ព័ត៌មានជាតិ
តម្លៃទុរេនខេត្តកំពត ៣ ប្រភេទលក់តម្លៃខុសគ្នាជិត ១ ម៉ឺនរៀល
ខេត្តកំពតជាស្តេចទុរេន ដោយសារភាពអំណោយផលភូមិសាស្ត្រលើដំណាំសក្ដានុពលនេះ។ ដំណាំយុទ្ធសាស្រ្តមានការដាំដុះនៅស្រុកចំនួនពីរ និងក្រុងកំពត សរុបផ្ទៃដីជាង១ ពាន់ហិតា។
លោកចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្មខេត្តកំពតបានប្រាប់កម្ពុជាថ្មីថា ទុរេននៅខេត្តកំពតលក់ចេញ មិនពិបាករកទីផ្សារនោះទេ គឺមានម៉ូយចាំទទួលទិញទាំងនៅបណ្ដាខេត្ត និងរាជធានី ទោះបីក្នុងសម័យជំងឺកូវីដ19 កំពុងរីករាលដាលនេះក៏ដោយ។

លោកបានបង្ហើបតម្លៃជាមធ្យមទុរេនកំពត ៣ ប្រភេទដែលលក់ចេញមាន ១. មួនថង តម្លៃ ២៨ ០០០រៀលមួយគីឡូ ២. ឱខាក់តម្លៃ ២៥ ០០០ រៀលក្នុងមួយគីឡូ និងសន្តង់កិតតម្លៃ ២១ ០០០ រៀលក្នុងមួយគីឡូ។
លោកប្រធានមន្ទីរបានបន្តថា នៅខេត្តកំពតមានផ្ទៃដីដាំដុះទុរេនចំនួន ១ ០៦០ហិតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ៨៩៨ ហិតា ដែលក្នុងមួយឆ្នាំទទួលបរិមាណផលសរុប ១០ ៣២៧តោន។ ស្រុកដែលដាំដុះទុរេនច្រើនមានស្រុកទឹកឈូចំនួន ៩៤៤ ហិតា ស្រុកឈូកចំនួន ៦៦ ហិតា និងក្រុងកំពត ៥០ ហិតា។
បើតាមលោកប្រធានមន្ទីរ ទិន្នផលទុរេនកំពតនៅឆ្នាំនេះ កើនជាងឆ្នាំមុនប្រមាណ ២៥ ភាគរយ ដោយសារអាកាសធាតុអំណោយផល។
ខេត្តកំពតត្រូវបានគេចាត់ទុកជាស្តេចទុរេន ដែលមានការដាំដុះទុរេនច្រើនជំនាន់មកហើយ។ យ៉ាងណាដំណាំហូបផ្លែជាស្តេចផ្លែឈើនេះ ត្រូវបានពលរដ្ឋកម្ពុជាបានពង្រីកការដាំដុះតាមខេត្តមួយចំនួនទៀត ដែលមានភូមិសាស្ត្រអំណោយផលដូចជា កំពង់ចាម ត្បូងឃ្មុំ បាត់ដំបង ពោធិ៍សាត់ កោះកុងជាដើម។ ដោយឡែកនៅស្រុកបន្ទាយស្រីនៃខេត្តសៀមរាប និងខេត្តព្រះវិហារក៏មានការសាកល្បងដាំដុះ ទទួលបានផលយ៉ាងគាប់ប្រសើរផងដែរ។
បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥២៨៩ ហិតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ៣ ៤០៣ ហិតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦,៦៥៦ តោនក្នុង១ឆ្នាំ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ការដាំទុរេនលើផ្ទៃដី១ហិកតា កសិករអាចទទួលបានប្រាក់ចំណូលប្រមាណ ១ ទៅ ២ ម៉ឺនដុល្លារ បើមានការដាំដុះតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។
លោករដ្ឋមន្ត្រីបានបន្តថា ប្រសិនបើកសិករដាំជាលក្ខណៈទ្រង់ទ្រាយធំឬច្រើនគ្រួសារ ដោយមានការចងក្រងជាសហគមន៍ ដំណាំទុរេននឹងអាចជួយរកចំណូលបានច្រើនដល់សេដ្ឋកិច្ចជាតិទៀតផង។
យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបញ្ជាក់ថា ទោះបីដំណាំនេះទទួលបានប្រាក់ចំណូលខ្ពស់ ប៉ុន្តែតម្រូវឱ្យមានការវិនិយោគច្រើន និងទាមទារការអនុវត្តបច្ចេកទេសត្រឹមត្រូវ ទើបទទួលបានជោគជ័យ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ