ព័ត៌មានជាតិ
កូនឈើចម្រុះច្រើនប្រភេទជាង៥០០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាដាំតាមដងស្ទឹងសៀមរាប
នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយសមាគមទេសចរណ៍កម្ពុជា (Cata) រួមគ្នាដាំកូនឈើចម្រុះច្រើនប្រភេទប្រមាណជា៥០០ដើមនៅតាមដងស្ទឹងសៀមរាប ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាមក្រុងសៀមរាប ក្នុងគោលបំណងដើម្បីយើងទាំងអស់គ្នា រួមគ្នាថែរក្សាទេសចរណ៍វប្បធម៌ និង ផ្សព្វផ្សាយទិសដៅទេសចរណ៍បៃតង ក្រោមប្រធានបទ៖ វប្បធម៌និងបរិស្ថានបៃតង គឺជាសម្បត្តិបេតិកភណ្ឌដ៏អស្ចារ្យ ដើម្បីទាក់ទាញភ្ញៀវទេសចរ ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា មានប្រសាសន៍ថា ខេត្តសៀមរាបជាខេត្តទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និង ធម្មជាតិ ដោយសារតែខេត្តសៀមរាបនេះ សម្បូរទៅដោយប្រាង្គប្រាសាទបុរាណ ដែលជាស្នាដៃបុព្វបុរសខ្មែរយើងបានបន្សល់ទុកមកដល់បច្ចុប្បន្ន ជាគោលដៅទេសចរណ៍ធំបំផុតរបស់កម្ពុជា ដែលមានភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ មុនព្រឹត្តិការណ៍នៃការឆ្លងរាតត្បាតជាសកលជំងឺកូវីដ-១៩ នាចុងឆ្នាំ២០១៩ ដូច្នេះការរៀបចំព្រឹត្តិការណ៍ដាំដើមឈើនៅតាមដងស្ទឹងសៀមរាបនាពេលនេះ ពិតជាមានសារៈប្រយោជន៍សំខាន់ខ្លាំងណាស់ និង ជាការរួមចំណែកក្នុងការលើកកម្ពស់ និងថែរក្សាបរិស្ថានធម្មជាតិ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចបានចាត់ទុក វិស័យទេសចរណ៍កម្ពុជា វិស័យអាទិភាពមួយ ដើរតួជា “មាសបៃតង” សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការការពារបរិស្ថាន។

លោកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍ទៀតថា ប្រការសំខាន់ទៀតនោះ គឺការដាំដើមឈើនេះ បានឆ្លុះបង្ហាញឲ្យឃើញថា នៅក្នុងវិស័យទេសចរណ៍ មិនត្រឹមតែផ្តោតទៅលើសម្បត្តិវប្បធម៌ប្រាង្គប្រាសាទសិលាតែមួយមុខនោះទេ តែក៏ត្រូវមានការចូលរួមចំណែកពីសម្បត្តិធម្មជាតិស្រស់បំព្រងជាមួយគ្នាផងដែរ ព្រោះថាដើមឈើក្រៅពីមានតួនាទីយ៉ាងសំខាន់សម្រាប់ភាវៈរស វាក៏ដើរតួយ៉ាងសកម្មក្នុងការជំរុញសេដ្ឋកិច្ចវិស័យទេសចរណ៍ និងជួយបង្កើនសម្រស់បរិស្ថានធម្មជាតិបៃតងរបស់សង្គម និង ប្រទេសកម្ពុជាឲ្យកាន់តែមានសោភ័ណភាពល្អស្រស់បំព្រងទៀតផងដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ចូលរួមថែរក្សា និង ការពារព្រៃឈើនៅកម្ពុជា ឲ្យបានគង់វង្សយូរអង្វែង ។
មានប្រសាសន៍ក្នុងឱកាសនោះដែរលោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានថ្លែងនូវការកោតសរសើរ ចំពោះសមាគមទេសចរណ៍កម្ពុជា ដែលបានចូលរួមដាំកូនឈើនៅតាមដងស្ទឹងសៀមរាបនាពេលនេះ ដែលបានបង្ហាញឲ្យឃើញថា ជាការចូលរួមការពារនិងថែរក្សាព្រៃឈើ ពីព្រោះថាព្រៃឈើមានតួនាទីយ៉ាងសំខាន់ ក្នុងការជួយថែរក្សាដំណើរការនៃប្រព័ន្ធអេកូឡូស៊ី ជួយកាត់បន្ថយឥទ្ធិពលជាអវិជ្ជមានពីការប្រែប្រួលអាកាសធាតុ និងទប់ស្កាត់ទឹកជំនន់ ខ្យល់ព្យុះ ការហូរច្រោះដី គ្រោះរាំងស្ងួត និងជួយស្រួបយកជាតិពុលពីបរិយាកាសជាដើម ពិសេសបានផ្តល់នូវផលអនុផលព្រៃឈើជាច្រើន ជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សនិងសត្វផងដែរ ។


លោក ឡុង កុសល មានប្រសាសន៍ទៀតថា ក្រៅពីការងារនិងភារកិច្ចស្នូល អាជ្ញាធរជាតិអប្សរា បានបណ្តុះកូនឈើគ្រប់ប្រភេទ សម្រាប់សាធារណៈជនគ្រប់មជ្ឈដ្ឋានយកទៅដាំតាមអង្គភាពមន្ទីរ វត្តអារាមនានាដោយឥតគិតថ្លៃ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមក្នុងការថែរក្សាការពារព្រៃឈើ និង ការដាំកូនឈើឡើងវិញ ដើម្បីធ្វើឲ្យបរិយាកាសបរិស្ថាន កាន់តែល្អប្រសើរឡើង និងសូមលើកទឹកចិត្តដល់គ្រប់ផ្នែកគ្រប់វិស័យ ចូលរួមដាំកូនឈើបន្តទៀត ក្រោមទិសស្លោក បរិស្ថានផ្សារភ្ជាប់ជាមួយទេសចរណ៍ និង បរិស្ថានដើម្បីយើងទាំងអស់គ្នា។
គួររំលឹកថា គិតចាប់ពីឆ្នាំ២០០៤ មក អាជ្ញាធរជាតិអប្សរា បានចែកជូនកូនឈើដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងដឹកនាំការដាំកូនឈើបានប្រមាណជា២លានដើម ក្នុងនោះមានទាំងប្រភេទឈើប្រណិត ប្រភេទឈើទាល ប្រភេទឈើប្រពៃណី មានត្នោត អំពិល ស្តៅ រាំង ជាដើម៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ