ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ៖ បើគណបក្សទាំង ៤ មិនយល់ចំណុចណាមួយ នៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ អាចសួរទៅកាន់ក្រសួងយុត្តិធម៌បាន
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានអះអាងថា ចំពោះការលើកឡើង របស់គណបក្សនយោបាយចំនួន ៤ នៅក្នុងញត្តិរួមគ្នាដាក់ជូនសម្តេចប្រធានរដ្ឋសភានោះ មិនដូចអ្វីដែលជាគោលបំណង និងខ្លឹមសារពិតប្រាកដ នៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះឡើយ។ ក្នុងនោះ ប្រសិនបើមន្ត្រីនៃគណបក្សនយោបាយទាំងនោះ មិនយល់នូវចំណុចណាមួយ នៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ អាចសាកសួរទៅកាន់ក្រសួងយុត្តិធម៌បាន។

ការអះអាងនេះ បន្ទាប់ពីមានគណបក្សនយោបាយចំនួន ៤ កាលពីថ្ងៃម្សិលមិញ បានយកញត្តិរួម ដាក់ជូនសម្តេចប្រធានរដ្ឋសភាពិចារណា ស្តីពី គម្រោងវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០ ដោយគណបក្សទាំងនោះ បានប្រកាសជំហរមិនគាំទ្រ និងសុំរដ្ឋសភាកុំឲ្យយកសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ មកអនុម័ត។
គណបក្សទាំងនោះ បានលើកឡើងអំពីការព្រួយបារម្ភថា គម្រោងវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះ នឹងអាចកាត់បន្ថយអំណាចសភាជាតិ, មិនគោរពគោលការណ៍ជាមូលដ្ឋាន នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស, និងបន្ថយសិទ្ធិអំណាចនិងតួនាទីអ្នកតំណាងរាស្រ្ត ជាដើម។
ពាក់ព័ន្ធនឹងការដាក់ញត្តិនេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២២ ខែកក្កដានេះថា អ្វីដែលគណបក្សនយោបាយទាំង ៤លើកឡើងនៅក្នុងញត្តិរួមគ្នា ក៏ដូចជាការរិះគន់នានានោះ គឺមិនដូចអ្វីដែលជាគោលបំណង និងខ្លឹមសារពិតប្រាកដ នៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះឡើយ។
លោក ជិន ម៉ាលីន មានប្រសាសន៍បន្តថា «អញ្ចឹងមិនដឹងថា គាត់បានមើលខ្លឹមសារលម្អិត ឬក៏អត់ ឬមួយក៏គាត់មើលដែរតែមិនយល់ អញ្ចឹងទេអញ្ចេះខ្ញុំស្នើឲ្យពួកគាត់ហ្នឹង ទីមួយមើលខ្លឹមសារហ្នឹងឲ្យយល់ ឬមួយក៏ស្ដាប់នូវការពន្យល់ របស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងសន្និសីទសារព័ត៌មានកាលពីសប្ដាហ៍កន្លងទៅ ដែលពន្យល់យ៉ាងក្បោះក្បាយទាំងទិដ្ឋភាពបច្ចេកទេស ទាំងទិដ្ឋភាពនយោបាយ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបន្ថែមថា ប្រសិនបើមន្ត្រីនៃគណបក្សនយោបាយទាំងនោះ មើលហើយនៅតែមិនយល់ទៀត គឺអាចសាកសួរមកក្រសួងយុត្តិធម៌នូវចំណុចណា ដែលពួកគេមិនយល់បាន ជាជាងការធ្វើអត្ថាធិប្បាយរិះគន់ ឬក៏ដាក់ញត្តិ ដែលខុសពីខ្លឹមសារ និងគោលបំណងពិតប្រាកដនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះ។
លោក ជិន ម៉ាលីន បានបន្តទៀតថា «ក៏ប៉ុន្តែក្នុងករណីដែលពួកគាត់យល់ហើយ ក៏ប៉ុន្តែធ្វើជាមិនយល់ ហើយបន្តការរិះគន់ ការអត្ថាធិប្បាយចោទប្រកាន់ដែលខុសពីគោលបំណង និងខ្លឹមសារពិតប្រាកដនៃការធ្វើវិសោធនកម្ម ដើម្បីគ្រាន់តែចំណេញផលប្រយោជន៍ផ្នែកនយោបាយ ក្រុមខ្លួន និងបក្ខពួកខ្លួននោះ អាហ្នឹងយើងក៏មិនដឹងពន្យល់ពួកគាត់យ៉ាងម៉េចទៀតដែរ ពីព្រោះយើងបានពន្យល់ក្បោះក្បាយលម្អិតគ្រប់ទិដ្ឋភាពអស់ហើយ នៅក្នុងសន្និសីទសារព័ត៌មាន របស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាសប្ដាហ៍កន្លងទៅ»។
លោករដ្ឋលេខាធិការ បានលើកឡើងទៀតថា ប្រសិនបើមន្ត្រីនៃគណបក្សនយោបាយទាំងនោះ នៅតែមិនយល់ទៀត គឺមានតែទុកឲ្យសាធារណជនធ្វើការវាយតម្លៃ នូវអ្វីដែលក្រសួងយុត្តិធម៌ពន្យល់លម្អិតក្បោះក្បាយ ទាំងទិដ្ឋភាពច្បាប់ ទិដ្ឋភាពនយោបាយ ទិដ្ឋភាពបច្ចេកទេស និងប្រវត្តិសាស្រ្ដ រួចទៅហើយនោះ។
សូមជម្រាបថា លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះ គឺអនុវត្តទៅតាមនីតិវិធី ដែលចែងក្នុងរដ្ឋធម្មនុញ្ញទាំងអស់ ដោយពុំមានអ្វីជាការលាក់បាំង ឬការសំងាត់ឡើយ ហើយការធ្វើវិសោធនកម្មនេះ គឺដើម្បីបំពេញចន្លោះខ្វះខាតរបស់រដ្ឋធម្មនុញ្ញកម្ពុជា និងការពារឧត្ដមប្រយោជន៍របស់ជាតិ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់