ័រចំនួន ១១គ្រឿង ចំណែកឯនៅជាន់ទី១ រកឃើញកុំព្យូទ័រលើតុ All in One ចំនួន ១៧គ្រឿង ម៉ូនីទ័រចំនួន ០២គ្រឿង ទូរស័ព្ទដៃចម្រុះចំនួន ១៤គ្រឿង និងធុង CPU ចំនួន ០១គ្រឿង។

គួរកត់សម្គាល់ផងដែរថា ចំពោះជាន់ឡៅតឿត្រង់ចំណុចបន្ទប់ខាងក្រោយ ក្រុមការងារចម្រុះបានពិនិត្យឃើញមានស្នាមកាត់ចម្រឹងដែកបង្អួច និងមានស្នាមចងខ្សែសម្រូតចុះមកខាងក្រោមថែមទៀតផង។

ក្រោយពេលបញ្ចប់ការត្រួតពិនិត្យរួចរាល់ ក្រុមការងារពុំបានធ្វើការដកហូតសម្ភារៈណាមួយនៅទីតាំងទី៤ នោះឡើយ ដោយសម្រេចរក្សាទុកនៅក្នុងទីតាំងខាងលើដដែល ប៉ុន្តែចំពោះទីតាំងទាំង០៤ខាងលើនេះ ត្រូវបានក្រុមការងារចម្រុះសម្រេចបិទជាបណ្តោះអាសន្ន ដើម្បីបន្តចំណាត់ការតាមនីតិវិធីច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម