Connect with us

ព័ត៌មានជាតិ

រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ ស្នើអ្នកសារព័ត៌មានប្រើចំណេះជំនាញថ្មី ឱ្យស្របតាមក្រមសីលធម៌និងវិជ្ជាជីវៈ

បានផុស

នៅ

ទន្ទឹមនឹងចំណេះដឹងក្នុងវិស័យសារព័ត៌មាន និងចំណេះជំនាញបន្ថែមទាក់ទងនឹងការកាត់វីដេអូ រូបភាព ក៏ដូចជាការប្រើប្រាស់​ប្រព័ន្ធ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ប្រកប​ដោយ​សុវត្ថិភាព អ្នកសារព័ត៌មានក៏ត្រូវផ្ដោតសំខាន់ទៅលើក្រមសីលធម៌និងវិជ្ជាជីវៈផងដែរ។​
លោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្លែងបែបនេះនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ​ដល់​សិក្ខាកាម​ជាអ្នកសារព័ត៌មាន និងបុគ្គលិករដ្ឋ មកពី២៦ស្ថាប័ន នៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថល កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លីវ សុផាណារិទ្ធិ​ មានប្រសាសន៍​​ថា​ ក្នុងវិស័យសារព័ត៌មានឥឡូវមានការរីកចម្រើនច្រើន ហើយក្រុមអ្នកសារព័ត៌មាន​​ក៏​កាន់​តែ​មាន​កំណើន​ច្រើន​ឡើង ក៏ព្រោះតែបច្ចេកវិទ្យាបានផ្តល់ភាពងាយស្រួលខ្លាំងក្នុងការយកព័ត៌មាន។​ បើប្រៀបធៀបនឹងពីមុនដែលចាំបាច់ទាមទារឱ្យមានឧបករណ៍ថតសំឡេង កាមេរ៉ាសម្រាប់ផ្តិតយករូបភាពជាដើម តែ​បច្ចុប្បន្ន​មាន​ត្រឹម​តែ​ទូរស័ព្ទ​ដៃ​គឺ​អាច​ធ្វើ​កិច្ចការងារ​ជា​ច្រើន។

លោកបន្តថា អ្វីដែលគួរឱ្យកត់សម្គាល់ ភាពងាយស្រួលនេះ ធ្វើឲ្យវិស័យសារព័ត៌មានបែងចែកជាពីរ ដោយទីមួយជាសារព័ត៌មានដែលស្ថិតនៅក្រោមស្ថាប័នត្រឹមត្រូវ ដោយឡែក​មួយទៀត សូម្បីតែបុគ្គលផ្ទាល់ដែលមានត្រឹមតែទូរស័ព្ទដៃ ចេះប្រើប្រាស់បច្ចេកវិទ្យា ក៏អាចក្លាយជាអ្នកសារព័ត៌មានបាន។ ក្នុងនោះ លោកគូសបញ្ជាក់ដែរថា ថ្វីបើកំណើនវិស័យសារព័ត៌មានកាន់តែច្រើន អាចជារឿងល្អសម្រាប់ចែករំលែកព័ត៌មានពីគ្រប់ទិសទី ប៉ុន្តែអ្វីដែលអ្នកសារព័ត៌មានចាំបាច់ត្រូវផ្តោត គឺគុណភាព មិនមែនបរិមាណឡើយ។​

គួររំលឹកថា វគ្គបណ្ដុះបណ្ដាល​ខ្លីស្ដីពីជំនាញឌីជីថលជូនដល់សិក្ខាកាមដែលជាអ្នកសារព័ត៌មាននិងបុគ្គលិកស្ថាប័នរដ្ឋ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់ចំណេះជំនាញជូនដល់ក្រុមអ្នកសារព័ត៌មាន​សម្រាប់​បំពេញការងារនៅ​ក្នុង​វិស័យសារព័ត៌មាន​ឲ្យដើរទាន់សម័យទំនើបនៃសង្គមបច្ចេកវិទ្យា រយៈពេល​២ថ្ងៃ គឺថ្ងៃ៣០ ខែមិថុនា និងថ្ងៃទី០៥ ខែកក្កដា ​ឆ្នាំ២០២៣​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម