កូវីដ-១៩
៩រាជធានីខេត្តកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ឆ្លើយតបសំណួររបស់ “កម្ពុជាថ្មី” នៅល្ងាចថ្ងៃទី២៤ ខែមិថុនានេះថា បច្ចុប្បន្នក្រសួងសុខាភិបាលបានចាត់ចែងផែនការយុទ្ធនាការចាក់វ៉ាក់សាំងតាមបណ្ដាខេត្ត ដែលអនុវត្តតាមយុទ្ធសាស្ត្រផ្ការីករបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដោយចាប់ផ្ដើមចេញពីរាជធានីភ្នំពេញ និងកំពុងចាក់វ៉ាក់សាំងនៅខេត្តកណ្ដាល។

លោកស្រីមានប្រសាសន៍បន្ថែមថា៖ “បន្តមកទៀត យើងបានចាក់ [វ៉ាក់សាំង] នៅខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ដោយជ្រើសយកស្រុកចំនួន៣។ ស្រុកនៅតាមផ្លូវជាតិលេខ១នៅខេត្តស្វាយរៀង ព្រមទាំងកំពង់ឆ្នាំង និងកំពង់ចាម យើងចាក់វ៉ាក់សាំងតាមស្រុកដែលមានរោងចក្រ និងកម្មករកម្មការិនី”។
រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានឱ្យដឹងបន្ថែមថា ក្រសួងសុខាភិបាលបានចាត់ចែងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទៅតាមចំនួនវ៉ាក់សាំងដែលមានក្នុងដៃ។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បញ្ជាក់ថា៖ “នេះជាផែនការមួយដំណាក់ដែលយើងមានវ៉ាក់សាំងជាង៤,៥លានដូស។ រហូតទៅដល់ដំណាច់ខែសីហា ដែលនឹងមានវ៉ាក់សាំងមកដល់ជាបន្តបន្ទាប់ទៀតទៅតាមផែនការទិញវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល”។
ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩រូបនេះ មានការរំពឹងថា ប្រសិនជាមិនមានការប្រែប្រួលទេនោះ វ៉ាក់សាំងនឹងមកដល់តាមចំនួនបញ្ជាទិញ នោះកម្ពុជានឹងអាចសម្រេចផែនការចាក់វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋ១០លាននាក់នៅមុនដំណាច់ឆ្នាំ២០២១ និងមុនផែនការដែលបានកំណត់បញ្ចប់ការចាក់វ៉ាក់សាំងនេះ នៅចុងឆមាសទី១ ឆ្នាំ២០២២។

លោក មាស អ៊ុយ នាយករដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា នៅខេត្តតាកែវ កំពុងធ្វើការចាក់វ៉ាក់សាំងនៅគោលដៅដែលមានការប្រឈមចំនួន ៣ស្រុក គឺស្រុកបាទី ស្រុកសំរោង និងស្រុកត្រាំកក់។
លោក មាស អ៊ុយ បានបញ្ជាក់ថា នៅស្រុកបាទី និងស្រុកសំរោង ពេទ្យទាហានជាអ្នកចាក់ ចំណែកនៅស្រុកត្រាំកក់ គឺមន្ត្រីសុខាភិបាលរបស់ខេត្តជាអ្នកចាក់វ៉ាក់សាំង។
លោកមានប្រសាសន៍ថា៖ “យើងបានចាក់រួចរាល់ហើយ ចំពោះមន្ត្រីរាជការ ខាងពន្ធនាគារអីផ្សេងៗហ្នឹង ចំណែកជំហាននេះ គឺយើងចាក់ជូនពលករ និងប្រជាពលរដ្ឋនៅស្រុកដែលផ្ទុះកូវីដច្រើន”។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បង្ហាញថា ការចាក់វ៉ាក់សាំងធ្វើឡើងនៅតាមគោលដៅទាំង ៨ក្រុងស្រុក ប៉ុន្តែក្នុងនោះក៏មានការបែងចែកទីតាំងជាច្រើនកន្លែងបន្ថែមទៀត។

លោកអភិបាលខេត្តកំពង់ស្ពឺរូបនេះ មានប្រសាសន៍ថា៖ “តាមគោលការណ៍គឺយើងធ្វើទៅលើអ្នកដែលប្រឈមខ្លាំងមុនគេ ហើយកាលនៅថ្ងៃទី២២ ខែមិថុនានោះ យើងប្រើទ្រង់ទ្រាយធំទៅគ្រប់រោងចក្រសហគ្រាសទាំងអស់។ យ៉ាងណាយើងក៏បានចាក់បណ្តើរៗហើយដែរ មានតាំងពីមន្ត្រីរាជការ អ្នកជាប់ពន្ធនាគារ រោងចក្រសហគ្រាសខ្លះក៏បានចាក់ដែរ”។
លោក វ៉ី សំណាង បានបញ្ជាក់ថា ខេត្តកំពង់ស្ពឺទទួលបានវ៉ាក់សាំងចំនួន ៥៥ម៉ឺនដូស ដោយចែកកាច់ជា២ ពាក់កណ្តាលសម្រាប់ចាក់ជូនទៅកម្មកររោងចក្រ សហគ្រាស ហើយក្រៅពីនោះសម្រាប់ចាក់នៅទីប្រជុំជនទាំងអស់។
លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឱ្យដឹងថា ខេត្តស្វាយរៀងបានចាក់វ៉ាក់សាំងដំណាក់កាលទី១បញ្ចប់ដោយជោគជ័យ និងកំពុងចាក់វ៉ាក់សាំងដូសទី២ ដំណាក់កាលទី២។

ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងដដែលនេះ បានបញ្ជាក់ថា ដំណាក់កាលទី១ គឺការចាក់វ៉ាក់សាំងជូនមន្ត្រីសុខាភិបាល មន្ត្រីពន្ធដារ និងអ្នកនៅក្រុមជួរមុខដែលប្រឈមនឹងជំងឺកូវីដ-១៩ ចំណែកដំណាក់កាលទី២ គឺចាក់ជូនក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលក្រុង-ស្រុក និងឃុំ-សង្កាត់ និងដំណាក់កាលទី៣ គឺចាក់ជូនដល់ប្រជាពលរដ្ឋនៅទីតាំង ៣ ក្រុង-ស្រុក គឺក្រុងបាវិត ស្រុកកំពង់រោទ៍ និងស្រុករំដួល។
លោក កែវ រដ្ឋា បានឱ្យដឹងបន្ថែមថា៖ “ទីតាំងដែលមានកម្មករ-កម្មការិនីច្រើនជាមុខសញ្ញាប្រឈមត្រូវតែចាក់វ៉ាក់សាំង ដូចជានៅក្រុង-ស្រុកទាំង ៣ ហ្នឹងសុទ្ធតែត្រូវចាក់។ ចំពោះវ៉ាក់សាំងដែលត្រូវចាក់ជូនកម្មកររោងចក្រ សហគ្រាសនេះ ប្រហែលជាអាចទទួលបាននៅដើមខែកក្កដា នេះ”។
គួរបញ្ជាក់ថា គិតត្រឹមយប់ម្សិលមិញថ្ងៃទី២៤ ខែមិថុនានេះ អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា មានចំនួន៣,៧១៥,៧៥១នាក់ ឬប្រមាណ ៣៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ វ៉ាក់សាំងកំពុងប្រើនៅកម្ពុជាមាន៣ប្រភេទដូចជា Sinopharm AstraZeneca និងSinovac៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


