Connect with us

ព័ត៌មានអន្ដរជាតិ

១០ប្រទេស មានកងទ័ពធំបំផុតលើពិភពលោក

បានផុស

នៅ

យោធាមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ពួកគេជួយសម្រួលដល់ការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល និងការពារប្រជាពលរដ្ឋពីការគំរាមកំហែងពីខាងក្រៅ ឬខាងក្នុង។

យោធាមានសាខាដូចជា កងទ័ពជើងទឹក កងទ័ពអាកាស ហើយនៅក្នុងប្រទេសមួយចំនួន មានទាំងកងម៉ារីន និងឆ្មាំសមុទ្រផងដែរ។

ខាង​ក្រោម​នេះ កម្ពុជាថ្មី សូមបង្ហាញពីប្រទេស​ដែល​មាន​កងទ័ព​ធំ​ជាង​គេទាំង១០ នៅ​លើ​ពិភពលោក ដោយយោងតាមទិន្នន័យគិតត្រឹមពាក់កណ្តាលឆ្នាំ២០២១៖

១. ចិន

ប្រទេស​ចិន​ឈរ​នៅ​លំដាប់​កំពូល​ក្នុង​បញ្ជី​កងទ័ព​ធំ​ជាង​គេលើ​ពិភពលោក ដោយ​មាន​សរុប​ ២,១៨៣,០០០នាក់។ កងទ័ពរំដោះប្រជាជនចិន (PLA) គឺជាកងទ័ពធំបំផុតនៅលើពិភពលោក។ ពួកគេមានបេសកកម្ម ធានាអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខក្នុងស្រុករបស់ចិន។

២. ឥណ្ឌា

ឥណ្ឌា​ជាប់​លេខ​២​ក្នុង​បញ្ជី​កងទ័ព​ធំ​ជាង​គេ​លើ​ពិភពលោក។ ឥណ្ឌាមានកងទ័ពសកម្មសរុប ១,៣៦២,៥០០នាក់។ ទីបញ្ជាការកងទ័ពមានទីតាំងនៅរដ្ឋធានី New Delhi។

៣. សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិកត្រូវបានបំពាក់បំប៉នយ៉ាងល្អ និងមានកងទ័ពសកម្មសរុប ១,២៨១,៩០០នាក់។ បង្កើតឡើងកាលពី២៤៤ឆ្នាំមុន កងទ័ពអាមេរិកគឺជាកងទ័ពធំជាងគេលំដាប់ទី៣នៅលើពិភពលោក។

៤. កូរ៉េខាងជើង

កូរ៉េ​ខាង​ជើង​ស្ថិត​នៅ​លំដាប់​ទី​បួន​ក្នុង​បញ្ជី ដោយមានកងទ័ព​សកម្ម​សរុប ១,២៨០,០០០នាក់។ កងទ័ព​ប្រជាជន​កូរ៉េ ​ត្រូវ​បាន​គេ​ជឿ​ថា ​​បង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៣២។ ទីស្នាក់ការ​កណ្តាល​មាន​ទីតាំង​នៅ​ទីក្រុង​ព្យុងយ៉ាង ​ប្រទេស​កូរ៉េខាងជើង។

៥. រុស្ស៊ី

ប្រទេសរុស្ស៊ីដែលមានកងទ័ពសកម្មសរុប ១,០១៣,៦២៨នាក់ គឺស្ថិតនៅលំដាប់ទី៥ក្នុងបញ្ជី។ កងទ័ពត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ ហើយការរៀបចំរចនាសម្ព័ន្ធដ៏សំខាន់របស់ខ្លួនបានចាប់ផ្តើមនៅឆ្នាំ២០០៩។

៦.ប៉ាគីស្ថាន

ប្រទេសប៉ាគីស្ថាន ឈរនៅលេខរៀងទី៦ ហើយមានកងទ័ពសកម្មសរុប ៦៥៤,០០០នាក់។ កងទ័ពប្រទេសនេះ បានចេញប្រតិបត្តិការនៅថ្ងៃទី ១៤ខែសីហាឆ្នាំ១៩៤៧ ហើយមានទីស្នាក់ការកណ្តាលនៅទីក្រុង Rawalpindi ប្រទេសប៉ាគីស្ថាន។

៧. កូរ៉េខាងត្បូង

ប្រទេសកូរ៉េខាងត្បូង ជាប់ចំណាត់ថ្នាក់ទី៧ និងមានកងទ័ពសកម្មសរុប ៦២៥,០០០នាក់។ កងកម្លាំងប្រដាប់អាវុធសាធារណៈរដ្ឋកូរ៉េ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ខែសីហា ឆ្នាំ១៩៤៨។ ទីស្នាក់ការកណ្តាលនៃកងកម្លាំងប្រដាប់អាវុធកូរ៉េខាងត្បូង ស្ថិតនៅក្នុងទីក្រុងសេអ៊ូល។

៨. អ៊ីរ៉ង់

អ៊ីរ៉ង់ស្ថិតនៅលំដាប់ទី៨ក្នុងបញ្ជី ដោយមានកងទ័ពសកម្មសរុប ៥២៣,០០០នាក់។ យោងតាមប្រវត្តិសាស្ត្រសម័យទំនើបបានបង្ហាញថា កងទ័ពអ៊ីរ៉ង់ត្រូវបានបង្កើតឡើងកាលពី ៩៧ ឆ្នាំមុន។ ទម្រង់បច្ចុប្បន្នគឺ សាធារណរដ្ឋឥស្លាម មានអាយុកាល ៣៩ឆ្នាំ។ ទីស្នាក់ការកណ្តាលមានទីតាំងនៅទីក្រុង តេហេរ៉ង់។

៩. វៀតណាម

ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ៩ ដែលមានកងទ័ពសកម្មសរុប ៤៨២,០០០ នាក់។ ក្នុង​ទិដ្ឋភាព​នៃ​ការ​ងើប​ឡើង​វិញ​នៃ​ប្រទេស​ចិន សាធារណរដ្ឋ​សង្គមកិច្ច​វៀតណាម ​បាន​ពង្រឹងកង​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន។ ការរៀបចំ និងបង្កើតកងទ័ពប្រជាជនវៀតណាម បានចាប់ផ្តើមនៅឆ្នាំ ១៩៤៤ ដើម្បីកម្ចាត់កងកម្លាំងអាណានិគមបារាំង និងអ្នកកាន់កាប់ជប៉ុន ក្រោមការដឹកនាំរបស់ ហូជីមិញ។

១០. អេហ្ស៊ីប

ប្រទេសអេហ្ស៊ីប ជាប់ចំណាត់ថ្នាក់ទី១០ ជាមួយនឹងកងទ័ពសកម្មសរុប ៤៤០,០០០នាក់។ ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥២ អាជ្ញាធរប្រតិបត្តិការយោធាអេហ្ស៊ីប មានទីស្នាក់ការនៅទីក្រុងគែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Maps of World

ចុចអាន៖ កងទ័ព អ៊ីស្រាអែល បាញ់ទម្លាក់យន្តហោះដ្រូន សង្ស័យជារបស់ប៉ាឡេស្ទីន ក្បែរជ្រលងភ្នំហ្ស៊កដានីនៃតំបន់ West Bank

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម