Connect with us

ព័ត៌មានជាតិ

ទូតអូស្រ្តាលី អះអាងថា នៅអូស្រ្តាលី ក៏កំពុងមានការរៀបចំបុណ្យចូលឆ្នាំចិន-វៀតណាម ដូចនៅកម្ពុជាដែរ

បានផុស

នៅ

ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានលើកឡើងថា នៅអូស្រ្តាលី ក៏ដូចនៅប្រទេសកម្ពុជាដែរ គឺមានការរៀបចំពិធីអបអរសាទរឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ពីសំណាក់ជនជាតិអូស្រ្តាលីដែលមានដើមកំណើតចិន និងវៀតណាម។​ ស្ថានទូតអូស្រ្តាលី លើកឡើងដូច្នេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃអង្គារនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូតអូស្រ្តាលី បានសរសេរបែបនេះថា ៖ «រីករាយបុណ្យចូលឆ្នាំថ្មី!​ ដូចគ្នានឹងប្រទេសកម្ពុជាដែរ ប្រទេសអូស្ត្រាលី មានសហគមន៍ពហុវប្បធម៌ដ៏រស់រវើករឹងមាំ កំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី»។ បើតាមស្ថានទូតអូស្រ្តាលី គឺជនជាតិអូស្ត្រាលីដែលមានដើមកំណើតចិន វៀតណាម និងកម្ពុជា និងមកពីប្រទេសផ្សេងៗនៅទូទាំងអាស៊ី  បានរស់នៅក្នុងប្រទេសអូស្ត្រាលីជាច្រើនជំនាន់មកហើយ។

ដូច្នេះហើយ ប្រទេសអូស្ត្រាលី ស្វាគមន៍ចំពោះការរួមចំណែករបស់ពួកគេដល់លទ្ធិប្រជាធិបតេយ្យពហុវប្បធម៌រួមរបស់អូស្រ្តាលី។ ស្ថានទូតអូស្រ្តាលី បានសរសេរថា ៖ «រីករាយបុណ្យចូលឆ្នាំថ្មី ដល់អ្នករាល់គ្នាដែលកំពុងតែប្រារព្ធពិធីចូលឆ្នាំថ្មីនេះ និងសូមជូនពរឳ្យឆ្នាំខាលនេះនាំមកជូននូវសេចក្តីរីករាយ ក្លាហាន និងអំណាចខ្លាំងក្លា! សូមឳ្យកម្លាំង និងមហិច្ឆិតារបស់ឆ្នាំខាល ជួយប្រទេសយើងទាំងពីរឱ្យជាសះស្បើយពីជំងឺកូវីដ-១៩»។

ដោយឡែក នៅក្នុងប្រទេសកម្ពុជាឯណេះវិញ ជនជាតិចិន វៀតណាម និងជនជាតិខ្មែរកាត់ចិនមួយចំនួនបាននាំគ្នារៀបចំពិធីទទួល និងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមនេះយ៉ាងគគ្រឹ​កគគ្រេងផងដែរ។ កាលពីថ្ងៃចន្ទម្សិលមិញដែលជាថ្ងៃសែនមុនចូលឆ្នាំចិន-វៀតណាម ប្រជាពលរដ្ឋចិន វៀតណាម និងខ្មែរកាត់មួយចំនួនបាននាំគា្នសែនយ៉ាងច្រើនកុះករ ខណៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកត់សម្គាល់ថា ប្រជាពលរដ្ឋខ្មែរច្រើនឡើងៗពី១ឆ្នាំទៅ១ឆ្នាំបានសែនចូលឆ្នាំចិន-វៀតណាមនេះ៕  

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម