ព័ត៌មានជាតិ
អភិបាលខេត្តពោធិ៍សាត់ស្នើឲ្យពន្លឿនការស្ថាបនាផ្លូវជាតិលេខ៥ឲ្យរួចរាល់យ៉ាងយូរនៅដើមឆ្នាំ២០២២
លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានស្នើឱ្យក្រុមការងារគណៈកម្មការអន្តរក្រសួង ពិនិត្យ និងជួយពន្លឿនការស្ថាបនាផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ឲ្យរួចរាល់ក្នុងដំណាច់ឆ្នាំ២០២១ ឬយ៉ាងយូរនៅដើមឆ្នាំ២០២២ខាងមុខដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វើចរាចរណ៍។
ការស្នើរបស់លោក ជាវ តាយ នេះបានធ្វើឡើងនៅសាល Video Conferenceខេត្ត ក្នុងកិច្ចប្រជុំពិភាក្សាការងារ ជុំវិញការដោះស្រាយផលប៉ះពាល់ ការស្ថាបនាស្ថានីយ៍ថ្លឹងយានយន្តលើសទម្ងន់ នៃគម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

លោក ជាវ តាយ បានបន្តថា « ផ្លូវមួយចំនួន នៃគម្រោងខាងលើនេះ យើងបានស្ថាបនារួចខ្លះហើយដែរ ហើយមួយចំនួនទៀតក៏មានការលំបាក ជាក់ស្តែងដូចនៅព្រំប្រទល់ នៃខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង គឺមានលំបាកពិតប្រាកដ ដែលធ្វើឱ្យរថយន្តតូចធំគ្រប់ប្រភេទពិបាកក្នុងការធ្វើដំណើរឆ្លងកាត់។ ជាការពិតណាស់ថា រដូវវស្សាពិបាកក្នុងការស្ថាបនា តែការយឺតយ៉ាវនេះ អាចមកពីក្រុមហ៊ុនខ្វះខាតធនធានមនុស្ស ឬខ្វះខាតគ្រឿងចក្រ? ត្រង់ចំណុចនេះសូមឲ្យក្រុមហ៊ុន និងក្រុមការងារអន្តរក្រសួង ជួយបន្ថែមគ្រឿងចក្រ និងជំរុញពន្លឿនការស្ថាបនាគម្រោងនេះ ឲ្យបានឆាប់រហ័ស ឬអាចធ្វើដំណើរបានក្នុងគន្លងណាមួយក៏បាន នៅដំណាច់ឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ដើម្បីឲ្យងាយស្រួលដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋធ្វើចរាចរណ៍បាន មុនពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ»។
លោកអភិបាលខេត្តបានបន្តទៀតថា ជុំវិញការស្ថាបនារង្វង់មូលផ្លូវវាងក្រុង យើងត្រូវពិនិត្យ និងកំណត់ទីតាំងឲ្យបានច្បាស់លាស់ ដើម្បីជាសោភណ្ឌភាព និងភាពទាក់ទាញ ជៀសវាងស្ថាបនាហើយ រថយន្តធ្វើដំណើរទៅផុត ដែលនាំឲ្យខាតបង់នូវសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋយើង។
ចំពោះទីតាំងស្ថាបនាស្ថានីយថ្លឹងយានយន្តលើសទម្ងន់នោះទៀតសោត លោកអភិបាលខេត្តបានណែនាំដល់អនុគណៈកម្មការខេត្ត ដែលដឹកនាំដោយលោក ខូយ រីដា ត្រូវសហការជាមួយក្រុមការងារអន្តរក្រសួង ធ្វើយ៉ាងណាកំណត់សម្រេចឲ្យបានជាលទ្ធផលផ្លែផ្កា។
លោកអភិបាលខេត្តបានសូមឲ្យបន្តភារកិច្ច នៃការអនុវត្តន៍នេះឲ្យបានខ្លាំងក្លាបន្ថែមទៀត ហើយយើងនឹងជំរុញទាំងអស់គ្នា ដើម្បីឲ្យគម្រោងស្តារឡើងវិញផ្លូវជាតិលេខ៥នេះ ឈានដល់កម្រិតមួយដ៏ល្អ អាចស្រូបយកភ្ញៀវទេសចរណ៍ និងបង្កើនសេដ្ឋកិច្ចសម្រាប់ខេត្តយើង។

សូមបញ្ជាក់ថា គម្រោងកែលំអផ្លូវជាតិលេខ៥ មានប្រវែងសរុប ៣៦៦គីឡូម៉ែត្រ លើផ្លូវចាស់ពីព្រែកក្តាមទៅប៉ោយប៉ែតមានប្រវែង ៣០៤គីឡូម៉ែត្រ។ គម្រោងផ្លូវនេះ ជាប្រភេទផ្លូវបេតុងកៅស៊ូAC ដោយការសាងសង់ចែកចេញជា៣ផ្នែក ក្នុងនោះផ្នែកខាងជើងចាប់ពីបាត់ដំបង ដល់ប៉ោយប៉ែត (រួចរាល់) មានប្រវែង ៨៤,៧២គីឡូម៉ែត្រ, ផ្នែកកណ្តាលចាប់ពីធ្លាម្អម ដល់បាត់ដំបង មានប្រវែងសរុប ១៤៦,០៤គីឡូម៉ែត្រ ទទឹងប្រវែង ២៣ម៉ែត្រ ចែកជាពី២គន្លង ទៅ៤គន្លង និងផ្នែកផ្លូវភាគខាងត្បូង ចាប់ពីព្រែកក្តាម ខេត្តកណ្តាល ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ មានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ ចែកជា២គន្លង ទៅ២គន្លងមក។

គម្រោងផ្លូវនេះ ជាចំណែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ ដែលតភ្ជាប់ពីប្រទេសចិន មកភូមា ថៃ កម្ពុជា និងវៀតណាម និងជាផ្លូវសេដ្ឋកិច្ចយ៉ាងសំខាន់ សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម និងជាពិសេសជាសរសៃឈាមដ៏ធំមួយក្នុងការធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែមានការអភិវឌ្ឍន៍ថែមទៀត៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


