ព័ត៌មានជាតិ
លោក ស្រ៊ុន ពៅ នឹងចុះតាមបណ្ដាខេត្តជាប់ព្រំដែនវៀតណាមរៀងរាល់ថ្ងៃ ដើម្បីទប់ស្កាត់ការលួចនាំចូលសត្វជ្រូក
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា នឹងបន្តចុះទៅតាមបណ្ដាខេត្តជាប់ព្រំដែនប្រទេសវៀតណាមជារៀងរាល់ថ្ងៃ ដើម្បីទប់ស្កាត់ការលួចនាំចូលសត្វជ្រូក រហូតទាល់តែលែងមានការនាំចូល។ ការអះអាងនេះ បន្ទាប់ពីសមាគមបានសង្កេតឃើញថា មានការលួចនាំចូលសត្វជ្រូកដោយខុសច្បាប់ជាច្រើនពីប្រទេសវៀតណាម ដែលនឹងធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក និងអាចនាំជំងឺប៉េស្ដជ្រូកអាហ្រ្វិក ចូលមកកម្ពុជាផងដែរ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៤ ខែឧសភានេះថា ដោយសារតែមានការត្អូញត្អែរ ពីប្រជាពលរដ្ឋដែលអ្នកចិញ្ចឹមសត្វជ្រូក ជុំវិញការនាំចូលសត្វជ្រូកដោយខុសច្បាប់ពីប្រទេសវៀតណាមនោះ លោក និងក្រុមការងារបានចុះទៅតាមបណ្ដាខេត្ត នៅជាប់ព្រំដែនប្រទេសវៀតណាម ហើយបានស្នើសុំអាជ្ញាធរពាក់ព័ន្ធ ជួយទប់ស្កាត់ការនាំចូលសត្វជ្រូកនេះ ផងដែរ។

លោកថា «ដោយសារការព្រួយបារម្ភពីសមាគម ជួសមុខឲ្យកសិករយើងទូទាំងប្រទេសហ្នឹង ក៏ដូចជាបងប្អូនប្រជាពលរដ្ឋយើង ដោយសារការនាំសត្វសព្វថ្ងៃនេះ វាអនាធិបតេយ្យ ដោយសារគ្មានការត្រួតពិនិត្យ គ្មានច្បាប់ទម្លាប់ត្រឹមត្រូវទីមួយ ហើយទីពីរនោះឃើញថា ឈ្នួញដែលយកមកនោះ គាត់ដាក់តាមច្រករបៀងមកហូរហែរ បានសេចក្ដីថា សកម្មភាពីមួយថ្ងៃទៅមួយថ្ងៃកើនឡើងៗ កើនឡើងរហូតដល់ទៅប្រជាពលរដ្ឋគាត់ត្អូញត្អែរថា សមាគមអត់ជួយធ្វើការដើម្បីទប់ស្កាត់ ឬក៏តាមដានមើលថាតើពិតប្រាកដវាអញ្ចឹងអត់ ដូច្នេះខ្ញុំបង្ខំចិត្តក៏ទៅធ្វើការតាមព្រំដែន ព្រមទាំងដាក់លិខិតសុំឲ្យស្ថាប័នពាក់ព័ន្ធជួយទប់ស្កាត់ទីមួយ ទីពីរក៏ដាក់លិខិតសុំជួប»។

បើតាមលោក ស្រ៊ុន ពៅ ខេត្តដែលមានឈ្មួញ លួចនាំចូលសត្វជ្រូកពីប្រទេសវៀតណាម រួមមាន៖ តាកែវ, ស្វាយរៀង, ព្រៃវែង, ត្បូងឃ្មុំ, ដោយមួយថ្ងៃអាចមានរហូតដល់ជិត ១ពាន់ក្បាល។ ការលួចនាំចូលនេះ បានធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក និងអាចនាំចូលនូវជំងឺប៉េស្ដជ្រូកអាហ្រ្វិក ផងដែរ។ តែយ៉ាងណាក៏ដោយ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានកត់សម្គាល់ឃើញថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំជាបន្តបន្ទាប់ចំពោះការទប់ស្កាត់ និងបង្រ្កាបការលួចនាំចូលសត្វជ្រូកខុសច្បាប់នេះ។

លោក ស្រ៊ុន ពៅ បានប្ដេជ្ញាចិត្តថា នឹងបន្តចុះទៅតាមបណ្ដាខេត្តជាប់ព្រំដែនវៀតណាមជារៀងរាល់ថ្ងៃ ដើម្បីទប់ស្កាត់ការលួចនាំចូល សត្វជ្រូកខុសច្បាប់ពីប្រទេសវៀតណាមនេះ រហូតដល់ទាល់តែលែងមានការលួចនាំចូល។ លោកថា «ចឹងសមាគម នៅតែតាមដាន នៅតែបំពេញភារកិច្ច តាមដាននៅតាមព្រំដែនរៀងរាល់ថ្ងៃ រហូតដល់ទាល់តែវាស្ងប់ស្ងាត់ផុតទៅ»។
សូមជម្រាបថា នាពេលបច្ចុប្បន្ននេះ តម្លៃជ្រូករស់នៅតាមទ្រុង និងកសិដ្ឋាននានាក្នុងប្រទេសកម្ពុជា មានប្រមាណជា ១២,០០០ ទៅ ១៣,០០០រៀល ក្នុងមួយគីឡូក្រាម ហើយសម្រាប់ថ្លៃដើមផលិតវិញ គឺ ១២,០០០រៀលក្នុងមួយគីឡូក្រាម។ នេះបើតាមលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដដែល៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


