Connect with us

ព័ត៌មានអន្ដរជាតិ

តើ​អាវុធអាមេរិក ជាខែលការពារដ៏មានប្រៀប ឬជា ការរុញ អារ៉ាប៊ីសាអូឌីត ឲ្យធ្លាក់ក្នុងហានិភ័យសង្គ្រាមតំបន់?

បានផុស

នៅ

ការបើក​កា​រលក់​អាវុធទំនើបៗពីអាមេរិក ទៅ​ឲ្យអារ៉ាប៊ីសាអូឌីត​ក្នុង​ពេលដ៏តានតឹង​នៅក្នុងតំបន់​បែបនេះ ដើម្បី​បន្ថែម​នូវសមត្ថភាពការពារខ្លួនកាន់តែមានប្រៀប ប៉ុន្តែវាក៏កំពុងរុញច្រានប្រទេសនេះឲ្យខិតជិតទៅ​រក​ហានិភ័យ​សង្គ្រាមតំបន់កាន់តែខ្លាំង​ ចំពេលដែលជម្លោះរវាងអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងតែឡើងកម្តៅយ៉ាងគំហុក។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Al Jazeera ក្រសួងការបរទេសអាមេរិក ទើបតែបានអនុម័តលើកិច្ចព្រមព្រៀងលក់អាវុធតម្លៃប្រមាណ ១.៩៦ ប៊ីលានដុល្លារ ទៅឲ្យអារ៉ាប៊ីសាអូឌីត ដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ព្រះរាជាណាចក្រមួយនេះ។

កញ្ចប់អាវុធនេះរួមបញ្ចូលទាំងប្រព័ន្ធឧបករណ៍បាញ់កាំជ្រួចចម្រុះទំនើប APKWS ចំនួន ២០,០០០ គ្រាប់ ដែលរចនាឡើងដើម្បីកម្ទេចដ្រូន និងមីស៊ីល។ សេតវិមានបានអះអាងថា ការលក់អាវុធនេះធ្វើឡើងក្នុងគោលបំណងបង្កើនសមត្ថភាពស្វ័យការពារជាតិរបស់អារ៉ាប៊ីសាអូឌីត ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មិនមែនណាតូ ក្នុងការទប់ស្កាត់ការគំរាមកំហែងនានា ព្រមទាំងដើម្បីរក្សាស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចនៅក្នុងតំបន់ឈូងសមុទ្រទាំងមូល។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគភូមិសាស្ត្រនយោបាយមើលឃើញថា ការបំពាក់អាវុធទ្រង់ទ្រាយធំនេះ កំពុងកើតឡើងចំពេលដែលអារ៉ាប៊ីសាអូឌីត កំពុងស្ថិតនៅកៀកបំផុតក្នុងហានិភ័យនៃការធ្លាក់ចូលទៅក្នុងសង្រ្គាមសារជាថ្មី ជាមួយក្រុមឧទ្ទាមហ៊ូធី ក្នុងប្រទេសយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់។

យោងតាមរបាយការណ៍ពី The Hindu ភាពតានតឹងបានផ្ទុះឡើងខ្លាំង បន្ទាប់ពីក្រុមហ៊ូធីបានបាញ់មីស៊ីលវាយប្រហារលើព្រលានយន្តហោះក្នុងទីក្រុង Abha ភាគខាងត្បូងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីដើមសប្តាហ៍នេះ ដើម្បីសងសឹកទៅនឹងការដែលរដ្ឋាភិបាលយេម៉ែនបានវាយប្រហារលើព្រលានយន្តហោះ Sanaa ក្នុងបំណងបង្វែរទិសដៅហោះហើររបស់ប្រតិភូក្រុមហ៊ូធី ដែលត្រឡប់មកពីពិធីបុណ្យសពរបស់មេដឹកនាំកំពូលអ៊ីរ៉ង់។

ស្របពេលជាមួយគ្នានេះ មេដឹកនាំក្រុមហ៊ូធី លោក Abdul-Malik al-Houthi បានចេញមុខព្រមានចំៗថា រាល់ហេដ្ឋារចនាសម្ព័ន្ធប្រេង និងទីតាំងសំខាន់ៗទាំងអស់របស់អារ៉ាប៊ីសាអូឌីត នឹងក្លាយជាគោលដៅនៃការវាយប្រហារដោយមីស៊ីល និងដ្រូន ប្រសិនបើទីក្រុងរីយ៉ាដ លូកដៃចូលរួមចំណែកក្នុង «យុទ្ធនាការឈ្លានពាន» ប្រឆាំងនឹងយេម៉ែន ឬជ្រើសរើសផ្លូវបង្កើនជម្លោះយោធា។

ដូច្នេះហើយ ទោះបីជាអាវុធរបស់អាមេរិកជួយឲ្យអារ៉ាប៊ីសាអូឌីតមានខែលការពារខ្លួនរឹងមាំ និងមានប្រៀបជាងមុនក៏ពិតមែន ប៉ុន្តែនៅក្នុងបរិបទដែលអាមេរិកកំពុងបង្កើនការបិទផ្លូវទឹក និងវាយប្រហារលើអ៊ីរ៉ង់ ការផ្ទុកអាវុធទាំងនេះបានប្រែក្លាយអារ៉ាប៊ីសាអូឌីត ឲ្យទៅជាផ្ទាំងស៊ីបដ៏គ្រោះថ្នាក់បំផុតមួយ ដែលងាយនឹងត្រូវទាញចូលទៅក្នុងសង្រ្គាមទ្រង់ទ្រាយធំក្នុងតំបន់មជ្ឈិមបូព៌ាដោយជៀសមិនរួចឡើយ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

អាមេរិក ​អនុម័ត​លក់អាវុធ និងកញ្ចប់ថែទាំយោធា ឲ្យ​អារ៉ាប៊ី​សាអូឌីត និងគុយវ៉ែត ក្នុងតម្លៃ​ជាង​២​ពាន់លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម