សុខភាព
តើជំងឺភ្នែកឡើងបាយ អាចបញ្ចប់ការមើលឃើញរបស់អ្នកឬទេ?
១) អ្វីទៅជាភ្នែកឡើងបាយ?
ភ្នែកឡើងបាយ គឺជាជំងឺដែលកើតនៅលើកែវភ្នែក ដែលស្ថិតនៅក្រោយកូនក្រមុំ ដោយកែវភ្នែក ដែលមានភាពថ្លាច្បាស់ បែរជាមានភាពស្រអាប់ ឬឡើងពណ៌ស ជាហេតុបណ្តាលឲ្យពន្លឺ និងរូបភាពមិនអាចឆ្លងកាត់ទៅចំកន្លែងចាប់រូបភាព នៅបាតភ្នែកបានធ្វើឲ្យគំហើញមានការថយចុះ។

២) អាការៈ និងរោគសញ្ញាភ្នែកឡើងបាយ
រោគសញ្ញាចម្បងនៃជំងឺភ្នែកឡើងបាយ គឺការថយចុះនៃគំហើញបន្តិចម្តងៗ ហើយអ្នកជំងឺក៏អាចមានអាការៈផ្សេងៗទៀតដូចខាងក្រោម
– មើលឃើញរាងច្បាស់បន្តិច នៅពេលដែលស្ថិតនៅក្នុងម្លប់ ឬពេលរសៀល។
– មើលឃើញបែកផ្សែង និងស្រវាំងភ្នែកជាងធម្មតា នៅពេលដែលស្ថិតនៅក្រោមពន្លឺថ្ងៃភ្លឺខ្លាំង ឬនៅពេលមានពន្លឺភ្លើងចាំងមកចំភ្នែកនៅពេលយប់។
– កូនក្រមុំមានពណ៌ស និងអាចមើលឃើញដោយភ្នែកទទេ នៅពេលដែលបាយឡើងក្រាស់ខ្លាំង។
– ក្នុងករណីកម្រិតបាយនៅតិច អ្នកជំងឺមើលឆ្ងាយមិនច្បាស់ ដោយមានការផ្លាស់ប្តូរវ៉ែនតាសម្រាប់មើលឆ្ងាយញឹកញាប់ ប៉ុន្តែអ្នកជំងឺអាចមើល ឬអានអក្សរជិតៗបានដោយមិនចាំបាច់ពាក់វ៉ែនតាមើលជិត។
– ក្នុងករណីកម្រិតបាយឡើងស្រអាប់ខ្លាំង អ្នកជំងឺមិនអាចមើលឃើញច្បាស់ទាំងឆ្ងាយ និងទាំងជិត។

៣) មូលហេតុបង្កជំងឺ
មូលហេតុដែលអាចបណ្តាលឲ្យមានជំងឺភ្នែកឡើងបាយរួមមាន
– អាយុច្រើន និងភាពចាស់ជរា
– ជំងឺទឹកនោមផ្អែម
– ជំងឺទឹកដក់ក្នុងភ្នែក
– ជំងឺរលាកប្រស្រីភ្នែក
– ការប៉ះទង្គិច ឬរបួសទៅលើគ្រាប់ភ្នែក
– ការធ្វើការងារ ដែលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យខ្លាំងជាញឹកញាប់
– ការកើតមានពីកំណើតទៅលើកុមារ ឬទារក (ដូចជាក្នុងកំឡុងពេលម្តាយមានជំងឺស្អូចជាដើម)
– ការប្រើប្រាស់រយៈពេលយូរហួសកម្រិត នូវថ្នាំបន្តក់ភ្នែកសម្រាប់ជំងឺរលាកភ្នែក ឬក្រហមភ្នែកដែលមានផ្ទុកនូវសារជាតិស្តេរ៉ូអ៊ីត

៤) ផលវិបាក
ក្នុងករណីមិនបានទទួលការព្យាបាលភ្នែកឡើងបាយឲ្យបានត្រឹមត្រូវ និងទុកឲ្យបាយភ្នែកទុំខ្លាំងពេក អ្នកជំងឺអាចមានផលវិបាកដូចខាងក្រោម
– ងងឹតភ្នែកទាំងស្រុង
– រលាកឈឺចុកចាប់ក្នុងភ្នែក និងឈឺក្បាលខ្លាំង ក្នុងករណីមានការឡើងនូវសម្ពាធទឹកក្នុងភ្នែក ឬកើតជាជំងឺទឹកដក់ក្នុងភ្នែក ដែលបង្កដោយបាយភ្នែក
– រលាកបាតភ្នែក ឬរបើកបាតភ្នែក ក្នុងករណីមានការដាច់ធ្លាក់កែវភ្នែក ដែលមានឡើងបាយទៅក្នុងផ្នែកខាងក្រោយនៃភ្នែក

៥) ការព្យាបាល និងថែទាំក្រោយពេលវះកាត់
– ភ្នែកឡើងបាយអាចព្យាបាលបាន និងអាចផ្តល់នូវការមើលឃើញច្បាស់មកវិញ ក្រោយពីធ្វើការវះកាត់យកកែវ ដែលមានឡើងបាយចេញ ដោយវេជ្ជបណ្ឌិតឯកទេស នៅតាមមន្ទីរពេទ្យភែ្នកនានាទូទាំងប្រទេស។
– ដើម្បីជៀសវាងនូវផលវិបាកផ្សេងៗ ដែលអាចកើតមានជាយថាហេតុបន្ទាប់ពីធ្វើការវះកាត់ភែ្នករួច អ្នកជំងឺត្រូវអនុវត្តតាមការណែនាំជាចាំបាច់របស់គ្រូពេទ្យ ដោយត្រូវមកពិនិត្យភ្នែកឡើងវិញឲ្យបាន ៣ ទៅ ៤ ដង តាមការណាត់ជួបរបស់គ្រូពេទ្យភែ្នក ត្រូវដាក់ថ្នាំភែ្នកឲ្យបានទៀងទាត់ និងត្រឹមត្រូវពាក់វ៉ែនតាការពារភ្នែក មិនត្រូវឈ្លីភ្នែក មិនត្រូវលើករបស់ធ្ងន់ហួសកម្លាំង និងមិនត្រូវឲ្យទឹកចូលភ្នែករយៈពេល ៤ ទៅ ៥សប្តាហ៍។
៦) វិធានការការពារ
ដើម្បីការពារកុំឲ្យកើតមានជំងឺភ្នែកឡើងបាយ ដែលបង្កដោយមូលហេតុផ្សេងៗក្រៅអំពីជរាភាព
– សូមការពារកុំឲ្យការប៉ះទង្គិច ឬមានរបួសផ្ទាល់ទៅលើគ្រាប់ភ្នែក
– សូមពាក់របាំងការពារ ឬវ៉ែនតាការពារភ្នែករាល់ពេលធ្វើការងារណា ដែលអាចបង្កគ្រោះថ្នាក់ទៅលើភ្នែក និងមុខរបស់អ្នក
– សូមពាក់មួក និងវ៉ែនតាការពារកាំរស្មីព្រះអាទិត្យ
– សូមកុំប្រើប្រាស់ថ្នាំភ្នែកដោយគ្មានការពិនិត្យ និងវេជ្ជបញ្ជាត្រឹមត្រូវ

“ប្រសិនបើមានបញ្ហាភ្នែក សូមអញ្ជើញទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញចក្ខុរោគនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការប្រឹក្សា និងពិនិត្យព្យាបាលប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់”៕


អត្ថបទ៖ រស្មី
សូមចុចអាន៖ គន្លឹះទាំងដប់ ដើម្បីសុខភាពល្អ និងអាយុវែង!
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


