ព័ត៌មានអន្ដរជាតិ
លក្ខណៈពិសេសរបស់នាវារុស្ស៊ីទាំង៣គ្រឿង ដែលនឹងមកកម្ពុជា នៅចុងសប្តាហ៍នេះ
តាមការគ្រោងទុក នាវារុស្ស៊ី៣គ្រឿង នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ដល់៩ខែមេសាឆ្នាំ២០២៦ ខណៈបើយោងតាមប្រភពពីកងទ័ពជើងទឹកកម្ពុជា, ដំណើរមកដល់នេះ គឺជាបេសកកម្មឈ្វេងយល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

នាវាទាំង៣នោះមានដូចជា នាវាចម្បាំង Gromkiy អមជាមួយនាវាមុជទឹក Petropavlovsk-Kamchatsky និងនាវាសណ្តោង Andrey Stepanov។
តើនាវានីមួយៗមានលក្ខណៈពិសេសអ្វីខ្លះ?
🛑នាវាចម្បាំង Gromkiy

យោងតាមគេហទំព័រ Naval Technology, Gromkiy គឺជានាវាចម្បាំងធុនស្រាលទំនើបបំផុតមួយរបស់កងទ័ពជើងទឹករុស្ស៊ី ស្ថិតក្នុងថ្នាក់ Steregushchiy។ វាត្រូវបានបង្កើតឡើងដើម្បីបំពេញបេសកកម្មនៅតំបន់សមុទ្រក្បែរឆ្នេរ (Littoral zone) និងមានសមត្ថភាពខ្ពស់ក្នុងការវាយលុកទាំងលើទឹក ក្រោមទឹកនិងលើអាកាស។
នាវានេះត្រូវបានសង់ឡើងដោយប្រើប្រាស់សម្ភារៈសមាសធាតុពិសេស ជាមួយរូបរាងដែលជួយកាត់បន្ថយការចាប់សញ្ញាពីរ៉ាដា ធ្វើឲ្យសត្រូវពិបាករកឃើញ។
Gromkiy មានបណ្តោយ១០៤.៥ ម៉ែត្រ, ទទឹង១៣ម៉ែត្រ និងមានទម្ងន់ផ្ទុកពេញ ប្រហែល ២ ២២០ តោន។ វាអាចផ្ទុកកងទ័ពបានប្រហែល ៩០ ទៅ ១០០ នាក់។
វាមានសមត្ថភាពរត់បានល្បឿនអតិបរមាប្រហែល៥០គីឡូម៉ែត្រ/ម៉ោង ដោយអាចធ្វើដំណើរបានចម្ងាយប្រហែល ៧ ៤០០គីឡូម៉ែត្រ (ក្នុងល្បឿនសន្សំសំចៃ)។
Gromkiy បំពាក់ដោយមីស៊ីលប្រឆាំងនាវា Kh-35 Uran ចំនួន៨គ្រាប់ ដែលមានរយៈចម្ងាយរហូតដល់២៦០គីឡូម៉ែត្រ។ វាមានប្រព័ន្ធការពារអាកាស Redut VLS (១២ បំពង់បាញ់) ដែលអាចបាញ់មីស៊ីលរយៈចម្ងាយមធ្យម និងជិត ដើម្បីកម្ទេចយន្តហោះ ឬមីស៊ីលសត្រូវ។
វាថែមទាំងបំពាក់កាំភ្លើងស្វ័យប្រវត្តិក្បាលនាវាប្រភេទ A-190 ទំហំ ១០០មិល្លីម៉ែត្រ ដែលអាចបាញ់បាន ៨០ គ្រាប់ក្នុងមួយនាទី និងកាំភ្លើងយន្តហោះ AK-630M ចំនួន ២ ដើម សម្រាប់បាញ់កម្ទេចគោលដៅដែលមកក្បែរនាវា ព្រមទាំងប្រព័ន្ធតូរពីដូ (Torpedo) ប្រភេទ Paket-NK ដែលអាចប្រើសម្រាប់កម្ទេចទាំងនាវាមុជទឹក និងការពារពីតូរពីដូរបស់សត្រូវ ផងដែរ។
លើសពីនេះ នាវាចម្បាំងនេះ មានចំណតសម្រាប់ឧទ្ធម្ភាគចក្រ Ka-27 មួយគ្រឿងចុះចត សម្រាប់ជួយក្នុងការរុករក និងវាយប្រហារនាវាមុជទឹកផងដែរ។
🛑នាវាមុជទឹក Petropavlovsk-Kamchatsky

យោងតាមគេហទំព័រ Weapon Systems, នាវាមុជទឹក Petropavlovsk-Kamchatsky ស្ថិតក្នុងថ្នាក់ Improved Kilo ដែលអង្គការណាតូ ដាក់រហស្សនាមឲ្យថា «Black Hole» ព្រោះតែវាមានសមត្ថភាពធ្វើចលនាក្រោមទឹកដោយស្ងាត់បំផុត រហូតដល់រ៉ាដាសត្រូវពិបាកនឹងរកឃើញ។
ជាមួយនឹងប្រវែង ៧៤ម៉ែត្រនិងល្បឿន ៣៧.០៤ គីឡូម៉ែត្រ/ម៉ោង, Petropavlovsk-Kamchatsky ដើរដោយម៉ាស៊ីនម៉ាស៊ូត-អគ្គិសនី (Diesel-Electric) មានទម្ងន់ផ្ទុក ២ ៣៥០ តោន (លើទឹក) និង ៣ ៩៥០ តោន (ក្រោមទឹក), មុជបានជម្រៅអតិបរមា ៣០០ ម៉ែត្រ អាចស្ថិតនៅក្រោមទឹកបាន ៤៥ ថ្ងៃជាប់គ្នា ដោយមិនបាច់ឡើងមកលើ។
ចំណុចដែលធ្វើឲ្យ Petropavlovsk-Kamchatsky ខុសពីនាវាមុជទឹក Kilo-class ជំនាន់ចាស់ គឺការបំពាក់អាវុធទំនើបៗជាង។ នាវាមុជទឹកនេះ បំពាក់ដោយមីស៊ីល Kalibr-PL បាញ់ចេញពីបំពង់តូរពីដូ។ មីស៊ីលនេះអាចវាយប្រហារគោលដៅលើដីគោកបានចម្ងាយរហូតដល់ ២ ៥០០ គីឡូម៉ែត្រ។ មិនត្រឹមប៉ុណ្ណឹង វាក៏អាចដឹកមីនសមុទ្របានចំនួន ២៤ គ្រាប់ផងដែរ។
🛑នាវាសណ្តោង Andrey Stepanov

យោងតាមប្រភពពីគេហទំព័រ Marine Traffic, Andrey Stepanov គឺជាប្រភេទនាវាជំនួយពហុបំណងទំនើបបំផុតមួយរបស់កងទ័ពជើងទឹករុស្ស៊ី ស្ថិតក្នុងគម្រោង Project 23470។ វាត្រូវបានរចនាឡើងមិនត្រឹមតែសម្រាប់សណ្តោងនាវាប៉ុណ្ណោះទេ ប៉ុន្តែទាំងសម្រាប់បេសកកម្មសង្គ្រោះ និងផ្គត់ផ្គង់នៅមហាសមុទ្រឆ្ងាយៗផងដែរ។
វាមានបណ្តោយ ៦៩.៧ ម៉ែត្រ, ទទឹង ១៥ ម៉ែត្រ, ល្បឿនអតិបរមាប្រហែល ២៦ គីឡូម៉ែត្រ/ម៉ោង ជាមួយរយៈចម្ងាយប្រតិបត្តិការប្រហែល ១៤ ៨០០ គីឡូម៉ែត្រ។
Andrey Stepanov មានទម្ងន់ផ្ទុកប្រហែល ៣ ២០០ តោន អាចប្រតិបត្តិការនៅកណ្ដាលសមុទ្របាន ៣០ ថ្ងៃ ជាប់ៗគ្នា។
នាវានេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យាសម្រាប់បេសកកម្មចម្រុះដូចជាសំបកនាវាប្រភេទ Arc4 ដែលអនុញ្ញាតឲ្យវាធ្វើដំណើរឆ្លងកាត់ទឹកកកដែលមានកម្រាស់រហូតដល់ ០.៦ ម៉ែត្រ (ស័ក្តិសមសម្រាប់តំបន់ប៉ូល)។
វាបំពាក់ដោយកាំភ្លើងបាញ់ទឹកកម្លាំងខ្លាំង សម្រាប់ជួយពន្លត់អគ្គិភ័យលើនាវាផ្សេងទៀត និងមានឧបករណ៍បូមទឹកចេញពីនាវាដែលជិតលិច។ វាមានដងស្ទូចធំនៅផ្នែកខាងក្រោយដែលអាចលើកទម្ងន់បានរហូតដល់ ២០ តោន សម្រាប់លើកដាក់ទំនិញ ឬសម្ភារៈជួសជុល។
Andrey Stepanov មានទាំងទីលានចុះចតឧទ្ធម្ភាគចក្រនៅផ្នែកខាងក្រោយនាវា ដើម្បីដឹកអ្នករបួស ឬដឹកជញ្ជូនសម្ភារៈបន្ទាន់ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


