Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden ជំរុញលោក Netanyahu ឲ្យផ្អាកបាញ់៣ថ្ងៃសិន ដើម្បីធានាការដោះលែងចំណាប់ខ្មាំង

បានផុស

នៅ

តាមសេចក្តីរាយការណ៍ ប្រធានាធិបតីអាមេរិកលោក Joe Biden បានជំរុញនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ឲ្យផ្អាកការវាយប្រហារប្រឆាំងនឹងក្រុមហាម៉ាស រយៈពេលបីថ្ងៃសិន ដោយនិយាយថា ការឈប់ប្រយុទ្ធគ្នាបែបនេះនៅតំបន់ហ្គាហ្សា អាចឲ្យអ្នកចរចាធានាការដោះលែងចំណាប់ខ្មាំងបន្ថែមទៀតបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu (ឆ្វេង) និង ប្រធានាធិបតីអាមេរិកលោក Joe Biden (រូបថត៖ AFP)

សារព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃអង្គារទី៧ខែវិច្ឆិកាថា ក្រោមសំណើដែលកំពុងពិភាក្សារវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងកាតា, ក្រុមហាម៉ាសនឹងដោះលែងចំណាប់ខ្មាំងពី១០ទៅ១៥នាក់ ក្នុងអំឡុងការផ្អាកបាញ់រយៈពេល៣ថ្ងៃ និងផ្ទៀងផ្ទាត់អត្តសញ្ញាណនៃអ្នកជាប់ឃុំដែលនៅសេសសល់ ខណៈក្រុមសកម្មប្រយុទ្ធ ក៏នឹងផ្តល់បញ្ជីឈ្មោះចំណាប់ខ្មាំងទាំងនោះផងដែរ។

លោក Biden និង Netanyahu បានពិភាក្សាគ្នាលើសំណើនេះ ក្នុងអំឡុងពេលការហៅទូរស័ព្ទរបស់អ្នកទាំងពីរកាលពីថ្ងៃចន្ទ។ ថ្វីបើមានការប្រឆាំងជាបន្តចំពោះបទឈប់បាញ់ទូទៅ ក្នុងសង្គ្រាមជាមួយក្រុមហាម៉ាសក៏ដោយ ប៉ុន្តែប៉ុន្មានថ្ងៃថ្មីៗនេះ មន្ត្រីអាមេរិកបានលើកឡើងម្តងហើយម្តងទៀតថា ការផ្អាកជាយុទ្ធសាស្ត្រនេះ អាចត្រូវបានប្រើដើម្បីដោះលែងចំណាប់ខ្មាំង ទទួលបានជំនួយមនុស្សធម៌បន្ថែមទៀតចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប និងអនុញ្ញាតឲ្យជនស៊ីវិលប៉ាឡេស្ទីនបន្ថែមទៀតអាចជម្លៀសចេញពីតំបន់ដែលអ៊ីស្រាអែលទម្លាក់គ្រាប់បែកមកលើផងដែរ ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Netanyahu បានច្រានចោលនូវលទ្ធភាពនៃបទឈប់បាញ់ ដោយនិយាយថា ការអំពាវនាវឲ្យបញ្ឈប់ការប្រយុទ្ធគ្នាបែបនេះ គឺជាការអំពាវនាវឲ្យអ៊ីស្រាអែលចុះចាញ់ក្រុមហាម៉ាស។ លើសពីនេះ លោកបានទាមទារឲ្យក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងប្រហែល២៤០នាក់សិន មុនពេលឈប់បាញ់មួយ អាចត្រូវបានពិចារណា។

សូមបញ្ជាក់ជាថ្មី យុទ្ធជនហាម៉ាស បានសម្លាប់មនុស្សប្រមាណ ១៤០០នាក់ ក្នុងអំឡុងពេលនៃការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ហើយថែមទាំងចាប់មនុស្សជាច្រើនធ្វើជាចំណាប់ខ្មាំងទៀតផង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អ៊ីស្រាអែល តាមសម្លាប់មេទ័ពក្រុមហាម៉ាស ដែលខ្លួនធ្លាប់កាត់ទោសដាក់ពន្ធនាគារ៤២៦ឆ្នាំ តែដោះលែងវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម