ព័ត៌មានជាតិ
គ.ជ.ប អំពាវនាវពលរដ្ឋទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យក្នុងបញ្ជីបោះឆ្នោតដំបូង ខណៈបិទផ្សាយនៅថ្ងៃស្អែក
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត។

ការអំពាវនាវនេះ គ្រាដែល គ.ជ.ប បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពលោក ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប ដើម្បីផ្សព្វផ្សាយអំពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅឃុំ សង្កាត់ទូទាំងប្រទេស ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា ឬ/និងពាក្យបណ្តឹងជំទាស់ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង កាលពីព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៣នេះ។

លោក ហ៊ីង ធីឫទ្ធិ បានមានប្រសាសន៍ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ នៅតាមឃុំ សង្កាត់ បានបញ្ចប់ជាស្ថាពរ ដោយជោគជ័យ ទោះបីជាមានបញ្ហាគ្រោះធម្មជាតិមួយចំនួន និងស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ក៏ដោយ។

លោក ហ៊ីង ធីឫទ្ធិ បន្តថា បន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត ក្នុងប្រព័ន្ធផ្ទុកទិន្នន័យរួចរាល់ ការងារដែល គ.ជ.ប ត្រៀមអនុវត្តបន្ត គឺ គ.ជ.ប ត្រូវធ្វើការបោះពុម្ពបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់នីមួយៗ ដើម្បីផ្តល់ជូនក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់បិទផ្សាយ។ គ.ជ.ប ក៏មានបង្ហោះនៅលើគេហទំព័ររបស់ គ.ជ.ប ផងដែរ គឺ voterlist.nec.gov.kh និងកម្មវិធីទូរស័ព្ទដៃឆ្លាតវៃ (App) NEC KH។
ដោយឡែកបញ្ជីបោះឆ្នោតដំបូងដែ លត្រូវបិទផ្សាយនៅតាមឃុំ សង្កាត់ ត្រូវមានទិន្នន័យសំខាន់ៗ ដូចខាងក្រោម៖
-ឈ្មោះ និងលេខកូដរាជធានី ខេត្ត
-ឈ្មោះ និងលេខកូដឃុំ សង្កាត់ និងឈ្មោះភូមិ
-ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត
-កូនប្រអប់ និងលេខរៀងនៃឈ្មោះក្នុងបញ្ជីបោះឆ្នោត
-អត្តលេខអ្នកបោះឆ្នោត
-រូបថតរបស់អ្នកបោះឆ្នោត
-នាមត្រកូល និងនាមខ្លួន ដែលរៀបចំតាមលំដាប់អក្ខរក្រមខ្មែរ
-ភេទ
-ថ្ងៃ ខែ ឆ្នាំកំណើតរបស់អ្នកបោះឆ្នោត
-លំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់នៃអ្នកបោះឆ្នោត។
លោក ហ៊ីង ធីឫទ្ធិ បានឲ្យដឹងថា កាលបរិច្ឆេទ នៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ ២០២២ នឹងត្រូវធ្វើនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ ដែលការបិទផ្សាយនេះត្រូវធ្វើព្រមគ្នានៅតាមឃុំ សង្កាត់ទូទាំងប្រទេស ហើយបញ្ជីទាំងពីរនេះ ត្រូវបិទនៅទន្ទឹមគ្នាលើទីតាំងតែមួយ ដើម្បីឲ្យអ្នកបោះឆ្នោតងាយស្រួល ក្នុងការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន។
លោក ហ៊ីង ធីឫទ្ធិ បានបញ្ជាក់ថា ចំនួនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ដែលត្រូវបិទផ្សាយមានចំនួន ៩.៧១០.៦៤៥នាក់។ ក្នុងនោះមានស្រីចំនួន ៥.១៦១.៩០៦នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ២៣.៧៨៩ការិយាល័យ។ ដោយឡែកប្រជាពលរដ្ឋដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតមានចំនួនសរុប ២៧១.១៤២នាក់។
ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត លោក ហ៊ីង ធីឫទ្ធិ បានបន្តថា ជនណាក៏ដោយមានសិទ្ធិប្ដឹងតវ៉ា ឬ/និងប្ដឹងជំទាស់ជាលាយលក្ខណ៍អក្សរ តាមទម្រង់បែបបទ ១២០២ ទៅក្រុមប្រឹក្សាឃុំ សង្កាត់ បន្ទាប់ពីថ្ងៃបិទផ្សាយ។ ចំពោះយន្តការ និងសមត្ថកិច្ចក្នុងការទទួល និងដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងបញ្ជីទាំងពីរនេះ មាន ៣ ថ្នាក់ គឺ៖
-ថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ គឺថា្នក់ដំបូង ដែលប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ អាចប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ ក្នុងរយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយហើយក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវដោះស្រាយក្នុងរយៈពេល ៣ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង។
-ថ្នាក់ គ.ជ.ប គឺក្នុងករណីអ្នកប្ដឹងតវ៉ា អ្នកប្ដឹងជំទាស់ ឬអ្នកត្រូវគេប្ដឹងជំទាស់ ឬតំណាងដែលមិនសុខចិត្តនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ មានសិទ្ធិប្ដឹងទៅ គ.ជ.ប ក្នុងរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលទម្រង់ ១២០៣ ពីក្រុមប្រឹក្សាឃុំ សង្កាត់។ គ.ជ.ប ត្រូវសម្រេចលើពាក្យបណ្ដឹងក្នុងរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង។
-ថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញ គឺក្នុងករណីអ្នកប្ដឹង ឬតំណាងដែលមិនសុខចិត្តនឹងសេចក្ដីសម្រេចរបស់ គ.ជ.ប មានសិទ្ធិប្ដឹងតវ៉ា ឬ/និងប្ដឹងជំទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃទទួលបានទម្រង់ ១២០៣ របស់ គ.ជ.ប។
ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ គ.ជ.ប ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដែលត្រូវបិទផ្សាយនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមទីប្រជុំជនណាមួយក្នុងឃុំ សង្កាត់ ព្រមទាំងមានបង្ហោះនៅក្នុងគេហទំព័ររបស់ គ.ជ.ប គឺ voterlist.nec.gov.kh និងកម្មវិធីទូរស័ព្ទដៃឆ្លាតវៃ (App) NEC KH៕
-
ព័ត៌មានជាតិ២២ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


