Connect with us

ព័ត៌មានជាតិ

ស្ថានទូត​អាមេរិក​ ៖ ទស្សនកិច្ច​ទៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម បង្កើន​តម្លាភាព

បានផុស

នៅ

ឆ្លើយតបទៅនឹងរាជរដ្ឋាភិបាល​កម្ពុជា ដែលបានសម្រេច​អនុញ្ញាត​ឲ្យ​អនុព័ន្ធយោធា និង​មន្ត្រី​ទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ចុះទៅ​ពិនិត្យមើល​តំបន់​មួយចំនួន នៅ​មូលដ្ឋាន​សមុទ្រ​រាម ដែល​ជា​ទីកន្លែង​សហរដ្ឋអាមេរិក​លើកឡើងថា ​កម្ពុជា​បាន​ផ្តល់​មូលដ្ឋាន​ឲ្យ​កងទ័ព​ចិន​នោះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា លើកឡើងថា ការធ្វើទស្សនកិច្ចជាប្រចាំ និងជាញឹកញាប់ ដោយអនុព័ន្ធយោធាបរទេសទាំងអស់ ទៅមូលដ្ឋានកងទ័ពជើងទឹករាម អាចរួមចំណែកដល់ការបង្កើនតម្លាភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Chad Roedemeier មន្ត្រីអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះថា អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោកស្រី Sherman បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីសកម្មភាពយោធារបស់សាធារណរដ្ឋប្រជាមានិតចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ដែលធ្វើឲ្យអន្តរាយដល់អធិបតេយ្យភាពរបស់កម្ពុជា គំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងរវាងកម្ពុជា-សហរដ្ឋអាមេរិក។

មន្ត្រីអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជារូបនេះ បានបញ្ជាក់បន្ថែមថា “ការធ្វើទស្សនកិច្ចជាប្រចាំ និងជាញឹកញាប់ ដោយអនុព័ន្ធយោធាបរទេសទាំងអស់ ទៅមូលដ្ឋានកងទ័ពជើងទឹករាម អាចរួមចំណែកដល់ការបង្កើនតម្លាភាព”។

លោក Chad Roedemeier មិនបានបង្ហាញ​កាលបរិច្ឆេទនៃដំណើរទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ នៅពេលណានោះទេ។

កាលពី​​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២១​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​មាន​ប្រសា​ស​ន៍​​ថា ក្រោយពី​មានការ​ឯកភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងការពារជាតិ បានសម្រេច​ឲ្យ​ខាង​ភាគី​អាមេរិក​ចុះ​ត្រួតពិនិត្យ​កន្លែង​មួយចំនួន​នៅក្នុង​មូលដ្ឋាន​សមុទ្រ​រាម ដែល​គេ​បាន​ចោទប្រកាន់​កម្ពុជា​ម្តង​ហើយ​ម្តង​ទៀតថា កម្ពុជា​យើង​បាន​អនុញ្ញាត​ឲ្យ​កងទ័ព​ចិន ដាក់​មូលដ្ឋាន​នៅ​ទីនោះ​។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់​ថា៖ “យើង​មិនបាន​ហាមប្រាម​ក្នុង​ការ​ស្នើសុំ​របស់​អាមេរិក​ទេ ហើយ​គេ​ជា​អ្នកចោទ​យើង​ខ្លួនឯង​។ គេ​លើក​គេ​ដាក់​អ្វី​ក៏​ខ្លួនឯង ដូច្នេះ​ដើម្បី​ឲ្យ​អស់​សង្ស័យ យើង​អនុញ្ញាត​ឲ្យ​គេ​ទៅ​ត្រួតពិនិត្យ​ផ្ទាល់ ប៉ុន្តែ​មិនមែន​ឲ្យ​ត្រួត​គ្រប់​ទីកន្លែង​ស្រេច​តែ​ចិត្ត​គេ​ចង់បាន​នោះទេ ធម្មតា​កន្លែង​កងទ័ព នៃ​ប្រទេស​នីមួយៗ​មិន​ចេះតែ​បង្ហាញ​ផ្ដេសផ្ដាស​នោះឡើយ ហើយ​ការចុះពិនិត្យ​នេះ គឺ​យើង​បានកំណត់​ច្បាស់លាស់ ពោល​គឺ​ឲ្យ​ចំ​កន្លែង​ដែល​គេ​សង្ស័យ​យើង​តែប៉ុណ្ណោះ​”។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​លើក​ឡើង​ទៀត​ថា ​នាពេលនេះ ក្រុមការងារ​ក្រសួងការពារជាតិ​រប​ស់​កម្ពុជា និង​ក្រុមការងារ​របស់​ភាគី​អាមេរិក កំពុង​ធ្វើ​កិច្ចការងារ​ទាំងនេះហើយ ដូច្នេះ​វា​នឹង​ដំណើរការ​ពេល​ឆាប់​នេះ ដើម្បី​ជម្រះ​ឲ្យ​អស់​មន្ទិលសង្ស័យ និង​ឲ្យ​គេ​អស់ចិត្ត​កុំ​ឲ្យ​ពួកគេ​ចេះតែ​ចោទ​កម្ពុជា​ម្តង​ហើយ​ម្តងទៀត ឥតឈប់ឈរ​នោះ​។

គួររំលឹកថា ការអនុញ្ញាត​ឲ្យ​ភាគី​អាមេរិក​ចូល​ពិនិត្យមើល​តំបន់​មួយចំនួន​នៅ​មូលដ្ឋាន​សមុទ្រ​រាម​របស់​កម្ពុជា​នេះ គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​លោកស្រី Wendy Ruth Sherman អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក បាន​ស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន ចុះ​ពិនិត្យមើល​កំពង់ផែ​នេះ ក្នុងពេល​ជំនួប​ជាមួយ​សម្តេច ក្នុងអំឡុង​ពេលដែល លោកស្រី​មក​បំពេញ​ទស្សនកិច្ច​ប្រទេស​កម្ពុជា កាលពីរសៀលថ្ងៃទី១ ខែមិថុនាកន្លងទៅនេះ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម