ព័ត៌មានជាតិ
អាជ្ញាធរខេត្តកណ្ដាល ចុះផ្អាកសកម្មភាពអាជីវកម្មជីកដី ២កន្លែង ដោយសារគ្មានអាជ្ញាប័ណ្ណអនុញ្ញាត
លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា បានដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យសកម្មភាពអាជីវកម្ម ជីកដី និងការដឹកជញ្ជូនដី ដល់ក្នុងការដ្ឋានចំនួន ២កន្លែង ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង។ ក្រុមការងារចម្រុះ បានចុះពិនិត្យ និងផ្អាកអាជីវកម្ម ជីកដី ខាងលើជាបណ្តោះអាសន្ន ដោយសារតែពុំទាន់មានអាជ្ញាប័ណ្ណអនុញ្ញាតឲ្យធ្វើអាជីវកម្ម និងអាជ្ញាប័ណ្ណដែលហួសសុពលភាព។
លោកបានណែនាំ ដល់អាជ្ញាធរស្រុកកណ្តាលស្ទឹង ត្រូវចុះស្រង់ស្ថិតិ រាល់អាជីវកម្មរ៉ែទាំងឡាយណាដែលគ្មានអាជ្ញាប័ណ្ណ ឬអាជ្ញាប័ណ្ណហួសសុពលភាពឲ្យអស់ ហើយត្រូវណែនាំឲ្យម្ចាស់អាជីវកម្មទាំងនោះ ត្រូវស្នើសុំធ្វើអាជ្ញាប័ណ្ណថ្មី ឬបន្តសុពលភាពអាជ្ញាប័ណ្ណរបស់ខ្លួនឡើងវិញ ឲ្យបានត្រឹមត្រូវស្របតាមច្បាប់កំណត់ និងគោរពអនុវត្តឲ្យបានតាមកិច្ចសន្យា។
ក្នុងការចុះត្រួតពិនិត្យរណ្តៅដីទាំង ២ខាងលើដែលរណ្តៅទី ១ របស់លោក ថុន ផាន់ណារ៉ូល ដែលមានទីតាំងស្ថិតក្នុងភូមិច្រឡាំង ឃុំរលាំងកែន គឺក្រុមការងារចម្រុះបានរកឃើញថា ទីតាំងខាងលើមានសកម្មភាពជីកដី ក្នុងទីតាំងចាស់ និងទីតាំងកំពុងស្នើសុំអាជ្ញាប័ណ្ណ និងពុំមានរបងព័ទ្ធជុំវិញការដ្ឋាន និងគ្មានលក្ខណៈបចេ្ចកទេសត្រឹមត្រូវ ក្នុងការជីកនោះទេ។
ចំណែករណ្តៅដីទី ២ របស់លោក ឡាង លីហួ ស្ថិតក្នុងភូមិ អន្លង់រមៀតខាងត្បូង ឃុំអន្លង់រមៀត គឺទីតាំងខាងលើ កំពុងមានសកម្មភាពធ្វើអាជីវកម្មចំនួន ១រណ្តៅដែលមានទំហំ ២៥៩៣១,២ម៉ែត្រ ដែលមានជម្រៅ ៨,៣៤ម៉ែត្រ ហើយក្រុមការងារបានវាស់វែង ជាក់ស្តែងរកឃើញថា រណ្តៅនេះ គឺខុសតាមគោលការណ៍របស់ក្រសួងបានណែនាំ និងអាជ្ញាប័ណ្ណហួសសុពលភាព។
លោកបន្តថា ដើម្បីដំណើរការអាជីវកម្មឡើងវិញបាន ទាល់តែម្ចាស់អាជីវកម្ម សុំច្បាប់ចេញពីរដ្ឋបាលខេត្ត ក្រសួង និងមន្ទីររ៉ែ និងថាមពលស្រប់ច្បាប់ ទើបអាចប្រកបអាជីវកម្មបាន។ បើមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវទេ អាជ្ញាធរ និងមន្ទីរត្រូវធ្វើការបិទជាបណ្តោះអាសន្ន និងធ្វើការផាកពិន័យ ទៅច្បាប់របស់ក្រសួងដែលបានចែង។
ទន្ទឹមនឹងនេះដែរ លោកក៏បានជំរុញដល់មន្ទីរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ដល់ម្ចាស់អាជីវកម្ម ឲ្យអនុវត្តតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា រាល់ការដឹកដី ដឹកខ្សាច់ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដឹកកុំឲ្យហុយ និងជ្រុះខ្សាច់មកលើផ្លូវ ដែលបានធ្វើឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ និងដើម្បីចូលរួមចំណែក ចំពោះ តម្រូវការនៃការអភិវឌ្ឍ។ ប៉ុន្តែការប្រកបអាជីវកម្មនោះ ត្រូវគោរពតាមបទដ្ឋានបច្ចេកទេស មិនត្រូវធ្វើឲ្យប៉ះពាល់ដល់សហគមន៍ ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋឡើយ។
លោកបានបន្ថែមថា ក្រុមការងារ នឹងបន្តចុះពិនិត្យតាម ការដ្ឋានអាជីវកម្មជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យនានា ដែលប៉ះពាល់ដល់បរិស្ថាន និងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដែលនៅជិតតំបន់នោះ និងអ្នកធ្វើដំណើរតាមដងផ្លូវ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលមានដីស្រែ នៅក្បែរកន្លែងប្រកបអាជីវកម្ម ជីកដី បានសំណូមពរដល់ម្ចាស់អាជីវកម្ម មេត្តាធ្វើរបងឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងបញ្ហាគ្រោះថ្នាក់ផ្សេងៗ និងមិនត្រូវជីក បំពានប៉ះពាល់ដល់ដីស្រែរបស់ពួកគាត់ឡើយ ព្រមទាំងត្រូវគោរពតាមអាជ្ញាប័ណ្ណ ដែលក្រសួងអនុញ្ញាតឲ្យធើ្វអាជីវកម្ម៕
អត្ថបទ៖ ឆៃ យ៉ា






-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


