ព័ត៌មានជាតិ
យុវតីខ្មែរ និយមស្លៀកសម្លៀកបំពាក់ប្រពៃណីក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញយុវនារីមួយចំនួនធំ និយមស្លៀកសម្លៀកបំពាក់ប្រពៃណីដូចជា អាចស ឬ អាវប៉ាក់ជាមួយសំពត់ហូលផាមួង ឬ សំពត់ក្បាច់ស្អាតឱ្យកត់សម្គាល់។ ការស្លៀកសម្លៀកបំពាក់ប្រពៃណីនេះ ក៏ជួយលើកស្ទួយវប្បធម៌របស់ខ្មែរ និងឲ្យបរទេសស្គាល់អត្តសញ្ញាណខ្មែរដូចគ្នា។

កញ្ញា សួរ លីណា វ័យ២៣ឆ្នាំ រស់នៅរាជធានីភ្នំពេញ បានឲ្យ “កម្ពុជាថ្មី” ដឹងថា ជាញឹកញាប់ កញ្ញានិយមស្លៀកសម្លៀកកបំពាក់បែបប្រពៃណីទៅវត្ត ទាំងឱកាសបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ។ កញ្ញាយល់ថា ការស្លៀកបែបប្រពៃណីទៅវត្ត គឺជារឿងមួយដែលសមរម្យ ថ្លៃថ្នូរ និងស្រស់ស្អាតជាខ្លាំង ជាពិសេសកញ្ញា លីណា សប្បាយចិត្តដែលបានស្លៀកសម្លៀកបំពាក់ខ្មែរ ក្នុងឱកាសបុណ្យជាតិ ដើម្បីលើកស្ទួយវប្បធម៌របស់ខ្មែរផងដែរ។

កញ្ញា សួរ លីណា បាននិយាយថា៖ “មានតែឱកាសបុណ្យទានអញ្ចឹងហើយ ទើបយើងបានស្លៀកសម្លៀកបំពាក់ខ្មែរ ដូច្នេះ យើងគួរតែពាក់វាទៅវត្តជាមួយគ្រួសារ មើលទៅឃើញស្អាត និងជួយលើកស្ទួយវប្បធម៌ខ្មែរផង។ ស្លៀកបែបខ្មែរអញ្ចឹង ខ្ញុំគិតថាមិនស្អុះស្អាប់ប៉ុន្មានទេ ព្រោះយើងទៅវត្តតែមួយភ្លែត។ តែប្រសិនទៅវត្តឆ្ងាយ យើងអាចយកខោអាវ ទៅប្តូរចេញ ពេលប្រគេនចង្ហាន់ព្រះសង្ឃរួចបានតើ។ អញ្ចឹង រឿងដែលថា ពាក់អាវប្រពៃណី ពិបាក មិនស្រួលខ្លួន មិនមែនជាបញ្ហាទេ សំខាន់យើងម្នាក់ៗប្តេជ្ញាបានប៉ុណ្ណា”។
ចំណែក កញ្ញា ហម សំរ៉ុង វ័យ២២ឆ្នាំ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រាប់ “កម្ពុជាថ្មី” ថា បច្ចុប្បន្ននេះ កញ្ញាសង្កេតឃើញនារីមួយចំនួនធំ ចូលចិត្តស្លៀកសំលៀកបំពាក់ប្រពៃណី សូម្បីតែកញ្ញាផ្ទាល់ក៏ដូចគ្នា។ កញ្ញាឃើញថា ការស្លៀកបែបប្រពៃណីទៅវត្ត មានអាវប៉ាក់ ជាមួយសំពត់ហូលផាមួង ឬ សំពត់ក្បាច់ធម្មតា សាកសមបំផុតជាមួយនឹងនារីខ្មែរ មានភាពសមរម្យ ថ្លៃថ្នូរជានារីខ្មែរ ដែលមានតាំងពីយូរយារណាស់មកហើយ ព្រមទាំងមើលទៅស្រស់ស្អាត សម្រាប់វប្បធម៌ និងប្រពៃណីរបស់ខ្មែរតែម្តង។

កញ្ញា ហម សំរ៉ុង បាននិយាយថា៖ “ប្រសិនបើចង់ឱ្យវប្បធម៌ខ្មែរគង់វង្ស មានតែកូនខ្មែរនេះហើយ ដែលជាអ្នថែរក្សា និងអភិរក្ស។ បើសិនជារដូវបុណ្យទានហើយ យើងនៅតែមិនពាក់ឈុតប្រពៃណីខ្មែរ បែរជាពាក់បែបថៃវិញ វានាំឱ្យជះឥទ្ធិពលមិនល្អដល់ វប្បធម៌ខ្មែរ។ តែឥលូវនេះល្អប្រសើរជាងមុនឆ្ងាយណាស់ នារីក្មេងៗពាក់ឈុតប្រពៃណីខ្មែរ ច្រើន មើលទៅសមសួនល្អណាស់ ថ្លៃដ្នូរទៀត”។
ចំពោះកញ្ញា អូន ស្រីមុំ វ័យ១៩ឆ្នាំ និស្សិតឆ្នាំទី២ នៅសាកលវិទ្យាភូមិន្ទភ្នំពេញ បានលើកឡើង ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឬ បុណ្យជាតិធំៗ មិនថាឆ្នាំនេះ ឬ ឆ្នាំកន្លងទៅ អត្រានៃនារីខ្មែរ ស្លៀកឈុតប្រពៃណីមានការកើនឡើងគួរឱ្យកត់សម្គាល់។ មិនតែប៉ុណ្ណោះ កញ្ញាក៏សង្កេតឃើញមានបរទេសមួយចំនួន ក៏បានឈុតប្រពៃណីខ្មែរ ចូលរួមពិធិបុណ្យ ឬ ពិធីផ្សេងៗក្នុងប្រទេសកម្ពុជាផងដែរ។
កញ្ញា អូន ស្រីមុំ បាននិយាយថា៖ “ខ្ញុំពីដំបូងគឺមិនហ៊ានពាក់ឈុតខ្មែរទៅវត្តទេ ព្រោះមានអារម្មណ៍ងថាអៀន តែនៅពេលឃើញគេពាក់ស្អាត ក៏សាកពាក់តាមដែរទៅ។ ពេលពាក់ទៅ មានអីស្អាតតើ ហើយចូលចិត្តទៀត។ ខ្ញុំក៏ចាប់ផ្តើមស្រលាញ់ និងទិញឈុតខ្មែរមកពាក់ ព្រមទាំងបបួលមិត្តភក្តិពាក់ជុំគ្នាទៅវត្តទៀត”។
កញ្ញាបានបន្តថា មិនត្រឹមតែបបួលមិត្តភក្តិ និងបងប្អូនពាក់ឈុតប្រពៃណីទៅវត្តប៉ុណ្ណោះទេ ស្រមុំ ក៏បានណែនាំ និងពន្យល់ពីសម្លៀកបំពាក់ប្រពៃណីខ្មែរនេះ ដល់មិត្តភក្តិជនជាតិបរទេសរបស់កញ្ញា ឱ្យស្លៀកសម្លៀកបំពាក់ខ្មែរផងដែរ។
គួរបញ្ជាក់ថា ការស្លៀកសម្លៀកបំពាក់ខ្មែរ គឺជាការបង្ហាញនូអត្តសញ្ញាណជាតិខ្មែរមួយដ៏ផូរផង់ ដែលខ្មែរមានតាំងពីសម័យបុរាណមកម្ល៉េះ។ សម្លៀកបំពាក់នីមួយៗ មានទៅតាមសម័យកាលផ្សេងៗគ្នា និងកម្មវិធីខុសគ្នាផងដែរ។ សម្លៀកបំពាក់ខ្មែរ មានតាមប្រភេទកម្មវិធីដូចជា សម្លៀកបំពាក់តាមពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យសព ពិធីបុណ្យភ្ជុំបិណ្ឌ ពិធីចូលឆ្នាំខ្មែរ ឬ ពិធីផ្សេងៗទៀត៕
ដោយ៖ អុន ស្រីមាន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


