ព័ត៌មានជាតិ
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ៖ គួរឈប់និយាយពីបញ្ហាមូលដ្ឋានយោធាបរទេសនៅកម្ពុជាតទៅទៀត
នៅក្នុងកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធា នៅលើទឹកដីរបស់ខ្លួនឡើយ។ នេះបើតាមការឲ្យដឹងពីលោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

ការឲ្យដឹងនេះ គឺនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានទៅចូលរួមកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅក្នុងដំណើរបំពេញបេសសកម្មនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឡើងថ្លៃសុរន្ទកថា នៅលើវេទិកា នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣។ ក្នុងវេទិកានោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនូវសារនយោបាយសំខាន់ៗចំនួន ៣ ដើម្បីបញ្ជូនទៅកាន់សហគមន៍អន្តរជាតិ។
សារនយោបាយទាំងនោះ គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងទៅកាន់ពិភពលោកឲ្យយល់កាន់តែច្បាស់នូវជំហរឯករាជ្យ អព្យាក្រឹត្យរបស់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ។ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានរំលឹកសារនយោបាយសំខាន់ៗ ៣ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានថ្លែងនៅលើវេទិកានៃមហាសន្និបាតអង្គការសហប្រជាជាតិ។ ទី១. កម្ពុជា ក៏ដូចជាបណ្ដាប្រទេសនានាដែរ លើកកម្ពស់ និងតម្កល់ផលប្រយោជន៍ជាតិរបស់កម្ពុជាជាធំ។ ទី២. កម្ពុជា ពង្រឹងមិត្តភាពដែលមានស្រាប់ និងពង្រីកមិត្តភាពបន្ថែម បើកដៃ បើកបេះដូង ទៅរកមិត្តភាពថ្មី។ ទី៣. កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធា នៅលើទឹកដីកម្ពុជាទេ ដែលចំណុចនេះមានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
ចំណុចទី៣នេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា «ជារួម បើយើងវិលមករកករណីហ្នឹង បានន័យថា រឿងរ៉ាវជុំវិញមូលដ្ឋានយោធារាម អស់រយៈពេលជាច្រើនឆ្នាំមកហើយ ពេលនេះគួរតែបញ្ចប់ ត្រូវតែចប់ ពីព្រោះនេះជាលើកទីមួយបង្អស់ នៅលើវេទិកានៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលកម្ពុជាតាមរយៈសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ប្រកាសយ៉ាងចំហទៅកាន់ពិភពលោក ដោយយកពិភពលោកជាសាក្សី មិនអាចកើតមានទៅរួចទេ មូលដ្ឋានយោធាបរទេសនៅក្នុងប្រទេសកម្ពុជា»។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ចាប់ពីពេលនេះតទៅ គួរឈប់និយាយពីបញ្ហាមូលដ្ឋានយោធាបរទេសនៅកម្ពុជាតទៅទៀត ពីព្រោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសប្រាប់ពិភពលោករួចហើយថា កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធា នៅលើទឹកដីរបស់ខ្លួន នោះឡើយ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


