នយោបាយ
អ្នកនាំពាក្យ ៖ ដំណើរការប្ដឹងតវ៉ា និងដោះស្រាយបណ្ដឹង ពាក់ព័ន្ធនឹងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បានបញ្ចប់ហើយ
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា រហូតមកដល់ពេលនេះ ការប្ដឹងតវ៉ា ការដោះស្រាយ និងការឆ្លើយតបបណ្ដឹង ពាក់ព័ន្ធនឹងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត គឺបានដំណើរការចប់សព្វគ្រប់អស់ហើយ។ ចំណែកការងារបន្តនោះ គឺការត្រៀមលក្ខណៈចូលទៅរកដំណាក់កាលទី ៣ គឺការឃោសនាបោះឆ្នោត។
លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់អ្នកសារព័ត៌មាននាព្រឹកថ្ងៃទី ១៨ ខែមេសានេះថា បេក្ខជនគណបក្សនយោបាយចំនួន ៨៦នាក់ ត្រូវបានលុបចេញពីបញ្ជីបោះឆ្នោត ហើយបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតចំនួន ១៣ ត្រូវបានលុបចេញផងដែរ ក្រោយពី គ.ជ.ប បានបើកសវនាការជាសាធារណៈ ដើម្បីសម្រេចតាមបណ្តឹងតវ៉ា។
បើតាមលោក ហង្ស ពុទ្ធា បច្ចុប្បន្ននេះ នៅទូទាំងប្រទេសតាមឃុំ-សង្កាត់ បានចាប់ឆ្នោតយកលេខរៀង របស់គណបក្សនយោបាយ នៅលើសន្លឹកឆ្នោតរួចរាល់ហើយ។ លោកបញ្ជាក់ថា «ការប្ដឹងតវ៉ា ការដោះស្រាយ ការឆ្លើយតប គឺបានចប់សព្វគ្រប់អស់ហើយ មិនមានបណ្ដឹងតវ៉ាទៀតនោះទេ ដូច្នេះសម្រាប់ គ.ជ.ប គឺត្រៀមលក្ខណៈចូលទៅរកដំណាក់កាលទី ៣ គឺការឃោសនាបោះឆ្នោត»។
សូមបញ្ជាក់ថា ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០២២ មានរយៈពេល ១៤ថ្ងៃ ដោយចាប់ពីថ្ងៃទី ២១ ខែឧសភា រហូតដល់ថ្ងៃទី ៣ ខែមិថុនា ហើយការបោះឆ្នោត នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ ក្នុងនោះ មានគណបក្សនយោបាយចំនួន ១៧ បានចុះឈ្មោះប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំ គ.ជ.ប ធ្លាប់បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២១ ត្រៀមឯកសារសម្រាប់ប្រើប្រាស់ នៅក្នុងការបោះឆ្នោត ដែលឯកសារទាំងនោះ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយក្នុងករណីដែលមិនទាន់មាន ឬបាត់ ឬខូច ត្រូវអញ្ជើញទៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ដើម្បីបំពេញបែបបទចូលរួមបោះឆ្នោត ដែលដំណើរការនេះ នឹងត្រូវធ្វើរយៈពេលមួយខែ មុនថ្ងៃបោះឆ្នោត៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


