Connect with us

ព័ត៌មានជាតិ

បច្ចុប្បន្ន កម្ពុជាមានវចនានុក្រមខ្មែរចំនួន ៣ សម្រាប់ដាក់ឱ្យសាធារណជនប្រើប្រាស់

បានផុស

នៅ

សព្វថ្ងៃ កម្ពុជា មានវចនានុក្រមចំនួន៣ ដែលមានទាំងការពន្យល់ពាក្យ និងសូរអាន ដាក់ឱ្យសាធារណជនបានប្រើប្រាស់ មានភាពងាយស្រួល និងស្របតាមតម្រូវការបច្ចុប្បន្នរបស់សង្គមខ្មែរដែលមានការវិវត្តភាសាឥតឈប់ឈរ។ វចនានុក្រមទាំង៣មានដូចជា វចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត វចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ដឹកនាំរៀបចំដោយលោកបណ្ឌិត ព្រុំ ម៉ល់ និងវចនានុក្រមខ្មែរឆ្នាំ២០២២ រៀបចំដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។

១.វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត

វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ត្រូវបានបោះពុម្ពជាលើកទី៥ ឆ្នាំ១៩៦៧ ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ សម្រាប់ដាក់ឱ្យមហាជនប្រើប្រាស់ជាប្រយោជន៍ ដែលជាវចនានុក្រមដើមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត តែម្តង។ បើគិតមកដល់ពេលនេះ វចនានុក្រមដែលបោះពុម្ពលើកទី៥នេះ មានអាយុកាល ៥៦ឆ្នាំមកហើយ រាល់បោះពុម្ពម្តងៗ គឺមិនបានបញ្ចូលពាក្យថ្មីនៅក្នុងវចនានុក្រមរបស់ព្រះអង្គឡើយ។ វចនានុក្រមរបស់សម្តេចសង្ឃ មានប្រហែលជាង ២ម៉ឺនពាក្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របតាមសម័យឌីជីថល និងសង្គមបច្ចុប្បន្ន វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ត្រូវបានដាក់បញ្ចូលឱ្យដំណើរការនោះលើប្រព័ន្ធអេចឡិចត្រូនិច ដោយអាចទាញយកបានទាំងក្នុងទូរសព្ទប្រភេទ IOS និង Android និងអាចដំឡើងនៅលើកុំព្យូទ័រ ដើម្បីផ្តល់ភាពងាយស្រួល និងឆាប់រហ័សដល់អ្នកប្រើប្រាស់។ វចនានុក្រមខ្មែរដែលបានបញ្ចូលក្នុងប្រព័ន្ធអេឡិចត្រូវនិចនេះ ត្រូវបានបង្កើតឡើងដោយអ្នកជំនាញខាងព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមានការរៀបចំដោយ លោក អូន ព័ន្ធមុនី្នរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការគាំទ្រដោយអគ្គិសនីកម្ពុជា។

២.វចនានុក្រមភាសាខ្មែរបច្ចុប្បន្ន

វចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ត្រូវបានដឹកនាំរៀបរៀងដោយលោកបណ្ឌិត ព្រុំ ម៉ល់ មាន២ភាគ ហើយត្រូវបានផ្តួចផ្តើម និងផ្តល់ថវិការៀបចំរាប់ម៉ឺនដុល្លារទាំងការបោះពុម្ព ដំណើរការរៀបចំ និងទិញសម្ភារផ្សេងៗ ដោយលោកបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានគម្រោងវចនានុក្រមខ្មែរបច្ចុប្បន្ន។

វចនានុក្រមនេះ ត្រូវបានបោះពុម្ពលើកទី១ ដាក់ឱ្យប្រើប្រាស់កាលពីចុងខែសីហា ឆ្នាំ២០២១កន្លងទៅ ក្នុងនោះបោះពុម្ពភាគទី១ ចាប់ពីអក្សរ ក ដល់អក្សរ ន ចំណែកភាគទី២ នៅមិនទាន់បានរៀបរៀងរួចរាល់នៅឡើយទេ។ គោលបំណងនៃការរៀបរៀងវចនានុក្រមនេះឡើង គឺដើម្បីបន្ស៊ីគ្នា រវាងវចនានុក្រមរបស់សម្តេជព្រះសង្ឃរាជ ជួន ណាត និងភាសាខ្មែរបច្ចុប្បន្ន ដោយដាក់បញ្ចូលនូវពាក្យថ្មីៗមួយចំនួនតាមសង្គមជាក់ស្តែង ដោយយកវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ជាគោល។

ក្រៅពីបោះពុម្ព វចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ក៏មានដាក់ឱ្យប្រើប្រាស់នៅលើប្រព័ន្ធឌីជីថល សម្រាប់ទូរសព្ទ IOS និង Android ព្រមទាំងអាចដំឡើងនៅលើកុំព្យូទ័របានដូចគ្នា គ្រាន់តែសរសេរស្វែងរកនៅលើ App Store និង Play Store ថា (Khmer Dictionary Update) ។ ចំពោះការដាក់វចនានុក្រមនេះនៅលើប្រព័ន្ធអេឡិចត្រូនិច គឺរៀបចំដោយលោក គឹម សិរីវុឌ្ឍ ជំនួយការសម្តេចតេជោ ហ៊ុន សែន មិនគិតថ្លៃនោះទេ។

៣.វចនាក្រមខ្មែរឆ្នាំ២០២២

វចនានុក្រមខ្មែរឆ្នាំ២០២២ ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន និងរៀបរៀងដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលមានលោកបណ្ឌិត ហ៊ាន សុខុម ជាប្រធាន និងមានសមាសភាពគណៈកម្មការចំនួន ៦៥អង្គ/នាក់ ចូលរួមស្រាវជ្រាវ នឹងរៀបរៀងឡើង។ គណៈកម្មការចំនួន ៦៥អង្គ/នាក់ ដែលចូលរួមធ្វើបច្ចុប្បន្នកម្មវចនានុក្រមខ្មែរនេះ មានដូចជាបញ្ញវន្តគ្រប់វ័យ ព្រឹទ្ធាចារ្យ និងព្រះសង្ឃ ដែលមានជំនាញភាសាវិទ្យា អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ សេដ្ឋកិច្ចជាដើម។ វចនានុក្រមនេះ ទើបតែដាក់សម្ពោធ​ឱ្យប្រើប្រាស់នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជបណ្ឌិត្យសភាកម្ពុជា។

វចនានុក្រមខ្មែរឆ្នាំ២០២២ មានពាក្យសរុប ៤ ៤៦៩៧ពាក្យ និងមេពាក្យចំនួន ៣១ ០៧៣ពាក្យ ចំណាយរយៈពេល ៥ឆ្នាំក្នុងការស្រាវជ្រាវ និងរៀបរៀង តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។ មុននឹងបោះពុម្ពឱ្យប្រើប្រាស់ ក្រុមការងារក៏បានបង្កើតជា Software វចនានុក្រម ដើម្បីដាក់ឱ្យអ្នកប្រើប្រាស់ភាសាខ្មែរមានមតិយោបល់សម្រាប់កែតម្រូវរយៈពេល ៦ខែផងដែរ។

ក្នុងដំណើរការរៀបចំ ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានយកវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ជាគោល ព្រមទាំងបានបន្ថែមពាក្យថ្មីមួយចំនួន ទាំងពាក្យបច្ចេកទេសក្នុងវិស័យផ្សេងៗ ស្របតាមតម្រូវការ និងការប្រើប្រាស់របស់សង្គមខ្មែរបច្ចុប្បន្ន។ នៅក្នុងការដាក់សម្ពោធនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានធ្វើការបោះពុម្ពលើកទី១ត្រឹមតែ ៧០០ក្បាលប៉ុណ្ណោះ សម្រាប់ជូនដល់ក្រសួង និងស្ថាប័នរដ្ឋនានា ថ្នាក់ដឹកនាំ និងឥស្សរជនមួយចំនួននៅក្នុងប្រទេសកម្ពុជា។ ដោយឡែក វចនានុក្រមនេះ បានបើកទូលាយឱ្យមានការប្រើប្រាស់នៅប្រព័ន្ធឌីជីថល មានទាំងនៅលើទូរសព្ទ IOS និង Android ហើយកុំព្យូទ័រ ដូចវចនានុក្រម២ ផ្សេងទៀតដែរ។

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម