ព័ត៌មានជាតិ
វត្តចំណាស់ជាងគេអាយុជាង ៣០០ ឆ្នាំ សម័យខ្មែរក្រហមប្រែក្លាយជាគុកសម្លាប់មនុស្ស
វត្តសំរោងក្នុងមកដល់សព្វថ្ងៃនេះមានអាយុកាល ៣១៦ ឆ្នាំហើយ។ ក្នុងចំណោមវត្តចាស់ៗជាច្រើនទៀតក្នុងខេត្តបាត់ដំបង វត្តសំរោងក្នុងមានអាយុកាលចាស់ជាងគេ ហើយវត្តនេះមានទីតាំងស្ថិតនៅក្នុងភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ស្របតាមដងស្ទឹងសង្កែត្រើយខាងកើតតាមដងផ្លូវក្រាលកៅស៊ូ ១ ខ្សែដែលមានចម្ងាយជាង ៦ គីឡូម៉ែត្រពីទីរួមខេត្ត។
វត្តបុរាណដែលមានអាយុកាលចាស់ជាងគេមួយនេះ សាងសង់លើផ្ទៃដីសរុប ២៩,៩៣៧ ម៉ែត្រក្រឡា ដែលមានព្រំ ប្រទល់ខាងកើតទល់នឹងមាត់អូរសំរោងក្នុង ខាងជើងទល់នឹងអនុវិទ្យាល័យសំរោងក្នុងនិងភូមិអ្នកស្រុក ខាងត្បូងទល់នឹង ភូមិអ្នកស្រុក និងខាងលិចទល់នឹងវាលស្រែឈ្មោះថា “វាលកោះ”។

បើតាមលោក ហម អារុណ ប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍ខេត្តបានរៀបរាប់ឲ្យកម្ពុជាថ្មីដឹងតាមព្រឹទ្ធាចារ្យម្នាក់ឈ្មោះ “ប៉ក់” ដែលចាស់ៗពីដើមស្គាល់ជាមនុស្សដ៏សំខាន់ម្នាក់រស់នៅក្នុងឃុំសំរោងក្នុង ដែលជាអ្នកសតិពូកែចងចាំបានរៀបរាប់ឲ្យដឹងពីប្រវត្តិវត្តសំរោងក្នុងនេះ។
បើតាមព្រឹទ្ធាចារ្យរូបនេះ វត្តសំរោងក្នុងបានកកើតឡើងក្នុងឆ្នាំជូតសំរឹទ្ធិស័ក្ក ព.ស ២៥៥០ គ.ស ១៧០៧។ វត្តនេះបានដាក់ឈ្មោះតាមដើមសំរោងដ៏ធំមួយដែលមានអង្កត់ ២ ម៉ែត្រ ហើយជាកន្លែងដែលធុត្តុង្គជ័យតាំងអាស្រម ហើយបន្ទាប់មកក៏ក្លាយជាកន្លែងស័ក្កិសិទ្ធ សម្រេចបំណងក្នុងការបន់ស្រន់តាមអបិយជំនឿរបស់អ្នកមុខអ្នកការ និងប្រជាពលរដ្ឋរហូតមកដល់សព្វថ្ងៃនេះតែម្តង។



តាមប្រវត្តិបន្តថា ព្រះវិហារចាស់ដែលបានសាងសង់នៅក្នុងវត្តសំរោងក្នុងសព្វថ្ងៃនេះ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៨៩០ ជំនួសព្រះវិហារចាស់មុន ដែលសង់អំពីឈើសុទ្ធដោយលោកម្ចាស់កថាថននុង និងសាងសង់ដោយទ្រព្យសម្បត្តិរបស់លោកម្ចាស់ នាយព្រះឃ្លាំងម៉ៅ និងលោកជំទាវ អីង ត្រូវជាឪពុកក្មេកលោកម្ចាស់ កថាថនឈុម ដែលជាស្តេចក្រាញ់ចុងក្រោយនៃខេត្តបាត់ដំបង សម្រាប់ព្រះសង្ឃធ្វើកម្មនានា “ឧបោសថកម្ម កឋិនកម្ម និងឧប្បសម្បទាកម្ម” ដោយធ្វើកិច្ចវត្តព្រឹកល្ងាចនៅផ្នែក (ឧបោសថកម្មកឋិនកម្មបរិវាសកម្ម និងឧប្បសម្បទាកម្ម) ធ្វើកិច្ចវត្តព្រឹកល្ងាចនៅផ្នែកខាងក្នុងព្រះវិហារ ដោយមានដាក់ដំកល់ពុទ្ធបដិមាដ៍សំខាន់មួយមានព្រះនាមអង្គជីរ៍។
សម្រង់សម្តីព្រឹទ្ធាចារ្យខាងលើបានបន្តថា នៅក្នុងឆ្នាំ ១៨៨៧ ព្រះគ្រូចៅអធិការទី ៧នៃវត្តសំរោងក្នុង បានកសាងប្រាសាទឥដ្ឋមួយ ដើម្បីដម្កល់អដ្ឋិធាតុព្រះចៅអធិការវត្តជំនាន់មុនៗ។
នៅសម័យខ្មែរក្រហមចាប់ពីឆ្នាំ ១៩៧៦ វត្តសំរោងក្នុងនេះត្រូវបានប្រែក្លាយពីបូជនីយដ្ឋាន មកជាគុករបស់ខ្មែរក្រហមទាំងស្រុង។ ពេលនោះព្រះសង្ឃទាំងអស់ក៏ត្រូវបានចាប់ផ្សឹក និងបង្ខំឲ្យធ្វើការងារផ្សេងៗជាទម្ងន់ដូចជា ជីកប្រឡាយដែលសព្វថ្ងៃអ្នកស្រុកហៅថា “ប្រឡាយលោក”។

បើតាមអ្នកស្រុក ដែលត្រូវខ្មែរក្រហមចាប់មកឃុំនៅវត្តសំរោងក្នុង ដែលនៅរស់រៀនមានជីវិតបានឲ្យដឹងថា សាលាបាយក្នុងវត្ត ត្រូវបានធ្វើជាគុកសម្រាប់ដាក់អ្នកទោសកម្រិតស្រាល។ រីឯសាលាធម្មសភាត្រូវបានប្រើសម្រាប់ឃុំឃាំងអ្នកទោសជាបុរសកម្រិតធ្ងន់ ហើយព្រះវិហារសម្រាប់ដាក់អ្នកទោសដែលភាគច្រើនជាស្ត្រី និងកុដិឈើធំមួយខ្នងនៅក្បែរព្រះវិហារថ្មី ជាកន្លែងស្នាក់នៅរបស់ពួកខ្មែរក្រហម។ ចំណែកអាគារមួយចំនួនទៀតក្នុងវត្ត ត្រូវបានខ្មែរក្រហមសម្រាប់ប្រើប្រាស់ធ្វើជាកន្លែងធ្វើទារុណកម្មដ៏ឃោរឃៅក្នុងការសួរចម្លើយ។
ប្រជាជនស្លូតត្រង់ជាច្រើនត្រូវបានពួកខ្មែរក្រហមសម្លាប់ និងទម្លាក់ក្នុងរណ្តៅនៅចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ លលាដ៍ក្បាលនិងអដ្ឋិធាតុប្រមាណ ១០០៨នាក់ ត្រូវបានគេជីកកកាយពីរណ្តៅហើយប្រមូលទុកក្នុងស្តូបសម្រាប់រំលឹកដល់មហាសោកនាដកម្មដ៍ឈឺចាប់និងខ្លោចផ្សាបំផុតរបស់ប្រជាជនខ្មែរ ដើម្បីឲ្យប្រជាជនខ្មែរស្អប់ខ្ពើមសង្គ្រាម និងឧទិ្ទសដល់វិញ្ញាណក្ខន្ធអ្នកដែលបាត់បង់ជីវិតនាសម័យនោះ។
ក្រោយពេលរបបខ្មែរក្រហមដួលរលំ វត្តសំរោងក្នុងត្រូវបានរំដោះនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ១៩៧៩ ហើយមានរណ្តៅសាកសពសរុបចំនួន ១០០រណ្តៅនៅជុំវិញបរិវេណបូជនីយដ្ឋាន។ ទើបសព្វថ្ងៃនេះអ្នកស្រុកនាំគ្នាគាស់កាយយកលលាដ៏ក្បាលមករក្សាទុកក្នុងសារមន្ទីរក្នុងវត្តដល់សព្វថ្ងៃនេះ សម្រាប់កូនខ្មែរគ្រប់រូបចងចាំជាប្រត្តិសាស្ត្រ ហើយរួមគ្នារក្សាសន្តិភាព ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនលើគ្រប់វិស័យទាំងបច្ចុប្បន្ននិងអនាគត៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រាសាទសក្ល នៅតែជាគោលដៅទាក់ទាញ សម្រាប់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ស្វែងយល់អរិយធម៌ខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ១១ ម៉ោង agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


