Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង ឲ្យអាជ្ញាធរចុះស្រង់ស្ថិតិពលរដ្ឋ ដែលមិនទាន់ចាក់វ៉ាក់សាំង

បានផុស

នៅ

អភិបាលខេត្តបាត់ដំបង បានណែនាំឲ្យអាជ្ញាធរចុះស្រង់ស្តិតិ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលមិនទាន់ចាក់វ៉ាក់សាំង ដើម្បីជំរុញពួកគាត់ទៅចាក់ឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសប្រភេទបំប្លែងខ្លួនថ្មី អូមីក្រុង។

ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកបវេល នៅព្រឹកថ្ងៃទី២៥ ខែកម្ភៈនេះ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា រដ្ឋបាលស្រុកត្រូវរៀបចំក្រុមការងារ សម្រាប់ចុះស្រង់ស្ថិតិប្រជាពលរដ្ឋនៅតាមគេហដ្ឋាន ដើម្បីពិនិត្យមើលថា តើគ្រួសារណាខ្លះដែលមិនទាន់បានចាក់វ៉ាក់សាំង គ្រួសារណាខ្លះដែលមិនទាន់បានចាក់ដូសជំរុញ។

លោកអភិបាលខេត្ត បានឲ្យដឹងបន្តថា បន្ទាប់មកត្រូវណែនាំពួកគាត់ ឲ្យយល់ច្បាស់ពីសារៈប្រយោ​ជ​ន៍ក្នុងការចាក់វ៉ាក់សាំង ជាពិសេសដូសជំរុញនេះតែម្ដង ក៏ដូចជាធ្វើការណែនាំដល់ពួកគាត់កុំឲ្យជឿលើសម្ដីញុះញង់ ពីជនអគតិមួយចំនួនដែលចោទប្រកាន់ថា វ៉ាក់សាំងកូវីដ-១៩ បង្កហានិភ័យ​ដល់សុខភាព និងអាយុជីវិតមនុស្ស ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ផ្ទុយទៅវិញវ៉ាក់សាំងកូវីដ-១៩ មិនបង្កជាហានិភ័យដល់សុខភាពមនុស្ស ឬអាយុជីវិតទេ ហើយថែមទាំងជួយអាយុជីវិតមនុស្ស ពីការឆ្លងពីជំងឺកូវីដ-១៩ ឬជួយឲ្យអាត្រាការស្លាប់ឲ្យនៅទាបបំផុត នៅពេលដែលយើងបានឆ្លងជំងឺកូវីដ-១៩ នេះ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរត្រូវបន្តពង្រឹង ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសប្រភេទបំប្លែងខ្លួនថ្មី អូមីក្រុង ដែលបច្ចុប្បន្ននេះកំពុងតែមានការផ្ទុះរីករាលដាល ក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរ នៅលើបណ្ដាប្រទេសក្នុងពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ក៏កំពុងរីករាលដាលដែរ។

លោកអភិបាលខេត្តឯកឧត្តម ក៏បានណែនាំបន្ថែមដល់រដ្ឋបាលស្រុក បន្តពង្រឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងត្រូវណែនាំដល់មន្រ្ដីគ្រប់រូប ត្រូវពង្រឹងការងាររបស់ខ្លួនឲ្យច្បាស់ លាស់ និងម៉ត់ចត់ ហើយធ្វើយ៉ាងណាគេចឲ្យឆ្ងាយពីទង្វើណា ដែលផ្ទុយពីច្បាប់។ លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា «បើពុំនោះទេ បើសិនស្រាវជ្រាវរកឃើញថា មានបុគ្គលណាម្នាក់ប្រព្រឹត្តនូវអំពើផ្ទុយពីច្បាប់អ្វីមួយ និងធ្វើការចាត់វិធានការដោយគ្មានការលើកលែងឡើយ»៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម