ព័ត៌មានជាតិ
សាលា នេត យ៉ង់ មានប្រវត្តិទាក់ទងជនជាតិចិនភៀសខ្លួនមកកម្ពុជា ត្រៀមសាងសង់ថ្មីឡើងវិញ
វិទ្យាល័យ នេតយ៉ង់ ដែលមានអាយុកាលជិត ៧០ឆ្នាំមកហើយ ស្ថិតនៅកណ្តាលក្រុងបាត់ដំបង មានសភាពចាស់ទ្រុឌទ្រោម ទើបគណះបញ្ជាការខេត្តបានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យត្រៀមវាយអគារចាស់ទ្រុឌទ្រោមហើយសាងសង់អគារសិក្សាថ្មីឡើងវិញ។
លោក សុខ លូ អភិបាលខេត្តបានឲ្យដឹងថា ក្នុងកិច្ចប្រជុំដែលបានត្រៀមបើកការដ្ឋានសាងសង់ថ្មីនៃសាលា នេត យ៉ង់ នេះមានប្រវែង ១០៨ ម៉ែត្រ កម្ពស់ ៤ ជាន់ មានចំនួន ៤៨បន្ទប់ ដោយជាន់ក្រោមចំហទុកជាចំណតរថយន្តនិងម៉ូតូ។


ពាក់ព័ន្ធគម្រោងសាងសង់នេះ លោក សុខ លូ មិនបានឆ្លើយតបបញ្ជាក់នៅពេលដែលកម្ពុជាថ្មីដាក់សំនួរសួរថាតើចាប់ផ្តើមសាងសង់នៅពេលណា?ហើយធ្វើការសាសង់ថ្មីទាំងស្រុងឬតែមួយផ្នែកដែលទ្រុឌទ្រោម ? និងគ្រោងចំណាយថវិកាប៉ុន្មាន ? ហើយសាងសង់ដោយក្រុមហ៊ុនណា?។
ពាក់ព័ន្ធសាលាវិទ្យាល័យ នេត យ៉ង់ បើតាមប្រភពមួយបានឲ្យដឹងថា លោកឧកញ៉ាបំរុងរដ្ឋ សោ ហឺ គឺជាជនជាតិចិនដែលបានភៀសខ្លួនពីប្រទេសចិន ក្នុងសម័យប្រទេសចិនមានសង្រ្គាមផ្ទៃក្នុង។ លោកបានមករស់នៅនិងបានកសាងគ្រួសារមួយ ជាមួយលោកស្រីឈ្មោះ នេត យ៉ង់ ដែលជាភរិយា។
ដោយប្រកបរបរជាអ្នករត់រុឺម៉កកង់នៅក្នុងទីរួមខេត្តបាត់ដំបង និងជួញក្រណាត់ពីប្រទេសថៃមកលក់ផង ទើបលោកមានបានហើយបានជួយសាងសង់សាលារៀននៅក្នុងខេត្តជាបន្តបន្ទាប់។

ប្រភពដដែលបន្តទៀតថា នៅឆ្នាំ១៩៥២ លោក សោ ហឺ ក៏បានចូលរួមជាមួយនឹងសម្តេច សីហនុ ក្នុងការទាមទារឯករាជ្យដល់កម្ពុជានៅក្នុងខេត្តបាត់ដំបង ហើយលោកបានខិតខំគាំទ្រទាំងកម្លាំងកាយនិងសម្ភារ:ស្បៀងដល់អ្នកតស៊ូទាំងឡាយ។ បន្ទាប់ពីកម្ពុជាទទួលឯករាជ្យពេញបរិបូរណ៍នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ លោក សោ ហឺ ក៏បានចាប់ផ្តើមធ្វើកិច្ចការកសាងក្នុងនោះមានដូចជា៖ វិទ្យាល័យនេត យ៉ង់ អនុវិទ្យាល័យ សោ ហឺ និង វត្តកណ្តាល រួមនឹងស្នាដៃជាច្រើនទៀតផងដែរនៅក្នុងខេត្តបាត់ដំបង។
លោកស្រី នេត យ៉ង់ ដែលមានស្វាមីឈ្មោះ សោ ហឺ ជាសប្បុរសជន ដែលសង់សាលាបឋមសិក្សា សោ ហឺ នៅទីក្រុង បាត់ដំបង ដើម្បីផ្តល់ឱកាសដល់សិស្សក្រីក្រ។ សព្វថ្ងៃ សាលា សោហឺ បានត្រូវក្រសួងសិក្សាធិការតម្លើងទៅជាអនុវិទ្យាល័យមួយនៅក្នុងក្រុងបាត់ដំបង។ ចំណែកសាលា នេតយ៉ង់ មានអាគារបីអាគារដែរ គឺអាគារនេត យ៉ង់ អាគារ អ៊ាបប៉ូយគី និង អាគារមាតាបិតាសិស្ស។
អ៊ាបប៉ូយគឺ ជាឈ្មោះរបស់កូនប្រុសរបស់លោកតា អ៊ាប ឃុត ដែលបានធ្វើអំណោយសង់អាគារនៅ សាលា នេតយ៉ង់។
បើយោងតាមប្រភពមួយផ្សេងទៀតបានឲ្យដឹងថា សាលា នេត យ៉ង់ ដើមឡើយជាសាលាសម្រាប់តែសិស្សនារីៗរៀនមិនឲ្យសិស្សបុរសៗចូលរៀនបូកឡូកជាមួយឡើយ។ លុះដល់អំឡុងទសវត្ស ឆ្នាំ ៨០ចូល ៩០ ទើបផ្លាស់ប្ដូរឲ្យសិស្សរៀនចម្រុះមានប្រុសស្រីរហូតដល់សព្វថ្ងៃ។
អគារទីចាត់ការដែលបន្សល់តាំងពីឆ្នាំ១៩៥៣ រំលេចដោយរចនាបទបែបបារាំង តែងឆក់យកការចាប់អារម្មណ៍ពីអ្នកទេសចរណ៍ចង់គយគន់ទស្សនា។
ដោយសារមានគុណបំណាច់ជួយកសាងជាតិទើប សម្តេច សីហនុ ដែលជាព្រះប្រមុខរដ្ឋប្រទានងារជា «ឧកញ៉ាបំរុងរដ្ឋ» នៃព្រះរាជាណាចក្រកម្ពុជាតែម្តង៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ