Connect with us

សន្តិសុខសង្គម

ចិញ្ចើមផ្លូវក្រុងតាខ្មៅស្ទើរលែងមាន ខណៈក្រុមអាជីវករយកធ្វើអាជីវកម្មប្រយោជន៍ផ្ទាល់ខ្លួន

បានផុស

នៅ

បច្ចុប្បន្ន គេសង្កេតឃើញថា ចិញ្ចើមផ្លូវ សម្រាប់សិស្សានុសិស្ស និងប្រជាពលរដ្ឋធ្វើដំណើរមានសុវត្ថិភាព នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ស្ទើរលែងមាន ដោយសារក្រុមអាជីវករមួយចំនួនបានយក​ចិញ្ចើមផ្លូវទាំងនោះធ្វើអាជីវកម្ម ជាប្រយោជន៍ផ្ទាល់ខ្លួន ខណៈអាជ្ញាធរអនុវត្តវិធានការចុះអប់រំរួច ក្រោយមកអ្វីៗត្រឡប់មកដដែលៗវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ លើកឡើងថា ចិញ្ចើមផ្លូវជាផ្លូវសម្រាប់អ្នកថ្មើរជើង តាមបណ្តោយផ្លូវជាតិលេខ២ ចាប់ពីគល់ស្ពានព្រែកត្នោត រហូតដល់មុខមន្ទីរពេទ្យបង្អែកជ័យជំនះ លែងមានហើយ មានតែការតាំងលក់ចាប់ហួយ ម្ហូបអាហារ ម៉ូតូ យ៉ាងអនាធិបតេយ្យ។

ចំណែកផ្លូវមុខវិទ្យាល័យ ហ៊ុន សែន សេរីភាព វិញ ត្រូវបានក្រុមអាជីវករដាក់រទេះលក់ពេញចិញ្ចើមផ្លូវ ធ្វើឱ្យសិស្សានុសិស្សមិនមានផ្លូវដើរ ឬត្រូវចុះដើរមកផ្លូវធំ ដែលប្រឈមនឹងគ្រោះថ្នាក់បំផុត។ ជាមួយគ្នានេះ ផ្លូវលេខ២១ វិញ ចិញ្ចើមផ្លូវក៏លែងមានដែរ ដោយមានការតាំងលក់ម៉ូតូ និងទូរស័ព្ទពេញចិញ្ចើមផ្លូវ។ ចិញ្ចើមផ្លូវក្បែរមន្ទីរក្រសួងអប់រំ យុវជននិងកីឡា ខេត្តកណ្តាល វិញ សុទ្ធតែទូរលក់កាហ្វេ ដាក់លក់ពេញចិញ្ចើមផ្លូវ សម្រាប់ថ្មើរជើង។

អ្នកលក់ដូរបង្ហើបខ្លះៗថា ការដាក់តាំងលក់បែបនេះបាន ដោយសារក្រុមអាជីវករ បានបង់លុយឱ្យអាជ្ញាធរ សង្កាត់ក្រុងតាខ្មៅ ទើបលក់បាន មិនមែនចេះតែដាក់លក់បាននោះទេ។

ជុំវិញបញ្ហានេះ ភ្នាក់ងារព័ត៌មាន បានទាក់ទង លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ តែលោកឆ្លើយថា កំពុងរវល់ប្រជុំ រួចក៏បិទទូរស័ព្ទ។

ប្រជាពលរដ្ឋសង្ឃឹមថា មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ នឹងពិនិត្យ និងដោះស្រាយករណីនេះជូន​សាធារណជនប្រកបដោយប្រសិទ្ធភាព៕

អត្ថបទ៖ ឆៃ យ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម