ព័ត៌មានអន្ដរជាតិ
អាមេរិក រៀបចំផែនការយោធា ដើម្បីការពារលោកស្រី Pelosi ពេលធ្វើទស្សនកិច្ច តៃវ៉ាន់
មន្ទីរបញ្ចកោណអាចបញ្ជូននាវា យន្តហោះ និងប្រព័ន្ធឃ្លាំមើលបន្ថែមទៀត ដើម្បីការពារប្រធានសភាអាមេរិក Nancy Pelosi ប្រសិនបើលោកស្រី ទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ មែន។ នេះបើតាមការចុះផ្សាយកាលពីថ្ងៃពុធទី២៧ខែកក្កដា របស់សារព័ត៌មាន AP ដោយដកស្រង់សម្តីមន្ត្រីអាមេរិក។

ទីភ្នាក់ងារព័ត៌មាននេះផ្សាយថា “ផែនការសម្រាប់ប្រើនៅគ្រាមានអាសន្ន” ដែលកំពុងត្រូវបានរៀបចំដោយយោធាអាមេរិកគឺ រួមមានការបង្កើត “តំបន់ការពារត្រួតស៊ីគ្នា” សម្រាប់ប្រធានសភា ក្នុងអំឡុងពេលហោះហើរទៅកាន់កោះតៃវ៉ាន់ និងការស្នាក់នៅរបស់លោកស្រី។
ក្រុមមន្ត្រីក៏បាននិយាយផងដែរ អំពីតម្រូវការក្នុងការបង្កើត “តំបន់ការពារ” នៅជុំវិញលោកស្រី Pelosi និងយន្តហោះរបស់លោកស្រី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ដោយត្រៀមខ្លួនសម្រាប់ឧប្បត្តិហេតុដែលអាចកើតមានទាក់ទងនឹងប្រទេសចិន។

យោងតាមក្រុមមន្ត្រី, សហរដ្ឋអាមេរិក ចាំបាច់ត្រូវមានសមត្ថភាពជួយសង្គ្រោះនៅនឹងកន្លែង ក្នុងអំឡុងពេលទស្សនកិច្ចនេះ។ ឧទ្ធម្ភាគចក្រ និងនាវាមួយចំនួន អាចត្រូវបានបញ្ជូនទៅកាន់តំបន់សម្រាប់គោលបំណងនោះ។ ការរំពឹងទុក អំពីការស្ទាក់ចាប់ ឬបង្ហាញកម្លាំងដោយយោធាចិន នឹងធ្វើឲ្យវាកាន់តែចាំបាច់សម្រាប់យន្តហោះអាមេរិក ក្នុងការមានវត្តមាននៅក្នុងតំបន់ អំឡុងដំណើរទស្សនកិច្ច។
សហរដ្ឋអាមេរិក មានកងកម្លាំងគ្រប់គ្រាន់រួចទៅហើយ នៅជុំវិញតំបន់ប៉ាស៊ីហ្វិក ហើយមន្ទីរបញ្ចកោណ អាចនឹងប្រើប្រាស់ពួកគេសម្រាប់ការការពារបន្ថែម ក្នុងអំឡុងពេលដំណើរទស្សនាកិច្ច។

ប្រធានអគ្គសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Mark Milley នាពេលថ្មីៗនេះ បានកត់សម្គាល់ថា ចំនួននៃការស្ទាក់ចាប់ដោយយន្តហោះ និងនាវារបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិក ដែលជាប់ពាក់ព័ន្ធនឹងកងកម្លាំងអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ បានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Milley មិនបានធ្វើអត្ថាធិប្បាយអំពីវិធានការជាក់លាក់ណាមួយ ដែលអាចត្រូវបានអនុវត្តដើម្បីធានាសុវត្ថិភាពរបស់លោកស្រី Pelosi នោះទេ ប៉ុន្តែនិយាយថា មន្ទីរបញ្ចកោណ នឹងធ្វើអ្វីដែលចាំបាច់ដើម្បីធានាសុវត្ថិភាពនៃដំណើរទស្សនកិច្ច។

ទីក្រុងប៉េកាំង ដែលចាត់ទុកកោះគ្រប់គ្រងដោយខ្លួនឯង ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន បានព្រមានម្តងហើយម្តងទៀតថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ អាចបង្កឲ្យមានប្រតិកម្មធ្ងន់ធ្ងរ និងមានផលវិបាកដែលមិនអាចទទួលយកបាន សម្រាប់ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា “ប្រសិនបើសហរដ្ឋអាមេរិកទទូចដើរតាមផ្លូវនេះ និងប្រជែងនឹងខ្សែបន្ទាត់ខាងក្រោមរបស់ប្រទេសចិននោះ ខ្លួនប្រាកដជានឹងឆ្លើយតបដោយកម្លាំង”។

លោកស្រី Pelosi ដំបូងឡើយមានគម្រោង ធ្វើដំណើរទៅតៃវ៉ាន់ក្នុងខែមេសា ប៉ុន្តែបានពន្យារពេលបន្ទាប់ពីឆ្លងជំងឺកូវីដ១៩។ មកទល់ពេលនេះ មិនទាន់មានការបញ្ជាក់អំពីកាលបរិច្ឆេទថ្មីណាមួយសម្រាប់ដំណើរទស្សនកិច្ចនោះទេ។
ប្រសិនបើលោកស្រីបន្តផែនការនេះមែននោះ លោកស្រីនឹងក្លាយជាសមាជិកសភាជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ដែលធ្វើដំណើរទៅកោះតៃវ៉ាន់ក្នុងរយៈពេល ២៥ ឆ្នាំ បន្ទាប់ពីអតីតប្រធានសភាអាមេរិក លោក Newt Gingrich បានបំពេញទស្សនកិច្ចតៃវ៉ាន់ក្នុងឆ្នាំ ១៩៩៧៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ហេតុអ្វីប្រធានសភាអាមេរិក ចង់ទៅតៃវ៉ាន់ ហើយហេតុអ្វីចិន ប្រឆាំងដំណើរទស្សនកិច្ចនេះ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


