ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធ«បុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និង សម្ដេចតេជោ ហ៊ុន សែន កាលពីនៅកុមារ»
ឯកឧត្ដម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «បុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនៅពីកុមារ» កាលពីព្រឹកថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៤ នៅស្ពានពាមទេរ ស្ថិតក្នុងភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «បុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនៅពីកុមារ» នេះ មានការនិមន្តចូលរួមពីព្រះមេគណខេត្តក្រចេះទាំងពីរគណៈ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្ដម សមាជិក ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋ សរុបចំនួន ២,១៤០ អង្គ/នាក់ ផងដែរ។

ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សាងសង់ លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានសង្ខេបអំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ សក្ដានុពល ការអភិវឌ្ឍ និងការងារសាងសង់បុស្បុករូបសំណាក ព្រះគ្រូធម្មាចារ្យ គឹម ច្រែង និង សម្ដេចតេជោ កាលពីកុមារ។

លោក វ៉ា ថន បានបញ្ជាក់ឲ្យដឹងថា «សម្រាប់ខេត្តក្រចេះ ក្នុងពេលកន្លងទៅ សម្ដេចតេជោ បានយកចិត្តទុកដាក់ និងជួយទំនុកបម្រុងជីវភាពចំពោះប្រជាជនទូទៅ និងបានខិតខំយកអស់កម្លាំងកាយចិត្តស្វែងរកប្រភពធនធានមកអភិវឌ្ឍន៍នៅក្នុងទឹកដីខេត្តក្រចេះ ដោយប្រើប្រាស់ទាំងថវិការដ្ឋ ថវិកាផ្ទាល់ខ្លួន និងជំនួយពីប្រទេសជាមិត្ត បង្កើតបានជាសមិទ្ធផលជាច្រើន ពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជា ៖ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ផ្លូវលំក្រាលក្រួសក្រហម ផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង និងស្ពានថ្មបេតុង ព្រមទាំងសមិទ្ធផលនានា ដែលជាទ្រព្យដ៏មហាសាលជូនដល់ប្រជាជនក្នុងខេត្តក្រចេះ។ ប្រជាជនក្នុងខេត្តក្រចេះ សូមចារឹកទុកក្នុងបេះដូងនូវសមិទ្ធផល ជាប្រវត្តិសាស្ត្រ នៃយុគសម័យតេជោដ៏រុងរឿង»។

លោក វ៉ា ថន បានបន្តថា បុស្បុករូបសំណាកនេះ គឺជាការបង្ហាញការនឹករលឹក បដិបត្តិ និងចងចាំអំពីប្រវត្តិតស៊ូរបស់ សម្ដេចតេជោ ជាកូនកសិករម្នាក់ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលបានពុះពារខិតខំប្រឹងប្រែងរៀនសូត្រ និងបន្តការសិក្សានៅវត្តនាគវ័ន្ត រាជធានីភ្នំពេញ ដោយស្នាក់អាស្រ័យ និងទទួលការមើលថែ ផ្គត់ផ្គង់ពីព្រះគ្រូធម្មាចារ្យ គឹម ច្រែង។ រូបសំណាក ព្រះគ្រូធម្មាចារ្យ និង សម្ដេចតេជោ កាលនៅពីកុមារ ត្រូវបានសាងសង់ឡើង ដើម្បីទុកជាការរំលឹក និងចងចាំអំពីប្រវត្តិរបស់ សម្ដេចតេជោ កាលនៅពីកុមារ ដែលធ្លាប់រស់នៅជាមួយ ព្រះគ្រូធម្មាចារ្យ។ ក្នុងនោះ ដោយរូបសំណាកពីមុនធ្វើពីបេតុង(សាងសង់រួចរាល់ ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០០៣) មានសភាពចាស់ទ្រុឌទ្រោម ទើប សម្ដេចតេជោ បានណែនាំឲ្យរៀបចំសាងសង់ឡើងជាថ្មី ដែលធ្វើឡើងពីស្ពាន់សុទ្ធ។

ជាមួយគ្នានេះ ឯកឧត្ដម ហ៊ុន ម៉ានី ក្នុងភាពជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននាំប្រសាសន៍ផ្ដាំផ្ញើការសួរសុខទុក្ខដល់ប្រជាពលរដ្ឋពីសំណាក់ សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជា សម្ដេចធិបតី នាយករដ្ឋមន្ត្រី ផងដែរ។

ឯកឧត្ដម ហ៊ុន ម៉ានី សង្កត់ធ្ងន់ថា សមិទ្ធផលកំពុងសម្ពោធនាពេលនេះ និងសមិទ្ធផលដទៃទៀត មិនអាចកើតឡើងបានឡើយ ប្រសិនបើគ្មានសន្តិភាព និងស្ថិរភាពនយោបាយ ដែល កម្ពុជា សម្រេចបានដោយលំបាក ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត។ លើមូលដ្ឋានគ្រឹះ នៃសន្តិភាពនេះ និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តរីកចម្រើន ដើម្បីប្រជាពលរដ្ឋគ្រប់រូប គ្រប់ជំនាន់ នឹងអាចបន្តទទួលបានប្រយោជន៍ពីសុខសន្តិភាព និងសមិទ្ធផល នៃការអភិវឌ្ឍថ្មីៗ ជាបន្តបន្ទាប់ទៀត។

ឯកឧត្ដម ហ៊ុន ម៉ានី បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី បានប្ដេជ្ញាបង្កើនសមិទ្ធផលនានាបន្ថែមទៀត ជូនសង្គមជាតិ និងប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋាន។ ចំពោះសមិទ្ធផលទាំងនោះ នឹងចូលរួមលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋគ្រប់ៗ រូប មិនថាជាមន្ត្រីរាជការ ឬជាប្រជាកសិករនោះទេ។ បន្ថែមនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្ដេជ្ញាចិត្តជំរុញជាអាទិភាពនូវគោលនយោបាយជាច្រើន ដែលនឹងសម្រេចជាប្រយោជន៍ រួមមាន ៖ ១.ការពង្រីក និងពង្រឹងគុណភាពសេវាថែទាំសុខភាពជូនដល់ប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋាន, ២.ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស, ៣.ការពង្រឹងគុណភាព សាលារដ្ឋ ពីមតេ្តយ្យសិក្សារហូតដល់វិទ្យាល័យ, ៤.ការផ្តល់ឱកាសដោយស្មើភាពដល់យុវជនមានសមត្ថភាពឲ្យក្លាយជាមន្ត្រីរាជការ តាមរយៈការប្រឡងដោយត្រឹមត្រូវ និងយុត្តិធម៌, ៥.គោលនយោបាយ និងសកម្មភាពជាច្រើនទៀត ដែលផ្តល់ប្រយោជន៍ដោយផ្ទាល់ ទៅប្រជាពលរដ្ឋ នៅតាមបណ្ដាមូលដ្ឋាន៕
អត្ថបទ ៖ ពិសី


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


