Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនភ្នាក់ងារទារប្រាក់កម្ចីអនឡាញខុសច្បាប់ ៣ រូប បញ្ជូនទៅតុលាការ

បានផុស

នៅ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ សហការជាមួយកម្លាំងមានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣រូប ដែលកំពុងធ្វើសកម្មភាពគំរាមកំហែងជនរងគ្រោះ នៅចំណុចបុរីមួយកន្លែង សង្កាត់ច្បារអំពៅ រាជធានភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យទាំង៣ បានសារភាពថា ខ្លួនបានបម្រើការជាភ្នាក់ងារឲ្យក្រុមហ៊ុនផ្ដល់កម្ចីអនឡាញមួយ ហើយខ្លួនបានដើរតួនាទីជាអ្នកបញ្ចុះបញ្ចូលរកអ្នកត្រូវការសេវាខ្ចីប្រាក់ និងជាអ្នកចុះទៅទារប្រាក់ពីអ្នកខ្ចីប្រាក់ទាំងនោះ ដែលជារឿយៗតែងតែគំរាមកំហែងដល់អ្នកដែលមិនបានសងប្រាក់ទាន់ពេលវេលា។ ជាមួយគ្នានោះ នាយកដ្ឋានបានរកឃើញថា ក្រុមហ៊ុនសេវាកម្មកម្ចីប្រាក់ទាំងនេះ គឺពុំមានអាជ្ញាប័ណ្ណ និងសុំច្បាប់អនុញ្ញាតពីធនាគារជាតិកម្ពុជាឡើយ។

ដោយឡែកនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នេះ នាយកដ្ឋាន បានបញ្ជូនជនសង្ស័យទាំង៣ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្វែងរកមេខ្លោង និងបក្សពួកបន្តទៀត។

យោងតាមប្រកាសរវាងអគ្គស្នងការនគរបាលជាតិ និងធនាគារជាតិកម្ពុជា ចុះថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា នឹងចាត់វិធានការតឹងរឹងតាមផ្លូវច្បាប់ចំពោះការផ្ដល់ឥណទានខុសច្បាប់ និងផ្សព្វផ្សាយនានា តាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្ដល់សេវាហិរញ្ញវត្ថុដែលគ្មានច្បាប់អនុញ្ញាត។ សេចក្តីប្រកាសរួម ក៏បានណែនាំឲ្យប្រជាពលរដ្ឋត្រូវជៀសវាងដាច់ខាតចំពោះការខ្ចីប្រាក់ពីអ្នកផ្ដល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ដែលពុំមានការអនុញ្ញាតពីធនាគារជាតិ។

​ដើម្បីជួយដល់អាជ្ញាធរពាក់ព័ន្ធអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា ប្រជាពលរដ្ឋដែលមានព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពផ្ដល់ឥណទានខុសច្បាប់ ត្រូវរាយការណ៍មកធនាគារជាតិកម្ពុជា តាមរយៈលេខទូរសព្ទ ៖ 0៨៨ ៦០០ ០០២, 0៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម