ព័ត៌មានអន្ដរជាតិ
ឥណ្ឌា បញ្ជូននាវាចម្បាំង៣គ្រឿងទៅសមុទ្រអារ៉ាប់ ក្រោយការវាយប្រហារលើកប៉ាល់ដឹកប្រេង
កាលពីថ្ងៃអង្គារទី២៦ខែធ្នូ ប្រទេសឥណ្ឌាបានបញ្ជូននាវាចម្បាំងចំនួន៣គ្រឿងទៅសមុទ្រអារ៉ាប់ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើក វាយប្រហារកប៉ាល់ពាណិជ្ជករមានទំនាក់ទំនងជាមួយអ៊ីស្រាអែល នៅឯឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួនកាលពីសប្តាហ៍មុន។

កប៉ាល់ MV Chem Pluto ដែលមាននាវិកជាជនជាតិឥណ្ឌា២១នាក់ និងវៀតណាមម្នាក់ ត្រូវរងការបាញ់ប្រហារ ក្នុងសមុទ្រនៅចម្ងាយប្រហែល ៣៧០គីឡូម៉ែត្រ ពីឆ្នេរនៃរដ្ឋ Gujarat ភាគខាងលិច។ ការវាយប្រហារ បង្កជាអគ្គិភ័យឆាបឆេះ ប៉ុន្តែ ក្រុមនាវិកពន្លត់ទាន់ពេល ហើយមិនមានអ្នកណារងរបួសទេ។
យ៉ាងណា គ្មានក្រុមណាចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះឡើយ ប៉ុន្តែសហរដ្ឋអាមេរិក ស្តីបន្ទោសចំៗទៅទីក្រុងតេហេរ៉ង់។ មិនទុកយូរ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ ក៏ចេញមុខបដិសេធហើយហៅការចោទប្រកាន់នេះថា “គ្មានមូលដ្ឋានទាល់តែសោះ”។
កប៉ាល់ MV Chem Pluto ជាកប៉ាល់ផ្ទុកប្រេងនិងសារធាតុគីមី ដោតទង់ជាតិលីបេរីយ៉ា គ្រប់គ្រងដោយជប៉ុន និងហូឡង់ ខណៈក្រុមហ៊ុនសន្តិសុខដែនសមុទ្រអង់គ្លេស Ambrey អះអាងថា កប៉ាល់នេះមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ប៉ុន្តែមិនបញ្ជាក់ព័ត៌មានលម្អិតឡើយ។

តាមការចុះផ្សាយរបស់សារព័ត៌មាន, កប៉ាល់នេះបានចេញដំណើរពីអារ៉ាប៊ីសាអូឌីត ហើយឆ្ពោះទៅកំពង់ផែ Mangalore នៅភាគខាងត្បូងប្រទេសឥណ្ឌា ពេលការវាយប្រហារកើតឡើង ហើយបន្ទាប់ពីកើតហេតុ នាវាឆ្មាំសមុទ្រឥណ្ឌាមួយគ្រឿង ក៏បានអមដំណើរ MV Chem Pluto ទៅកាន់ទីក្រុងបុមបៃកាលពីថ្ងៃចន្ទ។
ក្រោយមក កងទ័ពជើងទឹកឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍ថា “ព្រោះតែវិវាទនៃការវាយប្រហារនាពេលថ្មីៗក្នុងសមុទ្រអារ៉ាប់ កងនាវាចរឥណ្ឌា បានសម្រេចចិត្តដាក់ពង្រាយនាវាពិឃាដបំពាក់មីស៊ីល INS Mormugao INS Kochi និង INS Kolkata ទៅក្នុងតំបន់ផ្សេងៗដើម្បីកម្លាចសត្រូវ”។

កងទ័ពជើងទឹកបន្ថែមថា ខ្លួនក៏កំពុងបើកប្រតិបត្តិការហោះហើរយន្តហោះឈ្លបយកការណ៍ដែនសមុទ្ររយៈចម្ងាយឆ្ងាយជាប្រចាំផងដែរ ដើម្បីតាមដានស្ថានភាពឲ្យជាប់។
សូមបញ្ជាក់ ឥណ្ឌា ជាប្រទេសពឹងផ្អែកយ៉ាងខ្លាំងលើការដឹកជញ្ជូនប្រេងឥន្ធនៈពីមជ្ឈិមបូព៌ា ជាពិសេសពីអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់ ដូច្នេះ ការរំខានណាមួយនៅក្នុងផ្លូវនេះ ច្បាស់បង្កបញ្ហាសម្រាប់ប្រទេសឥណ្ឌាជាក់ជាមិនខាន។
ហេតុការណ៍ខាងលើ ក៏កើតឡើងផងដែរ បន្ទាប់ពីទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក និយាយថា កប៉ាល់ពាណិជ្ជកម្មយ៉ាងតិច១៥គ្រឿង ត្រូវរងការវាយប្រហារដោយពួកសកម្មប្រយុទ្ធ ហ៊ូធី ក្នុងសមុទ្រក្រហម នារយៈពេលពីរខែកន្លងមកនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


