កីឡា
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្លាយជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក សម្រាប់អាណត្តិទី ៧
អង្គមហាសន្និបាតសហព័ន្ធខ្មែរកីឡាហែលទឹក បានសម្រេចបោះឆ្នោតជ្រើសរើសឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាប្រធានសហព័ន្ធកីឡាហែលទឹកសម្រាប់អាណត្តិទី ៧ ឆ្នាំ ២០២១-២០២៥។

នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២ សហព័ន្ធខ្មែរកីឡាហែលទឹក បានរៀបចំមហាសន្និបាតសហព័ន្ធ បញ្ចប់អាណត្តិទី ៦ ឆ្នាំ ២០១៧-២០២១ និងបន្តអាណត្តិទី ៧ ឆ្នាំ ២០២១-២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក។ ក្រៅពីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង អ្នកឧកញ៉ា ទ្រី ភាព ប្រធានក្រុមហ៊ុន ទ្រី ភាព គ្រុប អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកគ្រូបង្វឹក និងកីឡាករកីឡាការិនី នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

បន្ទាប់ពីត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ឯកឧត្តមទេសរដ្ឋមន្ត្រីប្រធានសហព័ន្ធ បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងក្នុងការស្វែងរកប្រភពថវិកាពីសប្បុរសជន និងក្រុមហ៊ុនឯកជននានា ដើម្បីអភិវឌ្ឍន៍វិស័យកីឡាហែលទឹកនៅកម្ពុជាឱ្យមានការរីកចម្រើន និងស្វែងរកមេដាយជូនជាតិឱ្យបានច្រើនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះឆ្នាំ ២០២៣ ខាងមុខនេះ។ ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើ និងជំរុញលើកទឹកចិត្តឱ្យកីឡាករ កីឡាការិនីទាំងអស់ខិតខំប្រឹងប្រែងហ្វឹកហាត់ឱ្យបានទៀងទាត់ គោរពតាមវិន័យរបស់សហព័ន្ធ ស្ដាប់ដំបូន្មានរបស់គ្រូបង្វឹកឱ្យបានម៉ឺងម៉ាត់ ដើម្បីត្រៀមយកមេដាយជូនជាតិយើងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខ។

ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញផ្ដល់កិត្តិយសប្រគល់រង្វាន់លើកទឹកចិត្តជូនក្រុមកីឡាករ ដែលទទួលបានជយលាភីមេដាយសំរឹទ្ធពីការប្រកួតកីឡាស៊ីហ្គេមលើកទី ៣១ ដែលបានប្រព្រឹត្តទៅនៅប្រទេសវៀតណាម។
មហាសន្និបាតនាពេលនេះ គឺគោរពតាមគោលការណ៍កំណែទម្រង់ស៊ីជម្រៅរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីភាពរឹងមាំខាងផ្នែករដ្ឋបាលកីឡា និងបច្ចេកទេសរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងការប្រកួតកីឡាជាអន្តរជាតិនានា ពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


