ព័ត៌មានជាតិ
ឆ្នាំនេះស៊ីម៉ាក់មានមហិច្ឆតារំដោះផ្ទៃដីមានគ្រាប់មិនទាន់ផ្ទុះជិត២០០គីឡូម៉ែត្រក្រឡាកើនជិត៩០%
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ តាមផែនការអង្គភាពស៊ីម៉ាក់មានគោលដៅបោសសំអាតរំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីន តំបន់គ្រាប់បែកចង្កោម និងតំបន់សំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមនានាជិត២០០គីឡូម៉ែត្រក្រឡាកើនឡើងជិត៩០% ប្រៀបនឹងផែនការឆ្នាំ២០២១។

ថ្លែងនៅក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រតិបត្តិការឆ្នាំ២០២១ និងលើកទិសដៅផែនការសមាហរណកម្មឆ្នាំ២០២២រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ លោកអគ្គនាយកស៊ីម៉ាក់បានបន្តថា នេះជារបត់ថ្មីនៃយុទ្ធសាស្ត្រដើម្បីគាំទ្រផែនការយុទ្ធសាស្ត្រនិងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺចុងឆ្នាំ២០២៥ កម្ពុជាគ្មានការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្សដែលការប្តេជ្ញាចិត្តនេះ ស្របតាមស្មារតីអនុសញ្ញាអន្តរជាតិអូតាវ៉ានៃការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។
លោកអគ្គនាយកស៊ីម៉ាក់បានបន្តទៀតថា មហិច្ឆតារបស់អង្គភាពស៊ីម៉ាក់អាចដោះស្រាយបញ្ហាតំបន់គ្រាប់មីននៅសេសសល់ដែលមានកំណត់ត្រាក្នុងទិន្នន័យជាតិបានប្រមាណជាង៩០% ពោលគឺប្រមាណជាង៧០០គីឡូម៉ែត្រក្រឡា ក្នុងរយ:ពេល៤ឆ្នាំខាងមុខនេះ។

លោក ហេង រតនា បានបន្ថែមថា ដើម្បីសម្រេចផែនការឆ្នាំ២០២២នេះ និងទៅមុខទៀត អង្គភាពស៊ីម៉ាក់បានទទួលនូវការគាំទ្រទាំងថវិកា សំភារ:បច្ចេកទេស និងការឧបត្ថម្ភពីរាជរដ្ឋាភិបាល រដ្ឋាភិបាលជប៉ុនផ្ទាល់ រដ្ឋាភិបាលជប៉ុនតាមរយ:JICA និងតាមរយ:អង្គការJMAS រដ្ឋាភិបាលចិន រដ្ឋាភិបាលអាមេរិក តាមរយ:អង្គការNPA រដ្ឋាភិបាលណ័រវេស្ស តាមរយ:អង្គការNPAរដ្ឋាភិបាលប៊ែលហ្សិក តាមរយ:អង្គការAPOPO និងរដ្ឋាភិបាលអូស្ត្រាលី កូរ៉េខាងត្បូង និងកាណាដា តាមរយ:យន្តការពហុភាគី UNDP/CMAAនិងដៃគូមួយចំនួនទៀត។
យោងតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥ បានឲ្យដឹងថា នៅកម្ពុជាមានផ្ទៃដីសង្ស័យមានផលប៉ះពាល់ដោយសារមីនគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង១៩៧០គីឡូម៉ែត្រការ៉េ ក្នុងនោះប្រមាណ ៨៧៧គីឡូ ម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ខ្ពស់ដោយសារមីន៤៩៩គីឡូម៉ែតការ៉េ ជាដីប៉ះពាល់ដោយគ្រាប់បែកចង្កោម និង ៣៣៣គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម។

ផ្ទៃដីមានគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះជិត២ពាន់គីឡូម៉ែ ត្រការ៉េនេះ កម្ពុជាត្រូវការថវិកាប្រមាណ៤០៦លានដុល្លារសម្រាប់បោសសំអាតរយៈពេលពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥ខាងមុខ។
ពាក់ព័ន្ធនឹងសិក្ខាសាលាវិញ លោក ហេង រតនា បានលើកឡើងថា សិក្ខាសាលាមានរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ នឹងពិភាក្សាលើយុទ្ធសាស្ត្រសំខាន់ៗរបស់អង្គភាពស៊ីម៉ាក់ចំនួន៤រួមមាន៖
១.ក្នុងការធ្វើកំណែទម្រង់កិច្ចប្រតិបត្តិការសំដៅបង្កើនប្រសិទ្ធភាពប្រតិបតិ្តការទាំងបរិមាណនិងគុណភាព តាមរយ:ការពង្រឹងសមត្ថភាពនិងវិន័យជំនាញកម្លាំងជួរមុខអ្នកគ្រប់គ្រងជួរកណ្តាលតាមភូមិភាគ/ខេត្តបំពាក់សម្ភារៈបច្ចេកទេសនិងបទដ្ឋានប្រតិបត្តិ។

២.កំណែទម្រង់ការងារផ្គត់ផ្គង់និងគ្រប់គ្រងហិរញ្ញវត្ថុសំដៅឆ្លើយតបកាន់តែមានប្រសិទ្ធិភាពតាមតម្រូវការប្រតិបតិ្តការផងនិងតម្រូវការដៃគូអភិវឌ្ឍន៍ផង។
៣. ពង្រឹងការគ្រប់គ្រងធនធានមនុស្សហ្វឹកហ្វឺនសមត្ថភាពកម្រិតជាតិនិងអន្តរជាតិ។
ទី៤.បន្តពង្រឹងសមត្ថភាពដោះមីនឆ្លើយតបតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមអភិវឌ្ឍន៍ទេសចរណ៍និងប្រាង្គប្រាសាទអភិវឌ្ឍន៍តំបន់ដីសង្គមកិច្ចសំរាប់ប្រជាជនក្រីក្រជាដើម៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


