ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ាណែត៖ ការផ្ទេរ-ទទួល អគារសាលាក្តីខ្មែរក្រហម ជាសក្ខីភាពបិទបញ្ចប់សាលាក្តីខ្មែរក្រហម
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍ថា ការផ្ទេរ-ទទួលទីតាំងអតីតសាលាក្តីខ្មែរក្រហម មកក្រោមការគ្រប់គ្រងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក មិនមានអត្ថន័យត្រឹមតែជាការផ្ទេរ-ទទួលអគារប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃការបិទបញ្ចប់ទាំងស្រុងនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម ដោយប្រែក្លាយពីទីកន្លែងផ្តល់យុត្តិធម៌ទៅជាទីកន្លែងសម្រាប់បន្តការងារការពារជាតិវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រគល់មួយផ្នែកនៃទីតាំងយោធានេះ សម្រាប់បម្រើឱ្យដំណើរការកាត់ក្តីខ្មែរក្រហមចាប់តាំងពីឆ្នាំ២០០៦ មក។

ការថ្លែងនេះ ធ្វើឡើងក្នុងពិធីផ្ទេរ-ទទួលទីតាំងអតីតសាលាក្តីខ្មែរក្រហម មកក្រោមការគ្រប់គ្រងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងបន្តថា ពន្លឺនៃយុត្តិធម៌ដែលទទួលបានពីដំណើរការកាត់ក្តីអស់រយៈកាល ១៦ ឆ្នាំកន្លងមកនេះ គឺជាការបិទទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់ប្រជាជនខ្មែរដែលជាជនរងគ្រោះនៃរបបដ៏សាហាវយង់ឃ្នង ក៏ដូចជាសម្រាប់មនុស្សជាតិទាំងមូល។ មួយវិញទៀត តុលាការនេះក៏បានផ្តល់ឱ្យពលរដ្ឋខ្មែរ ជាពិសេសអ្នកជំនាន់ក្រោយ នូវឱកាសបានដឹង និងបានឃើញជាក់ស្តែងនូវដំណើរការកាត់ក្តីមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីជាការអប់រំ និងការចងចាំអំពីសោកនាដកម្មដែលមិនត្រូវឱ្យកើតមានឡើងសាជាថ្មីម្តងទៀតឡើយទាំងនៅកម្ពុជា និងក្នុងពិភពលោកទាំងមូល។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមអបអរសាទរចំពោះជោគជ័យរបស់សាលាក្តីខ្មែរក្រហម ដែលជាសមិទ្ធផលដ៏ត្រចះត្រចង់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដឹកនាំដោយសពសម្តេចវិបុលបញ្ញា សុខ អាន ក៏ដូចជាការចូលរួមរបស់សហគមន៍អន្តរជាតិតាមរយៈអង្គការសហប្រជាជាតិ ដោយធានាបានទាំងការគោរពអធិបតេយ្យភាពជាតិ និងការធានាបាននូវស្តង់ដារយុត្តិធម៌អន្តរជាតិ។

ទាំងនេះ គឺជាការចូលរួមចំណែកផ្តល់នូវឧត្តមប្រយោជន៍នៃយុត្តិធម៌ ដែលធានាដល់ការថែរក្សាសុខសន្តិភាព សាមគ្គីភាពជាតិ និងការជួសជុលសំណងផ្លូវចិត្តមួយដ៏សំខាន់ចាំបាច់សម្រាប់ជនរងគ្រោះ និងក្រុមគ្រួសារ ក៏ដូចជាការរារាំងកុំឱ្យមានការកើតឡើងសាជាថ្មីនូវសោកនាដកម្មដ៏សែនឈឺចាប់ខ្លោចផ្សាដែលកម្ពុជាធ្លាប់បានទទួលរងគ្រោះក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមសម្តែងនូវការកោតសរសើរ និងការអរគុណចំពោះគ្រប់តួអង្គដែលបានចូលរួមចំណែកនៅក្នុងបេសសកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រនេះ រួមមាន៖ ចៅក្រម ព្រះរាជអាជ្ញា មេធាវី មន្ត្រីច្បាប់ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលតុលាការទាំងអស់ទាំងខាងភាគីជាតិ និងភាគីអន្តរជាតិ ដែលបានខិតខំបំពេញតួនាទី និងភារកិច្ច ប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ហើយជោគជ័យរបស់តុលាការខ្មែរក្រហម ក៏អាចត្រូវបានចាត់ទុកថា ជាជោគជ័យរួមសម្រាប់ទាំងអស់គ្នា ទាំងប្រជារាស្ត្រខ្មែរ រាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិទាំងមូល៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


