Connect with us

ព័ត៌មានអន្ដរជាតិ

ចិននិង​ប៉ាគីស្ថាន ជំរុញ​ឱ្យ​អាមេរិក និង​អ៊ីរ៉ង់ បញ្ឈប់​ការ​បាញ់​គ្នាបន្ទាន់ ​ងាកទៅ​​ចរចា​សន្តិភាពវិញ​​​​

បានផុស

នៅ

សេចក្តីថ្លែងការណ៍​មួយ​ពីទីក្រុងប៉េកាំងនៅថ្ងៃសុក្រ បាន​ឱ្យ​ដឹង​ថា រដ្ឋមន្ត្រី​ការបរទេសចិននិង​ប៉ាគីស្ថាន​អំពាវនាវ​ឱ្យ​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់​បញ្ឈប់​អរិភាព​ជាបន្ទាន់ ហើយ​​បន្តការសន្ទនា​ឡើងវិញ​។ នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ Anadolu នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៦ ។

​ការ​អំពាវនាវ​របស់​​​​ប្រទេស​ទាំងពីរ​កើតឡើង​​ អំឡុងពេលកិច្ចប្រជុំរវាង​រដ្ឋ​មន្ត្រី​ការបរទេសចិន លោក វ៉ាង យី និង​សមភាគីប៉ាគីស្ថាន លោក Ishaq Dar នៅទីក្រុងសៀង​ហៃកាលពីថ្ងៃពុធ។

លោក វ៉ាង និង​ លោក Ishaq Dar ។ រូបភាព៖ AA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍រៀប​រាប់​ថា លោក វ៉ាង និង​ លោក Ishaq Dar បាន​សម្តែងការព្រួយបារម្ភ​អំពី​ការធ្លាក់ចុះ​នៃស្ថានភាពបច្ចុប្បន្ននៅ​មជ្ឈិម​បូព៌ា​ ហើយអំពាវ​នាវឱ្យ​ភាគីពាក់ព័ន្ធ​បញ្ឈប់អរិភាពជាបន្ទាន់ ដើម្បី​ខិតខំ​​ជំនះ​ការ​លំបាក លុប​បំបាត់​ការជ្រៀតជ្រែក ចាប់ផ្តើម​ទំនាក់ទំនងឡើងវិញ ជា​ពិសេស​បន្ត​ការសន្ទនា ក្នុង​ការ​សម្រេចបាននូវ​កិច្ចព្រមព្រៀងសន្តិភាព​ដ៏ទូលំទូលាយ​តាមរយៈការចរចា។

អ្នក​ទាំង​ពីរ​បន្ថែម​ថា សហគមន៍អន្តរជាតិ​ក៏គួរតែបន្តផ្តល់​ជំនួយក្នុងលើ​បញ្ហា​​នេះផងដែរ។ ដោយ​សរសើរតួនាទីនៃការសម្របសម្រួលរបស់​ប៉ាគីស្ថាន លោក វ៉ាង​  សង្កត់ធ្ងន់​ថា ដំណាក់កាលទីមួយ​នៃអនុស្សរណៈយោគយល់គ្នា​រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គឺទទួលបានមក​ដោយលំបាក។

លោកមានប្រសាសន៍ថា៖ « បទប្បញ្ញត្តិស្នូល​នៃអនុស្សរណៈ​មិនត្រឹម​តែអនុលោមតាម​ផលប្រយោជន៍ជាមូលដ្ឋាន និងរយៈពេលវែងរបស់​ភាគីពាក់ព័ន្ធប៉ុណ្ណោះទេ ថែម​ទាំងបំពេញតាមការរំពឹង​ទុករួមរបស់​សហគមន៍​អន្តរជាតិផងដែរ»។

លោក វ៉ាង ព្រមានថា៖ « សន្តិភាពគឺស្ថិតនៅ​ក្នុងដៃហើយ។ ឥឡូវ​នេះ​យើងមិន​អាច​មើល​រំលង​វាបាន​ទេ​! កុំ​ទុកឱ្យ​រអិលទៅឆ្ងាយឱ្យ​សោះ​។ គ្រប់ភាគីទាំង​អស់​ គួរតែបំពេញការប្តេជ្ញាចិត្ត​និងគោរពតាម​បទ​ប្បញ្ញត្តិនៃអនុស្សរ​ណៈយោគយល់គ្នា​របស់អ៊ីស្លាម៉ាបាដ​»។

លោក​បន្ថែម​ថា៖ « ដូចសព្វមួយដង ប្រទេសចិន​នឹងគាំទ្រកិច្ចខិតខំ​ប្រឹងប្រែងសម្របសម្រួល​របស់ប៉ាគីស្ថាន ហើយនឹង​បន្តដើរតួនាទីស្ថាបនា​ក្នុងការលើកកម្ពស់​ បន្ធូរបន្ថយភាពតាន​តឹងតាមរបៀប​ដែល​អាច​ធ្វើ​បាន​»​។

សេចក្តីថ្លែងការណ៍បាន​​ធ្វើឡើង ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់​បន្តផ្លាស់ប្តូរការវាយ​ប្រហារយោធាសង​សឹក​រយៈពេល​ ៦ថ្ងៃ ចំពេល​មានភាពតានតឹង​លើច្រកសមុទ្រ Hormuz​ ជា​ថ្មី​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម